នយោបាយ
អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបតំណាងបក្សនយោបាយចំនួន៥ ទាក់ ទងផែនការកែលម្អប្រព័ន្ធបោះឆ្នោត
តំណាងគណបក្សនយោបាយចំនួន៥ រួមមាន គណបក្សភ្លើងទៀន, គណបក្សឆន្ទៈខ្មែរ, គណបក្សកែទម្រង់កម្ពុជា, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកម្ពុជានិយម (អវត្តមាន) នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានជួបជុំគ្នាធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញពីគោលបំណង និងផែនការ នៃការតស៊ូមតិលើការកែលម្អប្រព័ន្ធបោះឆ្នោត ដែលផែនការនោះមាន៨ ចំណុច។
បើតាមលោក សុន ឆ័យ តំណាងគណបក្សភ្លើងទៀនបានបញ្ជាក់ថា ចំណុចទាំង៨នេះ នឹងត្រូវលើកយកទៅពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ដែលមាន គ.ជ.ប និងក្រសួងមហាផ្ទៃជាដើម។ លោកថា ភាពមិនប្រក្រតីដែលធ្លាប់បានកើតឡើងកន្លងមកនេះ មានពាក់ព័ន្ធជាមួយ គ.ជ.ប និងស្ថាប័នផ្សេងទៀត ដូច្នេះក្រុមរបស់លោកនឹងជួបជាមួយស្ថាប័នទាំងនោះ ហើយរដ្ឋសភាផងដែរ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់តំណាងគណបក្សទាំង៥នោះ លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងថា មានចំណុចខ្លះមិនពាក់ព័ន្ធជាមួយ គ.ជ.ប ទេ ដូច្នេះលោកមិនអាចធ្វើអត្ថាធិប្បាយទេ។ ចំណែកបំណងចង់ឲ្យមានការកែទម្រង់សមាសភាព គ.ជ.ប នោះ លោក សោម សូរីដា អះអាងថា សមាសភាព គ.ជ.ប សុទ្ធតែត្រូវបានជ្រើសតាំងដោយរដ្ឋសភា ហើយបើចង់ធ្វើបែបនេះ លុះត្រាតែធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
ទាក់ទងការធានាភាពមិនលម្អៀងរបស់មន្ត្រី គឃ/សប និងគធ/ខប ទៅរកគណបក្សនយោបាយ លោក សោម សូរីដា អះអាងថា គ.ជ.ប បាននឹងកំពុងរៀបចំសមាសភាពនេះ ដើម្បីធានាឱ្យមានភាពមិនទៀងរបស់មន្ត្រីតាមរយៈការជំរុញឱ្យមន្ត្រីគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតគោរពឱ្យបាននូវច្បាប់ស្ដីពីការបោះឆ្នោតបទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត និងក្រមសីលធម៌របស់មន្ត្រីបោះឆ្នោត។
ចំពោះការបំពេញតួនាទីដោយអព្យាក្រិត្យ មន្ត្រីនៃស្ថាប័នជាតិមានតុលាការ យោធា នគរបាលជាតិ មន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់នោះ លោកថា វាជាសមត្ថកិច្ចរបស់ពួកគាត់ ប៉ុន្តែកន្លងមក គ.ជ.ប បានពិនិត្យឃើញថា ពុំមានអ្វីដែលបញ្ជាក់ថា មន្ត្រីទាំងអស់នោះ បំពេញកិច្ចការរបស់ខ្លួនដោយមិនអព្យាក្រឹតនោះទេ។
ដោយឡែកចំពោះការបំភិតបំភ័យ ក៏មិនមែនជាជំនាញសមត្ថកិច្ចរបស់ គ.ជ.ប ដែរ គឺជាការងាររបស់រាជរដ្ឋាភិបាល ប៉ុន្តែកន្លងទៅសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់បានបញ្ជាក់ហើយថា កិច្ចការនេះ គឺជាកិច្ចការដែលរដ្ឋាភិបាលធ្វើជាចាំបាច់ ដើម្បីធានារាល់សកម្មភាពទាំងអស់មិនឲ្យមានការបំភិតបំភ័យ ការគំរាម កំហែង ឬប៉ះពាល់ដល់សិទ្ធិសេរីភាព នៃការចូលរួមនយោបាយ របស់ប្រជាពលរដ្ឋនៅឡើយ ហើយនេះគឺជាការតាំងចិត្តរបស់រាជរដ្ឋាភិបាល។
មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនោះ អះអាងទៀតថា នៅក្នុងការបោះឆ្នោតប្រលងមក ដំណើរការបានប្រព្រឹត្តទៅដោយតម្លាភាព ដែលបានគោរព និងអនុវត្តតាមគោលការណ៍ ដែលមាននៅក្នុងច្បាប់បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ហើយក៏មិនមានបញ្ហាទាក់ទងទៅនឹងការមិនផ្ដល់លទ្ធផល នៃការបោះឆ្នោតនោះទេ ដោយកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ត្រូវបានបំពេញជា៣ច្បាប់ ហើយចែកទៅតាមទីតាំងដែលបានកំណត់។
ចំពោះការលើកឡើងពីការធ្វើឲ្យមានភាពងាយស្រួលលើបែបបទប្តឹងពីភាពមិនប្រក្រតីនោះ លោក សោម សូរីដា បានអះអាងថា ចំណុចនេះគណបក្សនយោបាយត្រូវសិក្សាទៅលើលក្ខខណ្ឌទូទៅរបស់ច្បាប់ ជាពិសេសភ្នាក់ងារគណបក្សនយោបាយត្រូវតែទទួលបាននូវការបណ្ដុះបណ្ដាល ដើម្បីឲ្យក្លាយទៅជាភ្នាក់ងារមួយ ដែលមានសមត្ថភាពពេញលេញក្នុងការតាមដានអនុវត្ត និងត្រួតពិនិត្យដំណើរការរបស់ គ.ជ.ប ។ លោកថា អ្វីដែលមាននៅក្នុងការណែនាំ នៃការដាក់ការទទួលពាក្យបណ្ដឹង មានលក្ខណៈពេញលេញហើយ ប៉ុន្តែអ្វីដែលនៅខ្វះខាតនោះ គឺភ្នាក់ងារគណបក្សនយោបាយទៅវិញទេ ដែលមិនបានបណ្ដុះបណ្ដាលភ្នាក់ងាររបស់ខ្លួនឱ្យបានពេញលេញ។ លោកថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត មិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប ទេ។
លោក សោម សូរីដា លើកឡើងដែរថា ឆ្នាំ២០២២នេះ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយត្រូវបានកែលម្អ តាមរយៈការធ្វើទំនើបកម្ម នៃការរៀបចំការបោះឆ្នោតរបស់ គ.ជ.ប ដោយបានរៀបចំឱ្យមានកម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ជាពិសេសការចុះឈ្មោះភ្នាក់ងារសង្កេតការណ៍របស់គណបក្សនយោបាយ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់