នយោបាយ
អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ
សភាអឺរ៉ុប បានចេញសេចក្តីសម្រេចថ្មីមួយចង់ឱ្យមានការសើរើប្រព័ន្ធអនុគ្រោះពន្ធEBA ដែលនៅសេសសល់ជាមួយកម្ពុជា។ ក្រុមអ្នកនយោបាយប្រឆាំង អ្នកវិភាគនៅក្រៅប្រទេស និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលលម្អៀងទៅរកក្រុមប្រឆាំង ហាក់រីករាយ និងសម្តែងការអបអរសាទរចំពោះសេចក្តីសម្រេចថ្មីរបស់សភាអឺរ៉ុបនេះ។ ប៉ុន្តែ លោក យឿន យឿត អ្នកតាមដានការអភិវឌ្ឍសង្គម និងនយោបាយកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចហើយចំពោះស្ថានភាពនេះ ហើយលោកជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកដែនអធិបតេយ្យរបស់ខ្លួនទៅដោះដូរជាមួយនឹងប្រព័ន្ធអនុពន្ធEBAរបស់អឺរ៉ុបឡើយ។

លោក យឿន យឿត បានលើកឡើងថា កាលពីពេលរំដោះខ្លួនចេញពីរបបប៉ុល ពត ប្រទេសកម្ពុជា ត្រូវបានហ៊ុមព័ន្ធដោយទណ្ឌកម្មសេដ្ឋកិច្ចគ្រប់ទិស ប៉ុន្តែ រដ្ឋាភិបាល និងប្រជាជនកម្ពុជា នៅតែអាចជម្នះបាន។ ចុះទម្រាំនៅពេលបច្ចុប្បន្ននេះ ហេតុអ្វីត្រូវភ័យខ្លាចនឹងរឿងនេះ។ លោកបានគូសបញ្ជាក់ថា ប្រជាជនកម្ពុជា មានភាពខ្លាំងក្លា រឹងមាំ ម្ចាស់ការ ព្រោះកំណើនសេដ្ឋកិច្ចរបស់កម្ពុជាកន្លងមក មានការកើនឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។
អ្នកតាមដានការអភិវឌ្ឍសង្គម និងនយោបាយរូបនេះ បានអះអាងថា៖«នៅពេលនេះ យើងអាចរស់បានដោយកម្លាំងខ្លួនឯង រាជរដ្ឋាភិបាលបានត្រៀមខ្លួនជាស្រេច ឬក៏បានគិតគូរពីបញ្ហានេះច្រើនឆ្នាំមកហើយក្នុងការចាក់គ្រឹះសេដ្ឋកិច្ចជាតិ ពីព្រោះថា រាជរដ្ឋាភិបាលដឹងច្បាស់ណាស់ថា ប្រព័ន្ធអនុគ្រោះពន្ធ នឹងត្រូវបាត់បង់ស្វ័យប្រវត្តិក្នុងពេលណាមួយ ដោយសារកម្ពុជាយើងបានចាកចេញពីស្ថានភាពជាប្រទេសក្រីក្រហើយនឹងទទួលបានឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងត្រៀមខ្លួនទទួលយកនូវប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០»។

គួរជម្រាបជូនថា ការអះអាងរបស់លោក យឿន យឿត នេះ មិនខុសពីអ្វីដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រ្តីបច្ចុប្បន្ននោះទេ ដែលតែងតែគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា មិនអាចយកអធិបតេយ្យរបស់ខ្លួនទៅដោះដូរជាមួយនឹងជំនួយណាមួយជាដាច់ខាត។ ជាពិត បញ្ហាប្រព័ន្ធអនុគ្រោះពន្ធEBAនេះ ចង់ ឬមិនចង់ វាគង់តែបាត់បង់នៅថ្ងៃណាមួយ ជាពិសេស នៅពេលដែលកម្ពុជាវិវត្តខ្លួនទៅប្រទេសមានចំណូលកម្រិតមធ្យម និងកម្រិតខ្ពស់។ ការបាត់បង់នេះទៀតសោត មិនមែនមានន័យថា កម្ពុជា បាត់បង់ទីផ្សារអឺរ៉ុបទេ គឺគ្រាន់តែទំនិញរបស់កម្ពុជានាំចេញទៅកាន់ទីផ្សារអឺរ៉ុប ត្រូវបង់ពន្ធដូចប្រទេសគេផ្សេងតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ អ្នកតាមដានការអភិវឌ្ឍសង្គម និងនយោបាយ លោក យឿន យឿត បានអះអាងថា ចំពោះបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា មិនបាននៅស្ងៀមនោះទេ ពោល គឺរាជរដ្ឋាភិបាល បានត្រៀម និងគិតគូររួចជាស្រេចហើយ។ ទី១. គឺរាជរដ្ឋាភិបាលកម្ពុជា បានពង្រឹង និងពង្រីកទីផ្សារនាំចេញទំនិញ និងការវិនិយោគក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ កម្ពុជា បានចាប់ផ្តើមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន កូរ៉េខាងត្បូង រួមទាំងការចូលជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ដែលមានសមាជិកសរុប១៥ប្រទេស។

ទី២. គឺការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសជាដៃគូទាំងនេះ បានធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជាបន្តកើនឡើងជាលំដាប់ ខណៈកម្ពុជាបានត្រៀមខ្លួនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌា ចក្រភពអង់គ្លេស អារ៉ាប៊ី សាអូឌីត និងក្រុមប្រទេសអូប៉ិចក្នុងការពង្រីកការនាំចេញបន្ថែមទៀត។ ទី៣. កម្ពុជា មានផែនការពង្រឹង និងពង្រីកធុរកិច្ច និងមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសមាជិកអាស៊ានទាំង១០ប្រទេស រួមទាំងប្រទេសធំជាច្រើនទៀត ដូចជា អូស្រ្តាលី ជប៉ុន និងនូវែល សេឡង់ជាដើម។
ជាមួយនឹងការលើកឡើងបែបនេះ លោក យឿន យឿត ក៏បានចំអកទៅកាន់ក្រុមអ្នកប្រឆាំងមួយក្ដាប់តូចដែលខិតចំប្រឹងប្រែងបំផ្លាញកម្ពុជា និងកំពុងរង់ចាំទះដៃអបអរសាទរនៅពេលអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាថា ពួកគេទាំងនោះ នឹងត្រូវខកចិត្ត ឈឺចិត្ត ស្អិតទ្រូង ពីព្រោះប្រជាជនកម្ពុជាជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលប្រសូតចេញពីការបោះឆ្នោតដែលបានបង្ហាញអំពីភាពរឹងមាំជាងពេលណាៗទាំងអស់ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
-
សន្តិសុខសង្គម២២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


