អ្នកនិពន្ធវ័យក្មេងម្នាក់បង្ហើបគន្លឹះ ៦ចំនុច ដើម្បីអាចក្លាយជាម្ចាស់ពានរង្វាន់ស្នាដៃតែងនិពន្ធ
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

កវីវ័យក្មេងម្នាក់បង្ហើបគន្លឹះ ៦ចំនុច ដើម្បីអាចក្លាយជាម្ចាស់ពានរង្វាន់ស្នាដៃតែងនិពន្ធ

បានផុស

នៅ

អ្នកនិពន្ធដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ជ័យលាភីធំៗនៅក្នុងការប្រកួតស្នាដៃតែងនិពន្ធ រយ:ពេល៣ឆ្នាំជាប់ៗគ្នា កញ្ញា លឹម ផាន់ណា បានចូលខ្លួនបង្ហើបគន្លឹះសំខាន់ៗ ៦ យ៉ាង ដើម្បីអាចក្លាយជាម្ចាស់ពានរង្វាន់ស្នាដៃតែងនិពន្ធ។ ថ្លែងប្រាប់មកកាន់អង្គភាពសារព័ត៌មានកម្ពុជាថ្មី កញ្ញាបានបង្ហើបថា តាមរយៈបទពិសោធផ្ទាល់ខ្លួនគន្លឹះក្នុងការទទួលបានជ័យលាភី ៦ចំណុចដូចតទៅ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
កញ្ញា លីម ផាន់ណា ម្ចាស់ជ័យលាភីប្រកួតស្នាដៃតែងនិពន្ធ

១. គ្រឹះផ្ទាល់ខ្លួន ៖ មានន័យថាត្រូវមានចំណេះ ដឹង ខ្លះៗ អំពី របៀប នៃការ និពន្ធ ដែលបានមក ពី ការរៀននៅស្ថាប័នបណ្ដុះបណ្ដាលផ្នែកនិពន្ធ និងបទពិសោធន៍នៃការ អនុវត្តការសរសេរ កន្លងមក។
មួយវិញទៀត ត្រូវយល់របៀបបង្កើត សាច់រឿង ខ្លឹមសារសំខាន់ក្នុង រឿង ចេះចងសាច់ រឿង លាក់ សាច់ រឿង ចេះចោទ និងដោះស្រាយ រឿងសមហេតុផល ព្រមទាំងមាន សមត្ថភាព ថ្លឹងថ្លែងពីចំនួន ទំព័រ ដែល សមស្រប នឹងទំហំនៃសាច់រឿងទាំងមូល។

២. ការ អាន ៖ ការអាន ច្រើននាំ ឱ្យរីក ចម្រើន ដល់ សមត្ថភាពនៃការ គិត តែបើ ចង់ដាក់ ប្រកួត ត្រូវជ្រើស យកស្នាដៃ ណាដែលមានគុណភាពមក អាន អាច ជា ស្នាដៃ ដែលធ្លាប់ជាប់ ជ័យលាភី និងស្នាដៃមាន បង្កប់ នូវតម្លៃឧត្តមគតិ (ផ្ដោតលើ សៀវភៅរឿង ដោយសារការប្រកួតប្រជែង ជាការបង្កើតនូវស្នាដៃអក្សរសិល្ប៍)។

៣. ចំណេះដឹងទូទៅ ៖ វាបាន មកពី សៀវភៅ ផ្សេងៗ និង ព្រឹត្តិការណ៍ សង្គម។ កាលណាដែលយល់ ពី រឿងរ៉ាវ សង្គម ច្រើន នោះជាចំណែកមួយ អាច សរសេរ នូវសាច់រឿងដែលឆ្លុះបញ្ចាំងពីតថភាព សង្គម មានគំនិតថ្មីៗច្រើនក្នុង ការសរសេរ (មិនមែននឹកឃើញតែរឿងស្នេហាអូនបង ឬ ស្នេហា ប្រកាន់ វណ្ណៈ ការតស៊ូ ចេញពី គ្រួសារក្រី ក្រ មករៀន នៅទីក្រុង ដែល ទាំងនេះ មានអ្នកនិពន្ធ សរសេរ ច្រើន។ ភាពដដែលៗ ក្នុង ស្នាដៃ ជាអ្វីដែលគួរតែចៀសវាង។)

៤. ឧត្តមគតិរឿង៖ រឿងត្រូវបាន បង្កប់នូវ តម្លៃ អភិវឌ្ឍ ឬ សារអប់រំ សំខាន់ៗអ្វីខ្លះ ដល់ អ្នកអាន។ គ្រប់សារអប់រំ សុទ្ធតែ ល្អ ប៉ុន្តែក៏ត្រូវប្រយ័ត្នដូច គ្នា ថាតើ សារដែលបង្កើត នោះ ចេញឆ្ងាយពីសាច់រឿងដែរ ឬទេ។ ទស្សនៈរបស់អ្នកនិពន្ធដែលបង្កប់ ក្នុងស្នាដៃត្រូវតែមាន ទម្ងន់ ឬឃ្លាឃ្លោង សន្ទនារវាងតួអង្គ និង តួអង្គ មិន មែនរាយមាយ ឥតប្រយោជន៍ដែលនាំឱ្យ ខាតទំព័រឡើយ។ សំខាន់ គឺខ្លីខ្លឹម សាច់រឿងទាំងមូលណែនល្អ។

៥) លក្ខខណ្ឌនៃការនិពន្ធ៖ តើត្រូវមានប៉ុន្មានទំព័រ? តើ ស្ថាប័ន នោះ តម្រូវឱ្យសរសេរ ពីអ្វី ? បើមាន ប្រធាន បទ ត្រូវសរសេរឱ្យ ត្រូវប្រធាន បទ តែ បើប្រធានបទសេរី គឺរឹតតែ ត្រូវ ប្រយ័ត្ន ពោល ចៀស វាងបង្កើតស្នាដៃដែល ច្រឡំ ជាមួយ អ្នកនិពន្ធដទៃ។ ការរក ឃើញ វិសេស ភាព ក្នុងស្នាដៃ ហើយ ឆ្លុះ បញ្ចាំងពីតថភាព សង្គមជាអ្វីដែលគួរគិត ក្នុងស្នាដៃ នីមួយៗ ពេលដាក់ប្រកួត។ អត្ថន័យ អត្ថរូប អត្ថរស គឺត្រូវតែមាន ស្នាដៃ ហើយក៏ជាអ្វីដែលស្ថាប័ននីមួយ ៗកំណត់។

៦) ពិនិត្យ និងផ្ទៀង ផ្ទាត់ឡើងវិញលើស្នាដៃរបស់ខ្លួន ឱ្យបាន ច្រើនដង ចៀស វាងមាន កំហុស អក្ខរាវិរុទ្ធ ឬ ចំណុច ណាមួយ ដែលអ្នកនិពន្ធចង់បំពេញបន្ថែម ឬដកចេញ។

ជ័យលាភីរបស់កញ្ញា លឹម ផាន់ណា រួមមាន៖

• ២០១១: ជ័យលាភីលេខ ៣ ផ្នែកសំណេរអត្ថបទ ស្តីអំពី “ការផ្សះផ្សាជាតិ និង តួនាទីយុវជន ក្នុងការផ្សះផ្សាផ្លូវចិត្តជនរងគ្រោះក្រោយរបបខ្មែរក្រហម” ដែលរៀបចំដោយអង្គការ YRDP
• ២០១២: ជ័យលាភីលេខ ២ ផ្នែកកំណាព្យ ក្រោមប្រធានបទ “អំណាចទឹកចិត្ត” ដែលរៀបចំដោយសមាគមអ្នកសាបព្រោះ (មានអ្នកគ្រូកែវ ចន្ទបូរណ៍ ជាអ្នកដឹកនាំ)
• ២០១៣: ជ័យលាភីលេខ ២ ផ្នែកទំនុកច្រៀង ស្តីអំពី “ធនធានធម្មជាតិ” ដែលរៀបចំដោយអង្គការ KYSD
(ជ័យលាភីចំនួនបីខាងលើនេះ មិនមានពាននោះទេ ប៉ុន្តែបានទទួលបណ្ណជ័យលាភី)
• នៅឆ្នាំ២០១៨: ទទួលបានជ័យលាភីលេខពីរ ផ្នែកកំណាព្យរឿង “ម្លប់ជីវិត” ពានរង្វាន់លីធាមតេង
រៀបចំដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
• ២០១៩: ជ័យលាភីលេខ ៣ ផ្នែករឿងខ្លី ពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យ ក្រោមប្រធាន
បទ “ពុទ្ធទស្សនៈក្នុងការអភិវឌ្ឍសង្គមខ្មែរ”
• ២០១៩: ជ័យលាភីលេខ២ ផ្នែករឿងខ្លី រង្វាន់មហោស្រពអក្សរសិល្ប៍លើកទី៣
• ២០១៩: ជយលាភីលេខ ១ ផ្នែកប្រលោមកំណាព្យរឿង “សោភ័ណស្រ្តី” ពានរង្វាន់
ព្រះនាងឥន្ទ្រទេវី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
• ២០២០: ជយលាភីលេខ ១ ផ្នែកកំណាព្យរឿង “មេគង្គដួងចិត្ត” ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ ដែលមានការចូលរួមពីប្រទេសមេគង្គទាំង៦ប្រទេស។

ក្រៅពីការតែងនិពន្ធ កញ្ញាលឹម ផាន់ណា ជានិស្សិតសិក្សាផ្នែកចិត្តវិទ្យាពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាបត្ររដ្ឋបាលពាណិជ្ជកម្មនៃសកលវិទ្យាល័យមេគង្គកម្ពុជា។ កញ្ញាបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកចិត្តវិទ្យា នៅឆ្នាំ២០១៥ពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

អ្នកនិពន្ធរូបនេះណែនាំថា បើយុវជនទាំងអស់ឬអ្នកមាននិស្ស័យនៅក្នុងការតែងនិពន្ធ ចង់បានជ័យលាភីស្នាដៃទាំងនេះ អាចចូលរួមនៅក្នុងការប្រកួតការតែងនិពន្ធ តាមរយ:ស្ថាប័នធំៗ ដែល មាន ការបើកប្រកួត ជារៀងរាល់ឆ្នាំរួមមាន៖

១. ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ពានរង្វាន់ព្រះនាង ឥន្ទ្រទេវី
២. ក្រសួងធម្មការនិងសាសនា ពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យ
៣. សមាគមអ្នកនិពន្ធខ្មែរ ពានរង្វាន់ទន្លេ មេគង្គ
ដោយអាចចូលទៅ Like Page របស់ ស្ថាប័នទាំង បី ខាងលើ
ផេកក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ផេកនាយកដ្ឋានសៀវភៅនិងការអាន ផេកវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
និងផេកសមាគមអ្នកនិពន្ធខ្មែរផងដែរ៕

អត្ថបទដោយ៖ ស្នង នេត្រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+១១ នាទី មុន

អំណាចផ្លូវ​ចិត្ត ពិត​ជា​អាច​ព្យាបាល​ជំងឺ​បាន

ព័ត៌មានជាតិ២០ នាទី មុន

ស្ពានដែកបាឡេត៍ កម្រាលឈើថ្មី ២៤ម៉ែត្រ នៅភូមិក្បាលខ្លា បានសម្ពោធដាក់ឲ្យប្រើប្រាស់ហើយនៅថ្ងៃនេះ

ព័ត៌មានជាតិ៣១ នាទី មុន

ពលរដ្ឋប្តឹងហាងយីហោ ចំការននោង មានការជួបជុំផឹកស៊ីឡូឡាបង្កការរំខានដល់អ្នកជិតខាង

ព័ត៌មានជាតិ៥៤ នាទី មុន

សមត្ថកិច្ច​បង្ក្រាប​បទល្មើស​លួច​ ឆក់​ ក្នុង​រាជធានី​​បានជិត១០០​នាក់​ ក្នុង១ខែ

ព័ត៌មានជាតិ១ ម៉ោង មុន

សាក្សី​​៖ ​ស្ត្រី​​ជន​ជាតិ​ចិន​​​បើក​ឡាន​ទំនើប​​​ បុក​បុរស​ម្នាក់​កំពុង​ដើរ​​​ រួច​ជ្រុល​​ទៅ​​បុក​ឡាន​​ផ្សេង​ ថយ​ក្រោយ​ប្រុង​រត់​ កិន​ជន​​រង​គ្រោះ​ថែម​​​ស្លាប់​​​ភ្លាម​ៗ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services