Connect with us

អាជីព

មិននឹកស្មានថា ​មេជាងរូបសំណាកស្ពាន់ធំជាងគេនៅកម្ពុជា មានប្រវត្តិសិក្សាបែបនេះ!

បានផុស

នៅ

“ការងារហ្នឹងខ្ញុំពិតជាមានមោទនភាពណាស់ ព្រោះបានធ្វើអ្វីដែលខ្ញុំបានប៉ងប្រាថ្នាតាំងពីតូច គឺខ្ញុំគិតថា ខ្ញុំកើតជាកូនខ្មែរ មុនខ្ញុំទៅវិញ (អស់ជីវិត) ខ្ញុំត្រូវបន្សល់ស្នាដៃនៅលើទឹកដីបុព្វបុរសរបស់ខ្ញុំ សម្រាប់កូនចៅខ្មែរជំនាន់ក្រោយដែរ។ ខ្ញុំបានធ្វើការងារប៉ុណ្ណេះ គឺខ្ញុំស្ងប់ចិត្តហើយ។”

នេះជាសម្ដីប្រកបដោយទំនុកចិត្ត ក្ដីរំភើប រួមទាំងស្នាមញញឹមរបស់បុរសម្នាក់វ័យ៤២ឆ្នាំ ដែលជាអ្នកគ្រប់គ្រងក្រុមសិប្បកម្ម នរៈសឹង្ហសិល្បៈខ្មែរ និងជាមេជាងដឹកនាំកសាងរូបសំណាក សីហរាជមុខបី ព្រះសិវៈ និង ព្រះថោងនាងនាគ ដែលមាន​​កម្ពស់ ពី៩ម៉ែត្រ ដល់ ២១ម៉ែត្រ និងជារូបសំណាក់ស្ពាន់មានទំហំធំជាងគេនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយកំពុងទទួលការចាប់អារម្មណ៍ពីមហាជនទូទៅគ្រប់មជ្ឈដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពេលកំពុងដឹកនាំក្រុមការងារដំឡើងរូបសំណាកស្ពាន់ ព្រះសិវៈ និងព្រះនាងឧមាភគវតី កម្ពស់៩ម៉ែត្រ នៅទីតាំងរង្វង់មូលស្ថិតនៅចំណុចប្រសព្វគ្នារវាងមហាវិថីរាម និង មហាវិថីឆ្នេររាម នៃខេត្តព្រះសីហនុ លោក សុខ ចំរើន បានឆ្លៀតពេលផ្ដល់បទសម្ភាសដល់ “កម្ពុជាថ្មី” ដោយលោកបានឱ្យដឹងថា ចំពោះការធ្វើរូបសំណាក់ស្ពាន់ធំជាងគេនៅកម្ពុជាពេលនេះ គឺលោកមិនបានគិតចង់បានកម្រៃ ឬផលចំណេញនោះទេ។ លោកគ្រាន់តែចង់មានស្នាដៃសម្រាប់ជាតិ និងព្រលឹងវប្បធម៌កេរដូនតាដែលបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ។​

លោក សុខ ចំរើន មានប្រសាសន៍ថា៖ “រូបសំណាកខ្ញុំធ្វើកន្លងមក មិនដែលមានធំបែបនេះហើយ ហើយរូបសំណាកស្ពាន់នៅស្រុកខ្មែរក៏មិនដែលមានទំហំធំដូចនេះដែរ ហើយក៏ជាការងារទីមួយរបស់ខ្ញុំដែរដែលបានធ្វើការងារហ្នឹង។ ប៉ុន្តែដោយសារខ្ញុំជំនាញខាងប្លង់ ខ្ញុំគូរប្លង់ មានក្បួនខ្នាតទៀតនោះ ដូចនេះអ្វីដែលខ្ញុំធ្វើគឺអត់ល្អៀងភ្លាវចេញពីក្បួនខ្នាតទេ”។

មេជាងរូបនេះបានឱ្យដឹងទៀតថា លោកមានជំនាញច្រើនលើផ្នែកសិល្បៈសូន្យរូប មានទាំងគំនូរ សូន្យរូបស៊ីម៉ងត៍ ចម្លាក់ឈើ ចម្លាក់ថ្ម រហូតចម្លាក់​ស្ពាន់ ឬជាងស្មិត (ជាងអ្នកសិតលោហជាតិឱ្យកើតបានជារូប ឬជារបស់ផ្សេងៗ)។

ពិតមែនហើយ ដំបូងឡើយ លោក សុខ ចំរើន បានសិក្សាជំនាញគំនូរសូន្យរូបទេ ប៉ុន្តែតើហេតុអ្វីលោកអាចចេះជំនាញជាច្រើនរហូតមានសមត្ថភាពកសាងដឹកនាំកសាងបដិមាស្ពាស់ធំជាងគេនៅកម្ពុជាបាន?

តទៅនេះ “កម្ពុជាថ្មី” នឹង​នាំប្រិយមិត្តមកដឹងពីប្រវត្តិសិក្សា បទពិសោធន៍ការងារ រហូតមេជាងចម្លាក់រូបនេះ អាចម៉ៅការ ព្រមទាំងជម្នះឧបសគ្គដើម្បីកសាងរូបចម្លាក់ស្ពាន់ដ៏ធំជាងគេនៅកម្ពុជានេះ។

ប្រវត្តិការសិក្សា

លោក សុខ ចំរើន បច្ចុប្បន្នរស់នៅ ក្រុងសៀមរាប ខេត្តសៀមរាប លោកកើតនៅខែតុលា ឆ្នាំ១៩៧៩ នៅសង្កាត់ផ្សារដើមថ្កូវ ក្រុងភ្នំពេញ។ គ្រួសាររបស់លោកមិនមានអ្នកចាប់ជំនាញសិល្បៈសូន្យរូបនេះទេ គឺមានតែជីតាខាងឪពុកដែលជាជាងចម្លាក់ដំណាក់ស្ដេចនៅខេត្តពោធិ៍សាត់ ប៉ុន្តែជីតារបស់លោកបានចែកឋានតាំងពីឪពុករបស់លោកនៅកំឡោះមកម្ល៉េះ។

មាននិស្ស័យពីកំណើតខាងគំនូរតាំងពីអាយុ ៤-៥ឆ្នាំ កុមារា សុខ ចំរើន ចេះគូររូបភាពផ្សេងៗលើដីបានយ៉ាងស្អាត រហូតទទួលការភ្ញាក់ផ្អើលពីញាតិមិត្តក្មេងចាស់។ ពេលនៅរៀនតាំងពីកម្រិតបឋម រហូតដល់មធ្យមសិក្សា លោកគ្រូអ្នកគ្រូតែងផ្ដល់ទំនុកចិត្តឱ្យសិស្ស សុខ ចំរើន ឡើងគូររូបក្នុងមេរៀនលើក្ដារខៀនជាប្រចាំ។  

បន្ទាប់ពីបញ្ចប់មធ្យមសិក្សាទុតិយភូមិ ពីវិទ្យាល័យ ទួលទំពូង នៅឆ្នាំ១៩៩៤ យុវជន សុខ ចំរើន បានប្រឡងជាប់​អាហារូបករណ៍ក្នុងចំណោមបេក្ខជនជាង៤០០នាក់ ដោយបានចូលសិក្សាជំនាញសិល្បៈសូន្យរូប សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រោយសារមន្ទីរជាតិ ភ្នំពេញ។

លោករំលឹកថា៖ “ពីដំបូងខ្ញុំរៀនផ្នែកគំនូរទេ។ នៅទីនោះមានរោងជាងចម្លាក់ឈើ ដោយសារការចូលចិត្ត ខ្ញុំឧស្សាហ៍ចូលចិត្តទៅមើលជាងចម្លាក់ឆ្លាក់ឈើនៅទីនោះ ហើយក៏បែកគំនិតចេះឆ្លាក់តិចតួចបន្ថែមទៀត”។

មេជាងវ័យ៤២ឆ្នាំរូបនេះ បន្តថា៖ “ប៉ុន្តែឆ្នាំ៩០ជាងហ្នឹង អ៊ុនតាក់នៅ គឺផ្នែកចម្លាក់មានទីផ្សាររកលុយបានច្រើនខាងគំនូរ។ រៀនបាន២ឆ្នាំ ពេលនោះខ្ញុំក៏ទៅចាប់ជំនាញចម្លាក់ថ្មមួយទៀត ដោយទៅរៀននៅ សារមន្ទីរ ខេត្តពោធិ៍សាត់ ដែលជាស្រុកកំណើតខាងឪពុក និងមានមាមីងនៅទីនោះដែរ គឺខ្ញុំរៀនជាមួយ លោកគ្រូ សុទ្ធ ដែលជាគ្រូខ្លាំងជើងចាស់”។

គួរបញ្ជាក់ថា លោក សុខ ចំរើន បានឆ្លៀតពេលបន្តការសិក្សា រហូតទទួលបានសញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកស្ថាបត្យកម្ម ក្នុងឆ្នាំ២០០៩។

បទពិសោធន៍ការងារ ផ្សារភ្ជាប់ចំណេះជំនាញថ្មីបន្ថែម

បន្ទាប់ពីរៀនជំនាញចម្លាក់ថ្មចប់នៅខេត្តពោធិ៍សាត់ជិត២ឆ្នាំ លោក សុខ ចំរើន បានចេញទៅធ្វើការនៅអង្គការ Our Home ជាអ្នកបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសជំនាញវិជ្ជាជីវៈផ្នែកចម្លាក់ ទៅដល់ក្មេងអនាថា។ ពេលធ្វើការនៅទីនោះជិតមួយឆ្នាំ​​ លោកបានបែកគំនិតចេញរកស៊ីជាអ្នកម៉ៅការ ផ្នែកតុបតែងលំអរស្ថាបត្យកម្មចម្លាក់ថ្ម ចម្លាក់ឈើ នៅខេត្តសៀមរាប គឺចាប់ផ្ដើមនៅសណ្ឋាគារ អង្គរបាលេសរីសត និងសណ្ឋាគារបុរីអង្គរ។

លោកមានប្រសាសន៍ថា៖ “នៅពេលនោះហើយ ខ្ញុំបានចាប់ផ្ដើមបែកចំណេះទៅលើការងារជាក់ស្ដែងដែលធ្វើការផ្ទាល់។ ដំបូងឡើយ ខ្ញុំចេញពីជាងចម្លាក់ថ្ម ដល់ពេលខ្ញុំចេញទៅម៉ៅការងារសណ្ឋាគារនៅសៀមរាប គឺចម្លាក់ខាងថ្មក៏ធ្វើ ចម្លាក់ខាងឈើក៏ធ្វើ ហើយពេលខ្លះតម្រូវការរបស់ម្ចាស់សណ្ឋាគារចង់បានចម្លាក់ស្ពាន់ អ៊ីចឹងខ្ញុំចេះតែស្រាវជ្រាវ ចេះតែរៀនសូត្រពីគ្រូចាស់ៗទៅ ក៏ចេះតែចេះគ្រប់មុខអ៊ីចឹងទៅ ទាំងគំនូរ សូន្យរូបស៊ីម៉ង់ ឆ្លាក់ថ្ម ឆ្នាក់ឈើ ធ្វើរូបស្ពាន់ និងគូរប្លង់ជាដើម តាមរយៈការសិក្សា ការងារ និងស្រាវជ្រាវ​​ជាង៣០ឆ្នាំមកនេះ”។

មេជាងចម្លាក់ស្ពាន់រូបនេះ បានរំលឹកថា កាលនោះនៅសៀមរាបមានកន្លែងចាក់ស្ពាន់មួយនៅក្រោយវត្តថ្មី លោកក៏ឧស្សាហ៍ទៅលេង និងមើលការងារជាងស្ពាន់នៅទីនោះ។ ម៉្យាងលោកមានជំនាញខាងសូន្យរូបផង រួមទាំងខិតខំស្រាវជ្រាវខ្លួនឯងបន្ថែមទៀត លោកក៏សាកធ្វើពុម្ព​​ ស្ល និងចាក់ស្ពាន់ជារូបព្រះពុទ្ធ ហើយទទួលបានជោគជ័យ លោកក៏ចាប់ផ្ដើមធ្វើការងារចម្លាក់ស្ពាន់បន្ថែមទៀតជាហូរហែរហូតមក។​

លោក សុខ ចំរើន បញ្ជាក់បន្ថែមថា៖ “រឿងចម្លាក់ស្ពាន់ ពេលយើងចេះសូន្យរូប យើងចេះធ្វើពុម្ព យើងអាចធ្វើចម្លាក់ស្ពាន់បានហើយ ចំណែកការស្លស្ពាន់ យើងដឹងរូបមន្ត ហើយស្រាវជ្រាវបន្ថែមទៀត ដូចនេះខ្ញុំអាចធ្វើបានតាមតម្រូវការម្ចាស់សណ្ឋាគារ”។​​

ឱកាសចូលរួមកសាងរូបសំណាកស្ពាន់ដ៏ធំជាងគេនៅកម្ពុជា និងការជម្នះឧបសគ្គ

ដោយសារតែធ្លាប់ឃើញការងារស្នាដៃចម្លាក់ស្ពាន់របស់លោក សុខ ចំរើន កន្លងមក លោកក៏ត្រូវបានទទួលការអញ្ជើញចូលរួមក្នុងការដេញថ្លៃសាងសង់រូបចម្លាក់ស្ពាន់ ក្នុងគម្រោងស្ថាបនាផ្លូវនៅខេត្តព្រះសីហនុ ហើយលោកក៏ដេញថ្លៃការងារកសាងរូបសំណាកស្ពាន់អង្គធំសម្រាប់តម្កល់នៅរង្វង់មូល៣ទីតាំង។

មេជាងរូបនេះលើកឡើងថា ដំបូងលោកចង់ស្លស្ពាន់ និងចាក់រូបស្ពាន់ទាំងនោះនៅកម្ពុជាទេ ប៉ុន្តែតាមទំហំការងារនៃការសាងសង់រូបសំណាកដ៏ធំទាំង៣រូបនេះ គឺត្រូវការពេលវេលា២៥ខែ ហើយគម្រោងឱ្យពេលវេលាតែ៦ខែ ដូចនេះលោកក៏សហការជាមួយក្រសួងវប្បធម៌ចិននៅខេត្ត គ័ងចូវ។

លោក សុខ ចំរើន បានឱ្យដឹងបន្ថែមថា៖ “សាស្ត្រាចារ្យជាអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ចិន បានចុះមកធ្វើការជាមួយខ្ញុំ៣ខែ ទើបគាត់យករូបប៉ាន់ (រូបគំរូ) ទៅស្លស្ពាន់ចាក់នៅប្រទេសចិន ព្រោះចិនមានរោចចក្រស្លស្ពាន់ដែលអាចស្លស្ពាន់បានច្រើន ក្នុងរយៈពេលខ្លី គឺ១ថ្ងៃអាចស្លស្ពាន់២០-៣០តោនក៏បាន ចំណែករោងជាងស្រុកខ្មែរយើងយ៉ាងច្រើន១ថ្ងៃ​​ស្លស្ពាន់ ៥០០គីឡូក្រមទេ”។​

លោក ចំរើន បានលើកឡើងថា សំណាកស្ពាន់ទាំងនេះគឺមានភាពប្រណិតតែជាង៨៥ភាគរយនៃការរំពឹកទុករបស់លោកតែប៉ុណ្ណោះ ព្រោះដោយសារលោកមិនអាចទៅដល់រោងចក្រនៅប្រទេសចិនបាន ដោយសារបញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ចំណេះមិនមែនមានតែសៀវភៅនៅសាលា

លោក សុខ ចំរើន បានលើកឡើងថា ក្រៅពីរៀនមូលដ្ឋានគ្រឹះសិល្បៈសូន្យរូបពីគ្រូ ពីសាលាដែលមានក្បួនខ្នាតត្រឹមត្រូវហើយ ជំនាញនេះគឺគួបផ្សំនឹងដុង ទេពកោសល្យ ពីកំណើតផង ទើបធ្វើឱ្យជំនាញកាន់តែច្បាស់លាស់ និងរឹងមាំ។

លោក បញ្ជាក់បន្ថែមថា៖ “ពេលទៅធ្វើការនៅសៀមរាបនោះ អ្វីដែលនាំឱ្យខ្ញុំបែកបញ្ញាកាន់តែច្រើន គឺបានពីការសិក្សាឈ្វេងយល់ផ្ទាល់នៅតាមរូបចម្លាក់ជាក់ស្ដែងនៅប្រាសាទអង្គរ បាយ័ន ប្រាសាទបន្ទាយស្រី និងប្រាសាទជាច្រើនទៀតដែលខ្ញុំបានស្រាវជ្រាវជាមួយគ្រូចាស់ៗ”។

លោក ចំរើន បានបង្ហាញអារម្មណ៍ត្រេកអរដោយឃើញកូនខ្មែរបច្ចុប្បន្នចាប់អារម្មណ៍ផ្នែកសិល្បៈច្រើន។ ជាមួយគ្នានេះលោកមានបំណងឱ្យកូនខ្មែរដែលមាននិស្ស័យផ្នែកសិល្បៈវប្បធម៌ បើចង់កែច្នៃ ​​សូមកែច្នៃពីមូលដ្ឋានសិល្បៈដូនតាខ្មែរ កុំយកសិល្បៈបរទេសហើយមកថាជារបស់ខ្លួនកែច្នៃ ព្រោះកេរមរតកដូនតាខ្មែរទោះប្រើ ឬស្រាវជ្រាវអស់មួយជីវិតក៏មិនអស់ផង។

លោក សុខ ចំរើន មានកូនទាំងអស់៦នាក់ គឺកូនប្រុស២នាក់ និងកូនស្រី៤នាក់។ កូនរបស់លោកក៏មាននិស្ស័យផ្នែកសិល្បៈដូចលោកដែរ ប៉ុន្តែលោកចង់ឱ្យកូនរៀនឱ្យចប់ថ្នាក់ទី១២សិន ទើប​​បណ្ដុះកូនសិក្សាជំនាញតាមចំណូលចិត្តរបស់ពួកគេនៅសាកលវិទ្យាល័យ ដោយមិនបង្ខំកូនទេ៕

អត្ថបទ៖ ច័ន្ទ វីរៈ

ព័ត៌មានពាក់ព័ន្ធ៖ មិនធម្មតា ពេលដឹងទម្ងន់ និងចំនួនជាងកសាងមហាបដិមាស្ពាន់ទាំង៣នៃខេត្តព្រះសីហនុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម