អាជីព
អ្នកលក់ផ្កាឈូក ម្ដុំព្រះអង្គដងកើ អាចរកចំណូលបាន ពី ៥ ទៅ ៦ ម៉ឺនរៀល ក្នុងមួយថ្ងៃ
ក្រុមអាជីវករ ដែលសុទ្ធសឹងជាអ្នកលក់ផ្កាឈូក នៅម្ដុំបរិវេណព្រះអង្គដងកើ បានប្រាប់ថា ពួកគាត់អាចរកប្រាក់ចំណូលបានចន្លោះពី ៥ ម៉ឺនរៀល ទៅ ៦ ម៉ឺនរៀល ចេញពីការលក់ផ្កាឈូក ទៀន ធូប និងរបស់របរផ្សេងៗ ទៀត ជារៀងរាល់ថ្ងៃ។

អ្នកស្រី សួន ស៊ុន អ្នកលក់ផ្កាឈូក នៅម្ដុំបរិវេណព្រះអង្គដងកើ បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា អ្នកស្រី ជាអ្នកលក់ផ្កាឈូក នៅម្ដុំបរិវេណព្រះអង្គដងកើនេះ អស់រយៈពេលជាង ៤ ឆ្នាំ មកហើយ។ អ្នកស្រី បន្ថែមថា គាត់អាចស្វែងរកប្រាក់ចំណូលចេញពីការលក់ផ្កាឈូក ទៀន និងធូប ផ្សេងៗទៀត ចន្លោះពី ៥ ម៉ឺនរៀល ទៅ ៦ ម៉ឺនរៀល ជារៀងរាល់ថ្ងៃ។ អ្នកស្រី សួន ស៊ុន សង្កេតឃើញថា ជារៀងរាល់ថ្ងៃសីល ឬ ថ្ងៃបុណ្យទានម្ដងៗ តែងតែឃើញមានមនុស្សយ៉ាងច្រើនកុះករ នាំគ្នាមកធ្វើបុណ្យ ថ្វាយផ្កាឈូក ជាមួយនឹង ទៀន ធូប ដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើនដល់ខ្លួនឯង និងក្រុមគ្រួសារ ជាដើម…។

យ៉ាងណាមិញ លោក ពៅ សុជាតិ អាយុ ២៨ ឆ្នាំ អ្នកលក់ផ្កាឈូក នៅម្ដុំបរិវេណព្រះអង្គដងកើ ដូចគ្នា ក៏បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងដែរថា លោកក៏ជាអ្នកលក់ផ្កាឈូកម្នាក់ក្នុងចំណោមអ្នកលក់ផ្កាផ្សេងទៀត ដែលចាប់យកមុខរបរលក់ ផ្កាឈូក ទៀន និងធូប ដើម្បីចិញ្ចឹមជីវិត។ លោក បន្ថែមថា មុខរបរលក់ផ្កាឈូក នេះ ធ្វើឱ្យលោក និងគ្រួសារ អាចចំណេញបានប្រាក់ចន្លោះពី ៥ ម៉ឺនរៀល ទៅ ៦ ម៉ឺនរៀល ក្នុងមួយថ្ងៃ។ ចំណែកនៅពេលមានបុណ្យទានធំៗ ដូចជា បុណ្យពិសាខបូជា និង មាឃបូជា ម្ដងៗ លោក និង គ្រួសារ អាចស្វែងរកប្រាក់ច្រើនជាងនេះដែរ ដោយសារតែ ថ្ងៃបុណ្យសាសនា និងបុណ្យជាតិផ្សេងៗទៀត សម្បូរទៅដោយអ្នកមកធ្វើបុណ្យ ទិញផ្កាឈូក ទៀន និង ធូប ដើម្បីយកទៅថ្វាយព្រះ តាមប្រពៃណី វប្បធម៌ និងសាសនារបស់ខ្មែរយើង ជារៀងរាល់ឆ្នាំ ផងដែរ។

ចំណែក អ្នកស្រី ទន សុខា អ្នកលក់ផ្កាឈូក នៅម្ដុំបរិវេណព្រះអង្គដងកើ ដូចគ្នា ក៏ប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា អ្នកស្រី ចាប់យកមុខរបរលក់ផ្កាឈូក តាំងពីជំនាន់អ្នកស្រី មានអាយុ ៧ ឆ្នាំ មកម្ល៉េះ។ គិតមកទល់ពេលនេះ អ្នកស្រី មានអាយុ ៣៧ ឆ្នាំហើយ។ អ្នកស្រី ទន សុខា បន្ថែមទៀតថា អ្នកស្រី ក៏មិនខុសគ្នាពីអ្នកលក់ផ្កាឈូក ដទៃទៀតដែរ ក្នុងមួយថ្ងៃ អាចរកប្រាក់ចំណូលបានចន្លោះពី ៥ ម៉ឺនរៀល ទៅ ៦ ម៉ឺនរៀល នេះបើគិតតាមថ្ងៃធម្មតាដែលមិនមែនជាថ្ងៃឈប់សម្រាក ឬ ថ្ងៃបុណ្យទាន។ អ្នកស្រី ទន សុខា បញ្ជាក់ទៀតថា នៅពេលមានបុណ្យទានម្ដងៗ ដូចជា ថ្ងៃសីល បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ និង បុណ្យសាសនា ជាដើមនោះ អ្នកស្រី អាចរកបានប្រាក់ចំណូលចាប់ពី ៨ ម៉ឺនរៀល ទៅ ១០ ម៉ឺនរៀល ពីព្រោះ ថ្ងៃបុណ្យទាំងនេះ សម្បូរទៅដោយមនុស្សម្នានាំគ្នាមកធ្វើបុណ្យនៅមុខព្រះអង្គដងកើនេះ យ៉ាងច្រើនកុះករ មិនថាក្មេង ឬចាស់ នោះឡើយ៕
អត្ថបទ ៖ សួស សិត



-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


