Connect with us

សន្តិសុខសង្គម

ជម្លោះរវាងម្ចាស់តាក់ស៊ី និងអ្នកដំណើរ នៅខេត្តកំពង់ចាម ជាករណីហិង្សា ពុំមែនប្លន់ទេ

បានផុស

នៅ

តាម​ការ​ស្រាវជ្រាវ​បឋម​លើ​អង្គហេតុ បន្ទាប់ពី​ជំនាញ​ធ្វើការ​សម្ភាសន៍​ជនរងគ្រោះ​ទាំង ២ នាក់ និង​ផ្អែក​តាម​ការ​ពិនិត្យ​នៅ​លើ​រថយន្ត គឺ​ពុំ​មាន​បាត់បង់​អ្វី​នោះ​ឡើយ។ ករណី​នេះ ជា​ករណី​ហិង្សា ដែល​កើតឡើង​រវាង​ភ្ញៀវ​ជា​អ្នកដំណើរ និង​ម្ចាស់​តាក់ស៊ី ពុំ​មែន​ជា​ករណី​ប្លន់​ទេ។ នេះ​បើ​តាម​លោក​ឧត្ដម​សេនីយ៍​ទោ ហេង វុទ្ធី ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ០៩ ខែ​តុលា ឆ្នាំ ២០២៥ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧត្ដមសេនីយ៍​ទោ ហេង វុទ្ធី បាន​ឲ្យ​ដឹង​ទៀត​ថា ផ្អែក​តាម​ការ​សាកសួរ​ចម្លើយ​ជនរងគ្រោះ​ទាំង ២ រូប បាន​បញ្ជាក់​ថា ពួកគាត់​បាន​សន្យា​គ្នា (​អ្នក​ជិះ និង​អ្នក​រត់​តាក់ស៊ី​) ក្នុង​តម្លៃ​មួយ ដើម្បី​ធ្វើ​ដំណើរ មក​ដល់​ខេត្ត​កំពង់ចាម។ លុះ​ពេល​ធ្វើ​ដំណើរ​មកដល់​ចំណុច​ខាងលិច​ស្ពាន​ស្ទឹង​ប្រយោល ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ជនសង្ស័យ ក៏បាន​ឲ្យ​ជនរងគ្រោះ​ជូន​ខ្លួន​ទៅកាន់​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​វិញ ប៉ុន្តែ​អ្នក​រត់​តាក់ស៊ី​មិន​យល់ព្រម ក៏​កើតមាន​អំពើ​ហិង្សា​នា​ពេលនោះ​តែម្ដង។

តាម​របាយការណ៍​កាលពី​វេលា​ម៉ោង ១០ និង ១៨ នាទី​យប់ ថ្ងៃ​ទី ០៨ ខែ​តុលា ឆ្នាំ ២០២៥ កម្លាំង​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ស្វែងរក​ជំនួយ​ពី​បុរស​ជា​អ្នក​រត់​តាក់ស៊ី​ម្នាក់​ថា ជនសង្ស័យ បាន​បង្ក​អំពើ​ហិង្សា​មក​លើ​ខ្លួន ដោយ​ប្រើប្រាស់​កាំបិត​ចុង​ស្រួច​ចាក់​ពីក្រោយ​បណ្ដាល​ឲ្យ​រង​របួស។ ក្រោយ​ទទួល​ព័ត៌មាន សមត្ថកិច្ច​បាន​ធ្វើការ​ស្វែងរក និង​ប្រទះឃើញ​រថយន្ត​របស់​ជនរងគ្រោះ​ម៉ាក​ព្រូស នៅ​ចំណុច​ភូមិ​ទួល​ពោន ឃុំ​មៀន ស្រុក​ព្រៃឈរ។ រីឯ ជនរងគ្រោះ ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម។

តាម​សាក្សី​ជា​​ព្រូ​ឡាន​ដែល​ធ្វើដំណើរ​ជាមួយគ្នា ប្រាប់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ប៉ះទង្គិច​ពាក្យសម្ដី​  ដោយសារ​ការ​តថ្លៃ​តម្លៃ​មិន​ត្រូវ​គ្នា។ ដំបូង​ជនសង្ស័យ​បាន​និយាយ​ឲ្យ​ជនរងគ្រោះ​ជូន​ខ្លួន​ទៅ​ដល់​ខេត្ត​កំពង់ចាម ក្នុង​តម្លៃ ១០ ដុល្លារ។ លុះ​ធ្វើដំណើរ​ដល់​ចំណុច​ស្ពាន​ស្ទឹង​ប្រយោល ក្នុងស្រុក​ព្រៃឈរ ជនសង្ស័យ​បាន​ឲ្យ​ជនរងគ្រោះ​ជូន​ទៅ​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ ហើយ​ក៏​កើត​ការ​ប៉ះ​សម្ដី​គ្នា និង​ធ្វើ​សកម្មភាព​ដក​កូនកាំបិត​ចាក់​តែម្ដង។ មកដល់ពេលនេះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម