Connect with us

សន្តិសុខសង្គម

នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិ​ចិន​៣​នាក់​ពាក់ព័ន្ធករណីបង្ខាំងជំរិតទារប្រាក់

បានផុស

នៅ

កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការស្រាវជ្រាវឈានដល់ចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ ជាជនជាតិចិន ពាក់ព័ន្ធករណីចាប់បង្ខាំង និងធ្វើទារុណកម្មចាប់ជំរិតទារប្រាក់ ដែលមានអង្គការចាត់តាំង ហើយធ្លាប់ធ្វើសកម្មភាពជាច្រើនករណីកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញរួមមានការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងអធិការដ្ឋាននគរបាលខណ្ឌចំការមន ដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យដើម្បីធ្វើការស្រាវជ្រាវនៅទីតាំងសង្ស័យមានករណីបង្ខាំងជំរិតទារប្រាក់នៅបន្ទប់លេខ៣៩-១០ ជាន់ទី៣៩,​បន្ទប់លេខ​៤០-០៩ ជាន់ទី៤០ សណ្ឋាគារ ហ័រ ហួយ គ័ន ស៊ី ជាន ថាង ហូថែល ឯ.ក ស្ថិតក្នុងអគារ ហ័រសាន អន្តរជាតិ ផ្លូវបើក ថ្មី ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។

លោកស្នងការបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងសមត្ថកិច្ចជំនាញបានរកឃើញជនរងគ្រោះឈ្មោះ LIANG TAO ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិចិន (រងរបួសធ្ងន់) ក្នុងបរិវេណសណ្ឋាគារខាងលើ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ា ជីវ៉ៃ ភេទប្រុស អាយុ៣២ ឆ្នាំជនជាតិចិន សញ្ជាតិខ្មែរ។ សមត្ថកិច្ចរកឃើញ វត្ថុតាង បន្សល់ទុកនៅកន្លែងកើតហេតុបន្ទប់លេខ ៤០-០៩ ជាន់ទី៤០ រួមមាន ឧបករណ៍សម្រាប់ឆក់ ពណ៌ខ្មៅ ចំនួន១គ្រឿង និងកំរាលតុ ពណ៌ប្រផេះ ចំនួន១កំរាល (ប្រើប្រាស់សម្រាប់គ្រប បាំងមុខជនរងគ្រោះ) និងបានបញ្ជូនមកស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីសាកសួរ។

ក្រោយមកសមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវស្វែងរកឃើញអត្តសញ្ញាណជនសង្ស័យដែលបានរត់គេចខ្លួនចំនួន២នាក់ទៀត (ជនដៃដល់) ទី១៖ ឈ្មោះ CHEN XIANGLIANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន និងទី២៖ ឈ្មោះ FU DONGDONG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន និងឃាត់ជនសង្ស័យ ចំនួន១នាក់ខាងលើ នាំខ្លួនមកកាន់ស្នងការដ្ឋានដ្ឋាននគរបាលរាជធានី។

លោកបានបន្ដថា យោងវត្ថុតាងដែលបានដកហូតពីកន្លែងកើតហេតុលទ្ធផល ស្រាវជ្រាវត្រួតពិនិត្យ និងតាមការស្តាប់ចម្លើយសមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន៣នាក់ បញ្ជូនទៅតុលាការ រួមមាន៖ ទី១៖ ឈ្មោះ ម៉ា ជីវ៉ៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន សញ្ជាតិខ្មែរ (អ្នកផ្សំគំនិត) ឃាត់បាននៅនឹងកន្លែង ទី២៖ ឈ្មោះ CHEN XIANGLIANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន សញ្ជាតិចិន (ជនដៃដល់) ឃាត់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ បាន ព្យាយាមលួចរត់ចេញទៅក្រៅប្រទេស ទី៣៖ ឈ្មោះ FU DONGDONG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន សញ្ជាតិចិន (ជនដៃដល់) ឃាត់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានព្យាយាមលួចរត់ចេញទៅក្រៅប្រទេស។

ជនសង្ស័យទាំង៣នាក់ បានសារភាពថា ខ្លួន និងបក្ខពួកពិតជាបានប្រព្រឹត្តបទល្មើសនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៦ ប្រាកដមែន។ ក្នុងចំណោមបក្ខពួកខាងលើ គឺនៅសល់បក្ខពួកមួយចំនួនទៀត ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនបន្ត។ ក្រុមជនសង្ស័យខាងលើបានរៀបចំគម្រោងផែនការគិតទុកជាមុន ដោយជនសង្ស័យឈ្មោះ CHEN XIANGLIANG បានណាត់ជនរងគ្រោះ មកជួបនៅបន្ទប់លេខ ៣៩-១០ ដែលជាបន្ទប់ បានកក់ទុករួចសម្រាប់បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់ពីជនរងគ្រោះឈ្មោះ LIANG TAO ហើយជនសង្ស័យឈ្មោះ ម៉ា ជីវ៉ៃ, FU DONG DONG និងបក្ខពួក រង់ចាំនៅក្នុងបន្ទប់លេខ ៣៩-១០ ជាមុន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអំពាវនាវដល់ជនរងគ្រោះផ្សេងទៀត មកដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចូលរួមកំចាត់ក្រុមឧក្រិដ្ឋជនខាងលើនេះ សំដៅធានាសុខសុវត្ថិភាព សណ្ដាប់ធ្នាបជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគជាតិ និងអន្តរជាតិ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម