សន្តិសុខសង្គម
ក្រសួងបរិស្ថាន ផ្អាកទីតាំងប្រមូលទិញជ័រកៅស៊ូបង្កក ៥កន្លែងនៅស្រុកមេមត់ ក្រោយរកឃើញថាបំពុលបរិស្ថាន
ទីតាំងអាជីវកម្មប្រមូលទិញជ័រកៅស៊ូបង្កកចំនួន ៥ទីតាំង នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានរកឃើញថា បានបង្កផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ ដោយសារក្លិនស្អុយ និងការគ្រប់គ្រងសំណល់រាវមិនបានត្រឹមត្រូវ។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងនៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកមេមត់ និងអាជ្ញាធរឃុំមេមត់។

ក្រុមការងារបានរកឃើញថា ទីតាំងអាជីវកម្មទាំងនេះបង្កក្លិនអាក្រក់ចេញពីកន្លែងស្តុកជ័រកៅស៊ូបង្កក និងពីរណ្តៅស្តុកសំណល់រាវ ដែលជាទឹកលាងសម្អាតក្នុងទីតាំង។ លើសពីនេះ ក្រុមហ៊ុនទាំងអស់បានគ្រប់គ្រងសំណល់រាវមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងច្បាប់ ដោយមិនមានអាងសម្អាត គ្រាន់តែប្រើរណ្តៅដីសម្រាប់ស្តុកទឹកសំណល់ប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ ទីតាំងអាជីវកម្មទាំង៥ ក៏ត្រូវបានរកឃើញថា បានដំណើរការដោយគ្មានកិច្ចសន្យាការពារបរិស្ថាន ដែលជាការរំលោភច្បាប់ពាក់ព័ន្ធ។

ដើម្បីទប់ស្កាត់ការបំពុលបន្តទៀត ក្រុមការងារក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ ដោយតម្រូវឲ្យទីតាំងអាជីវកម្មទាំងនោះផ្អាកសកម្មភាពជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មីពីក្រសួងបរិស្ថាន។ ព្រមទាំងដាក់ពិន័យអន្តរការណ៍ អនុលោមតាមមាត្រា៨២៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ពាក់ព័ន្ធនឹងការបង្កក្លិនស្អុយរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងការបញ្ចេញសំណល់រាវមិនត្រឹមត្រូវ ព្រមទាំងការបើកដំណើរការដោយគ្មានកិច្ចសន្យាការពារបរិស្ថាន ដែលល្មើសមាត្រា៦៦៨ និងអនុក្រឹត្យលេខ៧២ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រសួងបរិស្ថានក៏បានតម្រូវឲ្យម្ចាស់ទីតាំងនីមួយៗអនុវត្តវិធានការកែប្រែ ដោយរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវឲ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស ដើម្បីកាត់បន្ថយក្លិនស្អុយ និងទប់ស្កាត់ការបំពុលទឹកសាធារណៈ ឲ្យបានរួចរាល់ក្នុងរយៈពេល ៣ខែ។ លើសពីនេះ ត្រូវរៀបចំកិច្ចសន្យាការពារបរិស្ថាន និងដាក់ជូនក្រសួងបរិស្ថាន ដើម្បីពិនិត្យ និងអនុម័តឲ្យបានរួចរាល់ក្នុងរយៈពេល ៣ខែផងដែរ។

សូមបញ្ជាក់ថា ទីតាំងអាជីវកម្មប្រមូលទិញជ័រកៅស៊ូបង្កកទាំង ៥ ដែលត្រូវផ្អាកមិនឲ្យដំណើរការបណ្ដោះអាសន្ននេះរួមមាន៖ ទ១. នៅភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់ ទី២. ភូមិជាំម្អោរ ឃុំមេមត់ ស្រុកមេមត់ ទី៣. ភូមិជាំម្អោរ ឃុំមេមត់ ស្រុកមេមត់ ទី៤. ភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់ និងទី៥. ភូមិដក់ព័រ ឃុំទ្រៀក ស្រុកមេមត់៕



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


