Connect with us

សន្តិសុខសង្គម

អាវុធហត្ថខេត្តតាកែវ បន្តបង្ក្រាបមុខសញ្ញាគ្រឿង​ញៀន​៥នាក់ ដកហូតថ្នាំញៀន និងវត្ថុតាងមួយចំនួន

បានផុស

នៅ

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានបន្តបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀញ ដោយឃាត់បានមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន៥នាក់ និងដកហូតថ្នាំញៀនមួយចំនួន។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ៩និង៥៥នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស បានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិផ្សារជ្រែ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស។ ក្រោយការស៊ើបអង្កេត និងសាកសួរជនសង្ស័យ សមត្ថកិច្ចបានបន្តពន្លាតដែនប្រតិបត្តិការទៅដល់ខេត្តកណ្តាល។ លុះដល់វេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងសំពៅពូន និងស្ថិតក្រោមការសម្របសម្រួលនីតិវិធីពីលោក គុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ចុះបង្ក្រាបជាក់ស្តែងនៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិព្រែកសឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៥នាក់ រួមមាន៖១- ឈ្មោះ ស៊ាង លីវណ្ណា អាយុ៣៣ឆ្នាំ រស់នៅស្រុកអង្គរបូរី ខេត្តតាកែវ។ ២- ឈ្មោះ ធី ទីន អាយុ២២ឆ្នាំ រស់នៅស្រុកពាមជរ ខេត្តព្រៃវែង។ ៣- ឈ្មោះ គង់ សុជាតិ ហៅ កាក់ អាយុ២៩ឆ្នាំ រស់នៅស្រុកពាមជរ ខេត្តព្រៃវែង។ ៤- ឈ្មោះ ភី សុភាព ហៅ រី អាយុ៣៨ឆ្នាំ រស់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។ និង៥- ឈ្មោះ ស ចាន់ អាយុ២៥ឆ្នាំ រស់នៅស្រុកស្វាយលើ ខេត្តសៀមរាប។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៣កញ្ចប់ ទម្ងន់សរុប ៣៤៣.៨៩ក្រាម ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង, ដាវដែក២ដើម, ទូរស័ព្ទដៃ៨គ្រឿង, ម៉ូតូ២គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅក្នុងភូមិសាស្ត្រខេត្តតាកែវ កំពុងត្រូវបានអនុវត្តយ៉ាងសកម្ម និងជាបន្តបន្ទាប់ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សេង មហា ដែលបានដាក់បទបញ្ជាឱ្យកម្លាំងជំនាញបន្តបោសសម្អាតមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀនឱ្យអស់ពីមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។ ជនសង្ស័យទាំង៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តតាកែវ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម