សន្តិសុខសង្គម
បុរស ២ នាក់ បាត់បង់ជីវិត ដោយសារពុលត្រីក្រពត
បុរស ២ នាក់ ម្នាក់នៅខេត្តឧត្តរមានជ័យ និងម្នាក់ទៀតនៅខេត្តកំពង់ឆ្នាំងបានស្លាប់ ដោយសារពុលត្រីក្រពត។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៤ ក្រសួងបានប្រកាស ស្តីពីការបង្ការបញ្ហាសុខភាពបណ្តាលមកពីការពុលដោយបរិភោគត្រីក្រពត បន្ទាប់ពីមានករណីពុលត្រីក្រពតចំនួន៧នាក់ នៅខេត្តកំពង់ឆ្នាំងត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។

ប៉ុន្តែនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ មានបុរសម្នាក់ នៅខេត្តឧត្តរមានជ័យ បានស្លាប់ បន្ទាប់ពីបរិភោគត្រីក្រពត ហើយនៅថ្ងៃទី៨ មានបុរសម្នាក់ទៀត នៅខេត្តកំពង់ឆ្នាំង ក៏បានស្លាប់ បន្ទាប់ពីបរិភោគត្រីក្រពតផងដែរ។ ក្រសួងបញ្ជាក់ថា បុរសនេះ មិនមែននៅក្នុងចំណោមករណីទាំង ៧ នាក់មុនទេ។
ក្រសួងសុខាភិបាល សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទូចឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដើម្បីចៀសវាងបាននូវការពុលត្រីក្រពត បង្កជាបញ្ហាសុខភាពដែលអាចធ្វើឱ្យបាត់បង់ជីវិត ដោយ កុំបរិភោគត្រីក្រពតដែលមានជាតិពុល ពីព្រោះជាតិពុលនៅក្នុងខ្លួនត្រី អាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់។
ក្រសួងសុខាភិបាលបញ្ជាក់ថា ជាតិពុលនៅក្នុងខ្លួនត្រីក្រពតមិនអាចកំចាត់ចោលបានទេ ទោះបីជាបានចំអិន ឬដាក់ឱ្យកកក៏ដោយ។ ម្យ៉ាងទៀតត្រីក្រពតទាំង ៥ប្រភេទ ដែលមានជាតិពុល គឺមានជាតិពុលខ្ពស់បំផុតនៅរដូវពងកូនបន្តពូជ ដែលជាធម្មតាកើតឡើងនៅក្នុងខែកុម្ភៈ មីនា និងចន្លោះពី ខែកក្កដា ទៅខែកញ្ញា។
នៅពេលយើងបរិភោគត្រីទាំងនេះ ជាតិពុលបានជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ កណ្តាល និងអាចបណ្តាលឱ្យស្លាប់។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរ គឺពង និងស្គម របស់វាមានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺថ្លើម ពោះវៀន ស្បែក និងសាច់។
រោគសញ្ញា កើតក្រោយពីបរិភោគត្រីបែបនេះរយៈពេល ២០នាទីទៅ២ម៉ោង មានដូចជា រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅក្នុងអវៈយវៈ មានការពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្លឹកចុងដៃចុងជើង ក្អួត រាក ល្អិតថ្លៃ រឹងថ្គាម ឬអាចបណ្តាលឱ្យស្លាប់៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


