Connect with us

សន្តិសុខសង្គម

នគរបាលដង្កោបង្ហាញមុខក្មេងទំនើង ០២ នាក់ រហស្សនាម«ក្រុមក្រោយវត្ត» ពាក់ព័ន្ធករណីវាយជនរងគ្រោះ ០២ នាក់

បានផុស

នៅ

នគរបាល​ខណ្ឌ​ដង្កោ បង្ហាញ​មុខ​ជនសង្ស័យ ០២ នាក់ ចំណោម​បក្ខពួក ៣៥ នាក់ ដែល​ជា​ក្រុម​ក្មេង​ទំនើង​រហស្សនាម KV ហៅ​កាត់ «ក្រុម​ក្រោយ​វត្ត» ក្រោយ​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​យក​ដង​ឆត្រ​វាយ​លើ​ជនរងគ្រោះ ០២ នាក់ នៅ​សង្កាត់​ជើងឯក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្ហាញ​មុខ​នេះ​ដែរ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី ១៥ ខែ​សីហា ឆ្នាំ ២០២៥ ស្ថិត​នៅ​ខាងមុខ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ ផ្ទាល់​តែម្តង។

ជនសង្ស័យ​ទាំង ០២ នាក់ រួមមាន ៖ ០១-ឈ្មោះ ទ្រី ពន្លឺ ភេទ​ប្រុស អាយុ ២១ ឆ្នាំ , ០២-ឈ្មោះ អ៊ូ សុផល ហៅ ស ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​ក្អែក ឃុំ​សំរោង​ធំ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល។

លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការ​ខណ្ឌ​ដង្កោ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៥ វេលា​ម៉ោង ០២ និង ៤១ នាទី មាន​ករណី​ហិង្សា​ដោយ​ចេតនា ត្រង់​ចំណុច​ខាងត្បូង​របង​មណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ មាន​ជនសង្ស័យ​មួយ​ក្រុម​ប្រហែល ៣៥ នាក់ បាន​ធ្វើ​សកម្មភាព​យក​ដង​ឆត្រ​ព្រួត​គ្នា​វាយ​ទៅ​លើ​ជនរងគ្រោះ​ទាំង ០២ នាក់ រួច​ក្រុម​ជនសង្ស័យ​ក៏បាន​នាំគ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់។ ចំណែក​ជនរងគ្រោះ ក៏បាន​នាំគ្នា​ជិះ​ម៉ូតូ​ចេញពី​កន្លែង​កើតហេតុ​ទៅ​បាត់​មិន​បាន​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច និង​ដាក់​ពាក្យបណ្ដឹង​ឡើយ។ លុះ​មក​ដល់​ថ្ងៃ​ទី ១៣ ខែ​សីហា ឆ្នាំ ២០២៥ កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង​ដោយ លោក​វរសេនីយ៍ទោ ជា ហុក​សែ អធិការ​រង ចុះ​ទៅ​ស្រាវជ្រាវ​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ធំ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ ០២​ នាក់ រួមមាន​ម៉ូតូ​ ០១​ គ្រឿង និង ទូរស័ព្ទ​ដៃ ​០១​ គ្រឿង ត្រង់​ចំណុច​តារាង​បាល់ទះ ផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​សំរោង​ក្អែក ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល យក​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ។

តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្រុម​ជនសង្ស័យ​ក៏បាន​ធ្វើ​សកម្មភាព​ព្រួត​គ្នា​វាយ​បំផ្លាញ​ម៉ូតូ​របស់​អ្នក​ធ្វើដំណើរ​តាម​ផ្លូវ​ ៥០ ​ម៉ែត្រ រួច​បាន​ទៅ​ធ្វើ​សកម្មភាព​វាយ​ជនរងគ្រោះ​ទាំងពីរ​នាក់​ខាងលើ​តែម្ដង។ ក្រៅពី​សកម្មភាព​ខាងលើ​ ក្រុម​ជនសង្ស័យ ក៏​ធ្លាប់​បាន​ធាក់​ប្លន់​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​តាម​ដង​ផ្លូវ​ជាច្រើន​កន្លែង​ទៀត ហើយ​ក្រុម​ជនសង្ស័យ​ខាងលើ ជា​ក្រុម​ក្មេង​ទំនើង​ឈ្មោះ KV ហៅ​ក្រោយ​វត្ត។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ​០២​ នាក់ ត្រូវ​បាន​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម