Connect with us

កីឡា

លោក Peter Koo មើល​ឃើញ​បាល់ទាត់​កម្ពុជា​បច្ចុប្បន្ន​កំពុង​ឡើង​ខ្លាំង

បានផុស

នៅ

លោក Peter Koo នាយក​គ្រប់​គ្រង​ទូទៅ​ក្រុម​ហ៊ុន​ ខេមបូឌានព្រីមៀរលីគ (CPL) បាន​ចាត់​ទុក​កីឡា​បាល់ទាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​កំពុង​រីក​​ចម្រើន​ បន្ទាប់​ពី​លីគ​បាល់ទាត់​កំពូល​កម្ពុជា​កាន់​តែ​ល្អ​ប្រសើរ និង​មាន​ក្លិប​បាល់ទាត់​កម្ពុជា​មួយ​ចំនួន​អាច​​ប្រកួត​ប្រជែង​ជា​មួយ​ក្លិប​នៅ​ក្នុង​តំបន់។

លោក Peter Koo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​បទ​សម្ភាស​ជា​មួយ​«កម្ពុជា​ថ្មី» បុរស​សញ្ជាតិ​កូរ៉េ Peter Koo ដែល​បាន​រស់​នៅ​កម្ពុជា​តាំង​ពី​តូច បានលើក​ឡើង​ថា ជន​បរទេស​ភាគ​ច្រើន​អត់​សូវ​បាន​ដឹង​ពី​កីឡា​បាល់ទាត់​កម្ពុជា​ទេ ប៉ុន្តែកាល​ពី​ឆ្នាំ​មុន ពួក​គេ​បាន​ចាប់​អារម្មណ៍​ពី​បាល់ទាត់​កម្ពុជា បន្ទាប់​ពី​ក្លិប​​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ក្នុង​ពាន​រង្វាន់​អាស៊ី។

លោក​ថា ៖«​ខ្ញុំបាន​ប្រាប់​ប្រទេស​ជិត​ខាង​ដែរ​ថា អ្នក​នឹង​ដឹង​ មិន​យូរ​ទេ តិច​ទៀត​​អ្នក​នឹង​​កាន់​តែ​ដឹង​ពី​បាល់ទាត់​កម្ពុជា​។ ខ្ញុំ​​ធ្លាប់​ធ្វើ​បទ​បង្ហាញ​នៅ​ក្រៅ​ប្រទេសអំពី​បាល់ទាត់​កម្ពុជា​ដែរ។ តាម​ពិតទៅ បើ​យើង​​គិត​លើ​ទំហំ​សេដ្ឋកិច្ច ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក បាល់ទាត់ និង​សេដ្ឋកិច្ច ​ដើរ​ទន្ទឹម​គ្នា។ ​បើយើង​មើល GDP ឬ​សេដ្ឋកិច្ច​របស់​​ប្រទេស​កម្ពុជា​យើង ប្រៀប​ធៀប​ជា​មួយ​ប្រទេស​ផ្សេង​ៗ គឺ បាល់ទាត់​​​យើង​ល្អ​មែន​ទែន»។

លោក ជាន ចាន់រ៉ា សម្ភាស លោក Peter Koo

បុរស​ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​គ្រប់​គ្រង​ពាណិជ្ជកម្ម​​នៅ​សហរដ្ឋ​អាមេរិក​បាន​បន្ត​ថា ៖«កាល​ពី​ឆ្នាំ​មុន ក្លិបកម្ពុជា​យើង​បាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League។ ​មិន​មែន​តែ​ខ្ញុំ​ទេ​ដែល​​ភ្ញាក់​ផ្អើល​ មាន​អ្នក​ផ្សេង​​ច្រើន​បាន​ភ្ញាក់​ផ្អើល ហើយ​​​ប្រាប់​ខ្ញុំ​ថា លីគ​បាល់ទាត់​កម្ពុជា​បច្ចុប្បន្ន​ខ្លាំង​មែន​ទែន។​​ ទាំង​គុណភាព​ ក្រុម​​​ កីឡាករ ទី​លាន​​ ហើយ​ឆ្នាំ​នេះ ខ្ញុំ​យល់​ឃើញ​ថា កាន់​តែ​ពិសេស​ប្លែក​ជាង​ឆ្នាំ​មុន​ទៀត​ ពីព្រោះ​ក្លិប​នីមួយ​ៗ​នាំ​ចូល​កីឡាករ​ល្អៗ។ ​ក្លិប​​ក្រោម​ៗ​ក៏​អភិវឌ្ឍ​ខ្លាំង​ដែរ ដូច្នេះ​ការ​ប្រកួត​ប្រជែង​លីគ​កាន់​តែ​ខ្លាំង។ ខ្ញុំ​ជឿ​ជាក់​ថា ​កីឡា​បាល់ទាត់​កម្ពុជា​កំពុង​ឡើង​ខ្លាំង»។

ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ជើង​ឯក​រង AFC Challenge League

លោក Peter Koo ត្រូវ​បាន​តែង​តាំង​ជា​នាយក​គ្រប់​គ្រង​ទូទៅ ក្រុម​ហ៊ុនខេមបូឌានព្រីមៀរលីគ កាល​ពី​ខែ​កក្កដា ឆ្នាំ ២០២៤ បន្ទាប់​ពី​លោក​ធ្លាប់​ធ្វើ​​ជា​​អគ្គលេខាធិការក្លិបកីឡាបាល់ទាត់ ឡាយហ្វ ខេត្ត​ព្រះសីហនុ។

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង រដូវ​កាល​ថ្មី

លោក​​​ដែល​​រស់​នៅ​កម្ពុជា​ជា​មួយ​ឪពុក​ម្តាយ​តាំង​ពីទើប​អាយុ ២ ឆ្នាំ បានរៀនសាលាបឋមសិក្សា និងវិទ្យាល័យនៅរាជធានីភ្នំពេញ មុន​ពេល​ចេញ​ទៅ​សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងកីឡា Sport Management និង​អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម (MBA) នៅសហរដ្ឋអាមេរិក៕

ក្រុម​ភ្នំពេញ​ក្រោន រដូវកាល​ថ្មី

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម