អត្ថាធិប្បាយ
មតិអ្នកអាន៖ ខួប៣៤ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា
ជាង៣ទសវត្សកន្លងទៅ នៅរៀងរាល់ឆ្នាំនាខែតុលា ហាក់រំលឹកឡើងវិញដល់ស្រទាប់មនុស្សចាស់នៅកម្ពុជាដែលបានរស់រានមានជីវិត ហើយដែលធ្លាប់បានភ្លក្សរសជាតិនៃទុក្ខវេទនាដ៏សែនគ្រាំគ្រា មហាខ្លោចផ្សា ឱ្យចងចាំជាប់ជានិច្ចមិនអាចបំភ្លេចសោះឡើយពីព្រឹត្តិការណ៍អតីតកាលនៃមហន្តរាយវិនាសកម្មដោយសង្គ្រាម និងរបបប្រល័យពូជសាសន៍នៅលើទឹកដីមាតុភូមិដ៏សែនកម្សត់របស់ខ្លួន។

នៅខែតុលា ឆ្នាំ២០២៥នេះ ដោយការរំពើកបន្ថែមពីឧបទ្ទវហេតុនៃសង្គ្រាម៥ថ្ងៃជាមួយប្រទេសសៀម ការចងចាំនេះបានរំឭកជាថ្មីឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកាលពី៣៤ឆ្នាំមុន ដែលឥស្សរជននយោបាយជាន់ខ្ពស់នៃគ្រប់ភាគីប្រដាប់អាវុធស្នេហាជាតិកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ បរិយាកាសដែលនាំឱ្យមានកិច្ចព្រមព្រៀងនៅពេលនោះ មួយចំណែក គឺបានមកដោយសារភាពអំណោយផលនៃសណ្ដាប់ធ្នាប់ពិភពលោក (The World Order) ក្រោយសម័យសង្គ្រាមត្រជាក់(The Cold War) ដែលធ្វើឱ្យមានកុងសង់ស៊ុស (Consensus) ជាអន្តរជាតិនៃបណ្ដាប្រទេសទាំងធំ ទាំងមធ្យម ទាំងតូច ជាអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយសង្គ្រាមនៅកម្ពុជា។ មួយចំណែកសំខាន់ទៀត គឺដោយសារទឹកចិត្តស្នេហាជាតិបរិសុទ្ធរបស់ភាគីកម្ពុជាទាំង៤ដែលបានស្រុះស្រួលគ្នាក្នុងស្មារតីផ្សះផ្សា បង្រួបបង្រួមជាតិ ដើម្បីបញ្ចប់ជម្លោះផ្ទៃក្នុងនៅកម្ពុជា។ ជម្លោះនេះទៀតសោត កន្លងទៅត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយជាទូទៅ និងជាសាកលថា ជាសង្គ្រាមស៊ីវិលនៅកម្ពុជា។
ក្នុងនាមកូនខ្មែរមួយរូបដែលជាសាក្សីរស់នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ មុនបង្អស់ ខ្ញុំសូមលំឱនកាយគោរពព្រលឹង និងវិញ្ញាណក្ខន្ធបុព្វបុរស អ្នកស្នេហាជាតិ និងពលរដ្ឋរួមជាតិទាំងអស់ដែលបានស្លាប់បាត់បង់ជីវិតដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍នៅកម្ពុជា រួមទាំង ពលីកម្មរបស់វីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាជនខ្មែរដ៏ស្លូតត្រង់ក្នុងសង្គ្រាម៥ថ្ងៃកន្លងទៅថ្មីៗនេះផង។

ខ្ញុំសូមអនុញ្ញាតធ្វើការវិភាគដោយសង្ខេប និងចែករំលែកនូវការយល់ដឹងផ្ទាល់របស់ខ្លួនជុំវិញសង្គ្រាមជិត៣០ឆ្នាំនៅកម្ពុជា ចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩៨ ដូចខាងក្រោម៖
១. សង្គ្រាមផ្ទៃក្នុងនៅកម្ពុជាពិតមែនតែកើតឡើងពីជម្លោះផ្ទៃក្នុងនៃអ្នកស្នេហាជាតិកម្ពុជា ប៉ុន្តែ សង្គ្រាមនេះ ត្រូវបានអុចអាល ញុះញង់ បង្កាត់ បំពក់ដុតឱ្យឆាបឆេះ រោលរាល និងអូសបន្លាយដោយសារចំហាយឥទ្ធិពលនៃការប្រកួតប្រជែងដណ្ដើមភូមិសាស្ត្រនយោបាយ ឬនយោបាយភូមិសាស្ត្រ (Geopolitics) របស់មហាអំណាចពិភពលោកក្នុងសម័យសង្គ្រាមត្រជាក់ចន្លោះពីឆ្នាំ១៩៤៧ ដល់ឆ្នាំ១៩៩១។ តាំងពីដើមរៀងមក កម្ពុជាគ្រាន់តែជាអ្នករងគ្រោះដោយសារសង្គ្រាមត្រជាក់ ហើយនាពេលបច្ចុប្បន្ននេះទៀតសោត សន្តិភាពនៅកម្ពុជា ត្រូវបានគំរាមកំហែងដោយសង្គ្រាមដែលប្រទេសជិតខាងជាអ្នកបង្កឡើងតែប៉ុណ្ណោះ។
ក្រៅពីនេះ គេគួរតែសិក្សាបន្ថែមទៀតពីមូលហេតុជាបច្ច័យនៃគំនាបប្រវត្តិសាស្ត្រដែលជាមរតក(Legacy) បន្សល់ទុកដោយការធ្វើអាណានិគមនិយម(Colonization)របស់បរទេសមកលើកម្ពុជាតាំងពីយូរលង់ណាស់មកហើយ ជាអាទិ៍ កេរដំណែលដ៏សែនស្មុគស្មាញដែលជាបញ្ហាទំនាស់ព្រំដែន(Border Dispute) រវាងកម្ពុជាជាមួយប្រទេសជិតខាង។ ការពិត បណ្ដាប្រទេសមហាអំណាចពិភពលោកដែលពោរពេញទៅដោយអនុត្តរមហិច្ឆតា(Hegemonic Ambition)រៀងៗខ្លួន តែងតែមានបរិវារកូនជឹងដែលជាអនុមហាអំណាចតាមតំបន់ (Regional Hegemons)។ ហេតុនេះ ប្រទេសតូចដូចកម្ពុជាលំបាកគេចផុតពីចំហាយឥទ្ធិពលពីនយោបាយ និងពីមហិច្ឆតារបស់ពពួកទេវតាលោកិយខាងលើនេះណាស់។អព្យាក្រឹតភាព ឯករាជភាព និងបូរណភាពទឹកដីរបស់ប្រទេសតូចៗ គឺអាស្រ័យដោយប្រទេសធំជាអ្នកកំណត់ ព្រោះពួកគេជាអ្នករៀបចំ គ្រប់គ្រង កំណត់សណ្ដាប់ធ្នាប់ពិភពលោក ដែលបច្ចុប្បន្នបានផ្លាស់ប្ដូរទៅជាពិភពលោកពហុប៉ូល(Multipolar World) រួចទៅហើយ។
២. សង្គ្រាមផ្ទៃក្នុងកម្ពុជាមិនអាចបញ្ចប់បានសោះឡើយ ប្រសិនបើគុណតម្លៃជាប្រយោជន៍នៃការបញ្ចប់ជម្លោះផ្ទៃក្នុងកម្ពុជាមិនបានផ្ដល់ប្រយោជន៍ដល់ភាគីពាក់ព័ន្ធពីខាងក្រៅដែលជាប្រទេសមហាអំណាចពិភពលោក និងជាប្រទេសអនុមហាអំណាចតំបន់។ គុណតម្លៃជាប្រយោជន៍នេះផ្លាស់ប្ដូរ ប្រែប្រួល បត់បែនតាមពេលវេលា កាលៈទេសៈ និងបរិយាកាស ព្រោះវិធាននៃល្បែង(Rule of the Game) របស់អ្នកលេងភូមិសាស្ត្រនយោបាយគឺ “គ្មានទេមិត្ត គ្មានទេសត្រូវ មានតែប្រយោជន៍”។ លោក ហង់រី គីស៊ីងហ្គ័រ (Henry Kissinger) ជាអតីតរដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សាសន្តិសុខរដ្ឋបាលប្រធានាធិបតីអាមេរិក ដែលអាចចាត់ទុកថាជាអ្នកនយោបាយនៅពីក្រោយផ្ទាល់សង្គ្រាមឥណ្ឌូចិន វៀតណាម ឡាវ និងកម្ពុជា គាត់ធ្លាប់និយាយថា “America Has No Permanent Friends or Enemies, Only Interests” ប្រែមកថា “ អាមេរិកគ្មានមិត្តឬសត្រូវជាអចិន្ត្រៃយ៍ទេ មានតែប្រយោជន៍មួយប៉ុណ្ណោះ”។
៣. កត្តាកំណត់បញ្ចប់សង្គ្រាមផ្ទៃក្នុងកម្ពុជា គឺការចរចា ស្រុះស្រួល ព្រមព្រៀងគ្នារវាងភាគីខ្មែរស្នេហាជាតិ ទាំង៤ រួមមាន ភាគីរដ្ឋកម្ពុជា ភាគីរាជានិយម ភាគីសាធារណរដ្ឋ និងភាគីខ្មែរក្រហម។ ក្នុងនោះ ភាគីកំណត់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ គឺភាគីរដ្ឋកម្ពុជាដែលជាភាគីធំកាន់អំណាចពិតប្រាកដដោយបានគ្រប់គ្រងរចនាសម្ព័ន្ធរដ្ឋបាលជាក់ស្ដែងលើទឹកដី និងប្រជាជនជាង៩០%។ គេអាចស្រមៃឃើញយ៉ាងច្បាស់ថា ប្រសិនបើភាគីរដ្ឋកម្ពុជាគ្មានភាពស្មោះត្រង់ សុខចិត្តលះបង់ធ្វើសម្បទានច្រើនជាងគេ ក្នុងការចរចាធ្វើឱ្យមានការព្រមព្រៀង និងក្នុងការអនុវត្តកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមប្ដូរយកសន្តិភាពទេនោះ តើមានសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣តុលា បានឬទេ? ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយ ពេលចាប់ផ្ដើមអនុវត្ត ភាគីខ្មែរក្រហមបានដើរចោលកិច្ចព្រមព្រៀង។ ពេលនោះ ប្រសិនបើភាគីរដ្ឋកម្ពុជាដើរចោលវិញ តើបេសកកម្មដ៏ធំជាងគេក្នុងប្រវត្តិរបស់អង្គការសហប្រជាជាតិដែលមានកម្លាំងទ័ពមួកខៀវ និងមន្ត្រីស៊ីវិលជាង ១ម៉ឺន២ពាន់នាក់ និងបានចំណាយលុយអស់ជិត២ពាន់លានដុល្លារនៅពេលនោះ នឹងក្លាយទៅជាយ៉ាងណា? តើមានពន្លឺ ឬស្រមោលសន្តិភាពនៅកម្ពុជាដោយពិតប្រាកដបាន ឬទេ?

សរុបមកវិញ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ គ្រាន់តែជាឯកសារផែនការសន្តិភាព (Peace Plan) សម្រាប់ដោះស្រាយបញ្ហាកម្ពុជា។ វាក៏អាចជាផែនទីបង្ហាញផ្លូវ(Roadmap) សម្រាប់កម្ពុជាឆ្ពោះទៅកាន់ការបញ្ចប់សង្គ្រាមដោយខ្លួនឯង ដើម្បីបុព្វហេតុសន្តិភាព វឌ្ឍនភាព និងវិបុលភាពយូរអង្វែងរបស់កម្ពុជានាពេលក្រោយមកទៀតតែប៉ុណ្ណោះ។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗដែលបានកើតឡើងនៅកម្ពុជាក្នុងរយៈពេលជាង៣ទសវត្ស ក្រោយការបញ្ចប់បេសកកម្មអន្តរាគមន៍ដ៏ធំសម្បើមរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) នៅឆ្នាំ១៩៩៣ បានបង្ហាញច្បាស់ថា សន្តិភាពរបស់ប្រទេសមួយកើតមានឡើង និងថែរក្សាការពារឱ្យស្ថិតស្ថេរចីរកាលទៅបាន គឺអាស្រ័យដោយប្រជាជនម្ចាស់ស្រុកខ្លួនឯងផ្ទាល់។ រីឯការជួយឧបត្ថម្ភគាំទ្រពីខាងក្រៅរបស់សហគមន៍អន្តរជាតិ ដែលជាធាតុគួបផ្សំមិនអាចកាត់ផ្ដាច់បាន គឺដើម្បីធានាបរិយាកាសនយោបាយភូមិសាស្ត្រ និងសណ្ដាប់ធ្នាប់ពិភពលោកដែលសម្របសម្រួលផ្ដល់អំណោយផលដល់បរិបទផ្ទៃក្នុងរបស់ប្រទេសនោះ។
ចុងក្រោយ សង្គ្រាមផ្ទៃក្នុងកម្ពុជាត្រូវបានបញ្ចប់នៅឆ្នាំ១៩៩៨ ដោយនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ ហេតុនេះ ប្រការដែលមានមតិលើកឡើងថា មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ពីកាលណោះ ទើបមានអ្វីៗទាំងអស់នៅពេលនេះ រាប់ចាប់តាំងពីសន្តិភាព វិបុលភាព និងប្រជាធិបតេយ្យនៅកម្ពុជា គឺហាក់ដូចជាការបំផ្លើសសច្ចធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជា។ ការពិត អ្វីដែលកំពុងកើតឡើងនៅពេលបច្ចុប្បន្ន បានបង្ហាញច្បាស់នូវតថភាព(Reality) ជាក់ស្ដែងពីបុព្វបទ(Prelude) ពីអត្ថិភាព(Existence) និងពីចក្ខុទស្សន៍ (Perspective) របស់កម្ពុជានៅលើដំណើរផ្លូវទៅកាន់អនាគតវែងឆ្ងាយ ដែលពលរដ្ឋរួមជាតិទាំងអស់ មិនគួរបំភ្លេច បំភ្លៃ ឬបំផ្លាញទៅតាមមហិច្ឆតានយោបាយផ្ទាល់ខ្លួននោះឡើយ។

មតិដែលបានលើកឡើងតាមមេសូត្រច្រំដែល(Rhetoric)ពីប្រការដែលថាត្រូវយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា មកអនុវត្តឡើងវិញសម្រាប់ធ្វើជាមធ្យោបាយដោះស្រាយនៅពេលដែលកម្ពុជាជួបបញ្ហាប្រឈមនានា តួយ៉ាងដូចជាសង្គ្រាម៥ថ្ងៃកន្លងទៅ គឺជាក្ដីស្រមៃ(Delusion)ហួសឆ្ងាយពីការពិតជាក់ស្ដែង(Beyond the Reality) និងជាសំណូមពរមួយដែលមិនអាចទៅរួច(Demand the Impossible)។ ព្រោះថា គេមិនអាចយកកម្ពុជាដែលកំពុងស្ថិតក្នុងស្ថានភាព ទេសៈកាលៈនៃបរិការណ៍នាពេលសព្វថ្ងៃត្រឡប់ទៅកាន់អ្វីៗដែលបានកន្លងផុតទៅកាលពីជាង៣០ឆ្នាំមុននោះបានឡើយ បើគិតពីទិដ្ឋភាពគតិយុត្ត (Juridical Aspect) នីតិរដ្ឋ (Rule of Law) និងលទ្ធិប្រជាធិបតេយ្យ (Democracy) ។ល។
ម្យ៉ាងវិញទៀត ប្រសិនបើនៅតែសំអាងគ្មានទីបញ្ចប់លើកិច្ចព្រមព្រៀងមួយដែលអស់អាជ្ញាយុកាលទៅហើយនោះ វានាំឱ្យមានបច្ច័យមិនគាប់ប្រសើរ ៣យ៉ាង៖ មួយ គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ១៩៩១ ពុំមានគុណតម្លៃអ្វីសោះសម្រាប់ការវិវត្តរីកចម្រើនរបស់កម្ពុជាក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមករហូតដល់បច្ចុប្បន្ននេះ។ ពីរ គឺកម្ពុជាពុំអាចធ្វើអ្វីដោយខ្លួនឯងបាន ព្រោះតែពុំជឿជាក់លើកម្លាំងខ្លួនឯង ហើយនៅតែបន្តរស់ដោយក្ដីសោកសង្រេង ស្រមើស្រមៃពីអតីតកាលដ៏ខ្មៅងងឹត ដោយពុំព្រមរៀនសូត្រពីកំហុសរបស់ខ្លួនឯងម្ដងណាសោះឡើយ(No Lessons Learned)។ បី គឺសហគមន៍អន្តរជាតិប្រាកដជាខកចិត្ត និងលែងមានជំនឿលើសមត្ថភាពផ្ទាល់របស់កម្ពុជា ព្រោះយើងប្រៀបហាក់ដូចជាកុមារពិការដែលត្រូវការជំនួយ និងការគាំទ្រពីខាងក្រៅជារៀងរហូតគ្មានទីបញ្ចប់។

ឆ្លងកាត់ប្រឈមនឹងស្ថានការណ៍ប្រែប្រួលឆាប់រហ័ស និងមិនប្រាកដប្រជានៃពិភពលោកបច្ចុប្បន្ន ប្រទេសនីមួយៗមិនអាចស្ថិតស្ថេរគង់វង្សបានទេ ប្រសិនបើយើងគ្មានភាពធន់(Resilience) សមល្មមដើម្បីរស់រានមានជីវិតដោយខ្លួនឯង និងបន្តជំហានយ៉ាងរឹងមាំលើកំណាត់ផ្លូវដ៏សែនចម្រូងចម្រាសឆ្ពោះទៅអនាគត។ និយាយយ៉ាងសាមញ្ញឱ្យងាយស្រួលស្ដាប់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានធ្វើបរិវត្តកម្ម(Transformation) រួចស្រេចហើយ ទៅជារដ្ឋធម្មនុញ្ញ ទៅជាប្រទេសនីតិរដ្ឋប្រកាន់របបប្រជាធិបតេយ្យ សេរី ពហុបក្ស នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងមានសន្តិភាព វឌ្ឍនភាពនិងវិបុលភាព។
ខ្ញុំសង្ឃឹមថា រឿងរ៉ាវប្រវត្តិសាស្ត្ររបស់កម្ពុជាតាំងពីដើមរៀងមកទល់ដល់សព្វថ្ងៃ មិនត្រឹមតែជាមេរៀនពិសោធសម្រាប់កម្ពុជាខ្លួនឯងប៉ុណ្ណោះទេ វាពិតជាអាចនឹងក្លាយជាមេរៀនពិសោធសម្រាប់ប្រទេសដទៃទៀតផងដែរ រួមមាន អ៊ុយក្រែន ប៉ាឡេស្ទីន និងស៊ូដង់… ដែលបាន និងកំពុងឆ្លងកាត់ព្យុះព្យោមានៃសង្គ្រាមគ្រប់យ៉ាង រួមទាំងប្រទេសដទៃដែលកំពុងឆ្លងកាត់កោលាហល ចលាចល និងការបះបោរផ្ទៃក្នុង (Unrests) ផ្សេងៗទៀត…។ល៕
ដោយ៖ ស្មេរ ទេស ទុំ
(កំណត់ចំណាំ៖ អត្ថបទនេះ ជាសំណេររបស់ ទេស ទុំ ដែលបានដកស្រង់ និងកែសម្រួលខ្លឹមសារពីអត្ថបទដើមនៃសៀវភៅ “រដ្ឋមន្ត្រីកូវីដ” របស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ព្រុំ សុខា អតីតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ)។
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


