ចរាចរណ៍
រយៈពេល ១០ ខែ មានកម្មករ-និយោជិត ជាង ៥ ៤០០ នាក់ ស្លាប់ និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍
នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ នេះ មានករណីកម្មករ-និយោជិត ជួបគ្រោះថ្នាក់ចរាចរណ៍ប្រមាណជិត ៤៦០០ ករណី បណ្តាលឱ្យមនុស្សស្លាប់ និងរបួសធ្ងន់ស្រាលជាង ៥៤០០ នាក់ មានការថយចុះ ២% បើធៀបទៅនឹងរយៈពេល ១០ ខែ ដូចគ្នា ឆ្នាំ ២០២៤ កន្លងទៅ។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១១ វិច្ឆិកា នេះថា រយៈពេល ១០ ខែ ឆ្នាំ ២០២៥ នេះ នៅទូទាំងប្រទេសកម្ពុជា មានករណីកម្មករ-និយោជិត ជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤,៥៨៥ ករណី មានជនរងគ្រោះសរុបចំនួន ៥,៤៤៤ នាក់ ស្លាប់ចំនួន ១២៦ នាក់ របួសធ្ងន់ចំនួន ១,៥១១ នាក់ និងរបួសស្រាលចំនួន ៣,៨០៧ នាក់។ បើធៀបនឹងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ មានចំនួន ៤,៦៧៤ ករណី មានការថយចុះចំនួន ៨៩ ករណី ប្រមាណ ២%។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបន្តថា ក្នុងចំណោមគ្រោះថ្នាក់ខាងលើ ក្នុងនោះដែរ ករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករ-និយោជិត មានចំនួន ១០ ករណី មានជនរងគ្រោះសរុបចំនួន ១៧៤ នាក់ ស្លាប់ចំនួន ២ នាក់ របួសធ្ងន់ចំនួន ២១ នាក់ និងរបួសស្រាលចំនួន ១៥១ នាក់ បើធៀបនឹងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករ-និយោជិត មាន ១២ ករណី ថយចុះ ២ ករណី ប្រមាណ ១៧%។

លោកបណ្ឌិត បានពន្យល់ថា មូលហេតុចម្បងៗ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការមិនប្រកាន់ស្តាំ(បញ្ច្រាសទិស) ការបត់ខ្វះការប្រុងប្រយ័ត្ន ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ កត្តាផ្លូវ និងលក្ខណៈបច្ចេកទេសយានយន្ត និងកត្តាផ្សេងៗ។

លោកបណ្ឌិត បានធ្វើការអំពាវនាវដល់កម្មករ-និយោជិត ទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងទាំងអ្នកធ្វើដំណើរដោយរថយន្តដឹកកម្មករ-និយោជិត ត្រូវគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីជៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុ និងក្រើនរំលឹកទៅកាន់អ្នកបើកបររថយន្តដឹកកម្មករ-និយោជិត ទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


