កីឡា
កម្ពុជា មិនបញ្ជូន គុនខ្មែរ ទៅប្រកួតកីឡា ស៊ីហ្គេម នៅថៃ ខណៈមាន ឃីកបុកស៊ីង
កម្ពុជាបានសម្រេចបញ្ជូនកីឡាចំនួន ២១ ប្រភេទទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាខែធ្នូ ឆ្នាំ ២០២៥ នៅប្រទេសថៃ។ ប្រភេទកីឡាមានសក្តានុពលគឺ គុនខ្មែរ មិនត្រូវបានបញ្ជូនទៅចូលរួមប្រកួតទេ ប៉ុន្តែកីឡា ឃីកបុកស៊ីង មានវត្តមានទៅប្រកួតនៅថៃដែរ។

កាលស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅប្រទេសកម្ពុជា ថៃមិនបានបញ្ជូនកីឡាករ កីឡាការិនីមួយថៃរបស់ខ្លួនមកចូលរួមប្រកួតកីឡាគុនខ្មែរទេ។ ពេលនេះ កម្ពុជាបានសម្រេចមិនបញ្ជូនកីឡាករ កីឡាការិនីគុនខ្មែរទៅចូលរួមប្រកួតមួយថៃវិញដែរ។ ទោះបីជាយ៉ាងណា ការមិនបញ្ជូនទៅនេះមិនមែនដោយសារតែហេតុផលឈ្មោះ មួយថៃ នោះទេ ប៉ុន្តែលើបញ្ហាសុវត្ថិភាពច្រើនជាង ពីព្រោះការប្រកួតគុនខ្មែរ ឬ មួយថៃ ហាក់ដូចជាពុះកញ្ជ្រោលជាងប្រភេទកីឡាផ្សេងៗសម្រាប់ប្រទេសទាំងពីរ ស្របពេលវិបត្តិព្រំដែនរវាងប្រទេសទាំងពីរនៅផុសស្រួយ។
ចំពោះ កីឡាឃីកបុកស៊ីង ជាប្រភេទកីឡាប្រយុទ្ធនៅលើសង្វៀនដែរ ប៉ុន្តែដោយសារជាកីឡាសកល ហើយមិនមែនជាកីឡាប្រពៃណីរបស់ប្រទេសណាមួយនោះទេ ដូច្នេះមិនសូវជាបញ្ហាប្រឈមច្រើនឡើយ។ សម្រាប់កម្ពុជា កីឡាឃីកបុកស៊ីងនេះក៏មានសក្តានុពលក្នុងការស្វែងរកមេដាយ។

សម្រាប់ប្រភេទកីឡាទាំង ២១ ដែលកម្ពុជា ត្រូវប្រកួតប្រជែងមាន អត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ យូដូ តេក្វាន់ដូ WT ទ្រីយ៉ាត្លុង បាល់ទះ បាល់ទាត់ ចំបាប់ បញ្ចស៊ីឡាត់ ឃីកបុកស៊ីង ប៉េតង់ សីដក់ ម៉ូតូទឹក ការ៉ាតេ ជឺជីតស៊ូ វូស៊ូ បាល់ទាត់លើតុ និងកីឡាអេឡិចត្រូនិក។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡោះងថា កីឡាមានគោលការណ៍មិត្តភាព សាមគ្គីភាព និងសន្តិភាព ដូច្នេះកម្ពុជាឈរលើគោលទាំងនេះជាធំសម្រាប់ការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ។

លោកមានប្រសាសន៍ថា ៖«កីឡាស៊ីហ្គេម រៀងរាល់ ២ ឆ្នាំម្តង គឺយើងចូលរួមដូចរាល់ដង គ្មានមូលហេតុអ្វីទេ។ យើងចូលរួមធម្មតា ពីព្រោះកីឡាមានគោលការណ៍របស់វា។ កីឡាជាវេទិកា ជាព្រឹត្តិការណ៍មិត្តភាព សាមគ្គីភាព យោគយល់គ្នា និងសន្តិភាព ដូច្នេះយើងយកគោលគំនិតនេះជាធំ»។
លោកអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា ៖«ម្ចាស់ផ្ទះថៃ គេរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ដល់កម្ពុជា។ គេធានាសុវត្ថិភាពដល់យើង។ ក្តីបារម្ភរបស់យើងគឺគ្មានអ្វីទេ ក្រៅតែពីខិតខំហ្វឹកហាត់ ហើយទៅចូលរួមប្រកួតធម្មតាដើម្បីបង្កើនមិត្តភាពឡើងវិញរវាងប្រជាជនអាស៊ាន ក៏ដូចជាមួយម្ចាស់ផ្ទះដែរ។ យើងអត់មានគំនិតរើសអើងដែលខុសពីគោលការណ៍អន្តរជាតិឡើយ។ មូលហេតុអ្វី អត់មានទេ មានតែថា យើងត្រូវចូលរួម ក្រោយពីរាជរដ្ឋាភិបាលបានផ្តល់ការអនុញ្ញាត»៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


