Connect with us

កីឡា

ព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះត្រឹម ២ ប្រកួតទៀត នឹងក្លាយ​ជា​ជើងឯកលីគកម្ពុជារដូវកាលនេះ

បានផុស

នៅ

ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង កាន់តែខិតជិតនឹងក្លាយជាជើងឯកលីគកំពូល កម្ពុជា Cambodian Premier League រដូវកាល ២០២៥-២០២៦ ដោយត្រូវការឈ្នះតែ ២ ប្រកួតទៀតប៉ុណ្ណោះ បន្ទាប់ពីក្រុមគូប្រជែង ភ្នំពេញក្រោន ចាញ់ក្រុម ណាហ្គាវើលដ៍ ខណៈពួកគេស្មើក្រុម បឹងកេត ក្នុងការប្រកួតសប្តាហ៍ទី ២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផលប្រកួតសប្តាហ៍ទី ២៤ របស់ក្រុមលំដាប់កំពូលទាំង ៦ នៃលីគកំពូល កម្ពុជា បានបញ្ចប់កាលពីថ្ងៃ អាទិត្យ ទី ២២ ខែ មីនា ដោយក្រុម ព្រះខ័នរាជស្វាយរៀង ស្មើគ្នាជាមួយក្រុម បឹងកេត ០-០។ ចំណែក ភ្នំពេញក្រោន ចាញ់ក្រុមម្ចាស់ផ្ទះ ណាហ្គាវើលដ៍ ០-១ និងមួយគូទៀតក្រុម អង្គរថាយហ្គើរ បានយកឈ្នះក្រុម អឹមអូអាយ កំពង់ដេវ៉ា ៣-១។

ពេលនេះ ព្រះខ័នរាជស្វាយរៀង កាន់តែកៀកមែនទែនហើយ ក្នុងការការពារជើងឯកលីគកំពូល កម្ពុជា ជាថ្មីនៅរដូវកាលនេះ បន្ទាប់ពីពួកគេនាំមុខពិន្ទុក្រុមលេខ ២ ភ្នំពេញក្រោនដល់ទៅ ១២ ពិន្ទុ។ ក្រុម ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នមាន ៥៩ ពិន្ទុ ក្រោយឆ្លងកាត់ ២៤ ប្រកួត ឈ្នះ ១៩ ស្មើ ២ និងចាញ់ ៣។ រីឯ ភ្នំពេញក្រោន វិញមាន ៤៧ ពិន្ទុ ក្រោយឆ្លងកាត់ ២៤ ប្រកួតដូចគ្នា ឈ្នះ ១៤ ស្មើ ៥ និងចាញ់ ៥។

គិត​ត្រឹមសប្តាហ៍ទី ២៤ នេះ ការប្រកួតលីគ​​កំពូលកម្ពុជា នៅសល់ចំនួន ៦ ប្រកួតទៀត​ នឹង​បញ្ចប់រដូវកាល ២០២៥-២០២៦។ យ៉ាងណា បើក្រឡេកមើលពិន្ទុបច្ចុប្បន្ន ក្រុម ព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះត្រឹមតែ ២ ប្រកួតទៀតប៉ុណ្ណោះ នឹងក្លាយជាជើងឯកលីគកំពូល កម្ពុជា ជាផ្លូវការ។

តាមលក្ខខណ្ឌាខាងលើ មានន័យ ថា ប្រសិនបើ ព្រះខ័នរាជស្វាយរៀង ឈ្នះ ២ ប្រកួតទៀត នោះពួកគេនឹងមាន ៦៥ ពិន្ទុក្នុងដៃ។ រីឯ ភ្នំពេញក្រោន វិញ ប្រសិនបើឈ្នះ ៦ ប្រកួតទៀត ដែលនៅសល់ គឺពួកគេនឹងមាន ៦៥ ពិន្ទុដូចគ្នា។ ដូច្នេះទោះពិន្ទុស្មើគ្នាក៏ដោយ ក៏ព្រះខ័នរាជស្វាយរៀង ជាអ្នកឈ្នះជើងឯកលីគកំពូល កម្ពុជា ដែរ ដោយសារពួកគេមានគ្រាប់បាល់ចំណេញលើស ភ្នំពេញក្រោន៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម