កាលពីពេលថ្មីៗក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ត្រូវបានចាប់ឆ្នោតនៅពូល B សម្រាប់ប្រភេទកីឡាបាល់ទាត់ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម ប្រជែងជាមួយ U23 ថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ។
ជាមួយគ្នានេះគ្រូបង្គោលក្រុម ២ដែលរួមពូលកម្ពុជា មាន U23 ឡាវ និង U23 ម៉ាឡេស៊ី បានសម្ដែងមតិយោបល់ពាក់ព័ន្ធនឹងការប្រកួត ជាក់ស្ដែងគ្រូឡាវ បានលើកឡើងពីការត្រៀមខ្លួនរួចរាល់ពេលប៉ះក្រុមទាំងអស់ក្នុងពូល ឬឯគ្រូម៉ាឡេស៊ី បានប្រកាសថាក្រុមរបស់ខ្លួននឹងមិនប្រើប្រាស់កីឡាករលើសអាយុ ២៣ឆ្នាំឡើយ។
គ្រូបង្វឹក U23 ឡាវ លោក Han Michael Weib បាននិយាយក្រោយចាប់ពូលថា៖ «យើងមិនអាចប៉ានស្មានពីគូប្រកួតរបស់យើងឡើយ តែនៅថ្ងៃប្រកួតយើងត្រូវតែរួចរាល់ និងខ្ញុំចង់និយាយថាការត្រៀមខ្លួនរបស់យើងបានចាប់ផ្ដើមហើយ ហើយការត្រៀមខ្លួនគឺជាកូនសោ ដោយយើងបានចាប់ផ្ដើមវាតាំងពីខែកុម្ភៈនៅក្នុងកម្មវិធី AFF U23 ដែលវាបាននាំមកនូវភាពជោគជ័យមួយដល់យើង ហើយនៅក្នុងការប្រកួតមិត្តភាព (FIFA Day) ក៏ល្អថែមទៀត យើងឈ្នះការប្រកួតជាច្រើន យើងមានទំនុកចិត្ត ហើយយើងក៏អាចកាន់តែមានទំនុកចិត្តបន្ថែមទៀតសម្រាប់ស៊ីហ្គេម»។
ក្រុមបាល់ទាត់ជម្រើសជាតិឡាវ អាយុក្រោម២៣ឆ្នាំ ហាក់ត្រៀមខ្លួនបានយ៉ាងល្អផងដែរ ដោយបានឡើងដល់វក្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងពានជើងឯកយុវជនអាស៊ាន អាយុក្រោម ២៣ឆ្នាំ (AFF U23 Championship 2022) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកាលពីខែកុម្ភៈ កន្លងទៅ។ គេបានប្រកួតឈ្នះ ម៉ាឡេស៊ី ទាំងប្រកួតនៅវគ្គជម្រុះក្នុងពូល ហើយឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជួប U23 ថៃ។
ស៊ីហ្គេម២០២២ នៅវៀតណាម គឺអនុញ្ញាតឲ្យមានកីឡាករលើសអាយុ ២៣ឆ្នាំចំនួន ៣នាក់ ខណៈដោយឡែកម៉ាឡេស៊ី ឯណោះវិញ ថ្មីៗនេះបានសម្រេចមិនធ្វើការកោះហៅកីឡាករលើសអាយុឡើយ ដ្បិតគ្រូបង្វឹកមានហេតុផលសម្រាប់ក្រុម។
លោក Brad Maloney គ្រូបង្វឹក U23 ម៉ាឡេស៊ី បាននិយាយយ៉ាងដូច្នេះថា៖ «ទោះបីជាក្រុមទាំងអស់ត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះកីឡាករលើសអាយុ ៣នាក់ក៏ដោយ ប៉ុន្តែយើងនឹងមិនយកជម្រើសនេះនោះទេ។ ខ្ញុំចង់រៀបចំកីឡាកររបស់ខ្ញុំសម្រាប់ការប្រកួតជើងឯកអាស៊ីអាយុក្រោម ២៣ឆ្នាំ (U23 Asian Cup)។»
សូមបញ្ជាក់ថា ចំពោះឡាវ គឺកម្ពុជា ត្រូវប្រកួតនៅថ្ងៃបើកឆាក ពោលគឺថ្ងៃទី០៩ ខែឧសភា ខណៈម៉ាឡេស៊ី វិញកម្ពុជា នឹងជួបនៅប្រកួតចុងក្រោយប្រចាំពូល ចំនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២៕
អត្ថបទ ៖ មុន្នីរ័ត្ន