កីឡា
លោក Oleg ថា បាល់ទាត់កម្ពុជាពិតជារីកចម្រើន ក្រោយព្រះខ័នរាជស្វាយរៀងឡើងវគ្គផ្តាច់ព្រ័ត្រ ACL
គ្រូបង្វឹកក្លិបភ្នំពេញក្រោន លោក Oleg Starynskyi បានលើកឡើងពីអារម្មណ៍ផ្ទាល់ខ្លួន ក្រោយក្លិប ព្រះខ័នរាជស្វាយរៀង ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League រដូវកាល ២០២៤-២០២៥។

បុរសសញ្ជាតិ អ៊ុយក្រែន វ័យ ៣៩ ឆ្នាំយល់ថា បាល់ទាត់កម្ពុជាបច្ចុប្បន្នពិតជារីកចម្រើនពិតមែន បន្ទាប់ពី ព្រះខ័នរាជស្វាយរៀង សាងកំណត់ត្រាដ៏ល្អនៅក្នុងពានរង្វាន់កម្រិតអន្តរជាតិ។ ជាមួយគ្នានេះ លោកក៏បានរម្លឹកពីស្នាដៃរបស់ ភ្នំពេញក្រោន នៅក្នុងពានក្លិបលំដាប់ទី ២ ប្រចាំទ្វីបអាស៊ី AFC Cup កាលពីរដូវកាលមុនផងដែរ ដោយពេលនោះក្រុមរបស់លោកបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់ ប៉ុន្តែចុងក្រោយបានចាញ់ក្រុម Central Coast Mariners ក្នុងលទ្ធផល ៤-០។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរវាង ភ្នំពេញក្រោន ទល់នឹង វិសាខា កាលពីល្ងាចថ្ងៃទី ១៨ ខែ មេសា ម្សិលមិញ លោក Oleg បានមានប្រសាសន៍ថា ៖«ខ្ញុំគិតថា នេះគឺជាសញ្ញាវិជ្ជមានមួយដ៏ល្អ។ ក្នុងនាមខ្ញុំជាគ្រូបង្វឹក ខ្ញុំធ្វើការងាររបស់ខ្ញុំ លោក Pep Munoz (គ្រូព្រះខ័នរាជស្វាយរៀង) ធ្វើការងាររបស់គាត់។ ខ្ញុំគិតថា បាល់ទាត់កម្ពុជាយើងពិតជាមានភាពរីកចម្រើន។ ខ្ញុំក៏បានចូលរួមជួយឱ្យបាល់ទាត់កម្ពុជា ដូចជាកាលពីរដូវកាលមុន។ ភាពប្រសើរឡើងជាមួយនឹងការលេងនៅពាន AFC។ យើងបានលេង ៩ ប្រកួត ដែលការប្រកួតនោះសុទ្ធតែជាការប្រកួតលំបាក ហើយយើងក៏បានបំបែកកំណត់ត្រាមួយចំនួនផងដែរ ដែលនេះគឺជារឿងល្អ»។

លោក Oleg បានជូនពរក្រុម ព្រះខ័នរាជស្វាយរៀង ឱ្យទទួលបានជ័យជម្នះ ដើម្បីបាល់់ទាត់កម្ពុជា ក្នុងនោះលោកបានមានប្រសាសន៍ថា៖ «ខ្ញុំអត់មានអ្វីទេ ក្រៅពីការជូនពរឱ្យពួកគេទទួលបានសំណាងល្អក្នុងការប្រកួតចុងក្រោយ និងទទួលបានពានរង្វាន់ ដើម្បីបង្ហាញទៅកាន់ពិភពលោកអំពីបាល់ទាត់កម្ពុជារបស់យើង»។
សូមបញ្ជាក់ជាថ្មីថា ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបជាមួយក្រុមមកពី តួកមេនីស្ថាន FK Arkadag ក្នុងការប្រកួតពាន AFC Challenge League នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃ សៅរិ៍ ទី ១០ ខែ ឧសភា ឆ្នាំ ២០២៥៕

អត្ថបទ៖ សេម កុសល
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


