ព័ត៌មានអន្ដរជាតិ
ជម្លោះត្រាំ-ម៉ាសក៍ ផ្ទុះឡើងជាថ្មី ដោយ ត្រាំ គំរាមផ្ដាច់ជំនួយដល់ Tesla, SpaceX
ជម្លោះពាក្យសម្ដីរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមហាសេដ្ឋីពិភពលោក លោក អេឡុន ម៉ាសក៍ បានផ្ទុះឡើងសារជាថ្មី ដោយលោក ត្រាំ បានគំរាមកាត់ផ្ដាច់ជំនួយឧបត្ថម្ភធនរាប់ពាន់លានដុល្លារ ដែលបណ្ដាក្រុមហ៊ុនរបស់លោក ម៉ាសក៍ ទទួលបានពីរដ្ឋាភិបាលសហព័ន្ធ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

មែនទែនទៅ ជម្លោះរវាងអតីតដៃគូដែលធ្លាប់តែល្អូកល្អឺននឹងគ្នានេះ បានផ្ទុះឡើងជាថ្មីនៅថ្ងៃចន្ទ ក្រោយពេលលោក ម៉ាសក៍ ដែលចំណាយប្រាក់រាប់រយលានសម្រាប់យុទ្ធនាការគាំទ្រលោក ត្រាំ សម្រាប់ការបោះឆ្នោតកាលពីឆ្នាំមុន បានរិះគន់លើច្បាប់របស់រដ្ឋបាល ត្រាំ ស្ដីអំពីការកាត់បន្ថយពន្ធ និងការចំណាយ ដែលត្រូវបានអនុម័តពីព្រឹទ្ធសភាកាលពីថ្ងៃអង្គារ។ ច្បាប់នេះ នឹងលុបបំបាត់ការឧបត្ថម្ភធនសម្រាប់ការទិញរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក ដែលជាធម្មតាផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេនៅទីនោះ។
លោក ត្រាំ បាននិយាយយ៉ាងដូច្នេះទៅកាន់អ្នកយកព័ត៌មាននៅឯសេតវិមាន កាលពីថ្ងៃអង្គារ ថា៖ «គាត់(លោក ម៉ាសក៍) ខកចិត្តដែលបាត់បង់ផលប្រយោជន៍ EV របស់គាត់ ហើយ … គាត់ក្រៀមក្រំខ្លាំងនឹងរឿងទាំងនេះ ប៉ុន្តែគាត់អាចបាត់បង់ច្រើនជាងនេះទៅទៀត»។
ទោះបីជា លោក ម៉ាសក៍ បាននិយាយថា លោកប្រឆាំងនឹងការឧបត្ថម្ភធន និងការចំណាយច្រើនរបស់រដ្ឋាភិបាលក៏ដោយ ប៉ុន្តែក្រុមហ៊ុន Tesla របស់លោក បានទទួលឥណទានពន្ធរាប់ពាន់លានដុល្លារ និងការគាំទ្រផ្សេងៗទៀតសម្រាប់«អាជីវកម្មថាមពលស្អាត» ជាពិសេសក្រោមគោលនយោបាយអាកាសធាតុរបស់អតីតប្រធានាធិបតី ចូ បៃដិន។ មែនទែនទៅ «ឥណទានពន្ធ» សម្ដៅលើជំនួយសម្រាប់អ្នកទិញរថយន្ត EV លើការចំណាយផ្នែកពន្ធ។

បច្ចុប្បន្ន រដ្ឋបាល ត្រាំ គ្រប់គ្រងកម្មវិធីឧបត្ថម្ភធនបែបនេះជាច្រើន ហើយកំពុងកំណត់គោលដៅដកចេញវិញសម្រាប់កម្មវិធីខ្លះ ក្រោមច្បាប់ពន្ធរបស់ខ្លួន រួមទាំង «ឥណទាន EV» តម្លៃ ៧ ៥០០ ដុល្លារ ដែលជួយឱ្យតម្លៃរថយន្តអគ្គិសនីថោកជាងធម្មតា។
មុនព្រឺទ្ធសភាអនុម័តច្បាប់ស្ដីពីការកាត់ពន្ធ និងការចំណាយ លោក ម៉ាសក៍ ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla និង SpaceX គំរាមថានឹងបង្កើតគណបក្សនយោបាយថ្មី ហើយចំណាយប្រាក់គាំទ្រអ្នកនយោបាយដទៃ ដើម្បីធ្វើឱ្យរបូតកៅអីរបស់សមាជិកសភាដែលគាំទ្រច្បាប់របស់ ត្រាំ។
គួររំឭកថា ក្រោយឡើងកាន់អំណាចនៅអាណត្តិនេះ លោក ត្រាំ បានតែងតាំងលោក ម៉ាសក៍ ឱ្យដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលមានបំណងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល មុនពេលលោក ម៉ាសក៍ ដកខ្លួនវិញនៅចុងខែឧសភា ដើម្បីផ្ដោតលើក្រុមហ៊ុន Tesla ដែលកំពុងតែធ្លាក់ចុះ។

យ៉ាងណាមិញ លោក ត្រាំ បាននិយាយនៅលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃអង្គារថា លោក ម៉ាសក៍ ប្រហែលធ្លាប់ទទួលបានប្រាក់ឧបត្ថម្ភ «ជាងមនុស្សណាទាំងអស់ក្នុងប្រវត្តិសាស្ត្រ»។ លោកបន្ថែមថា៖ «គ្មានការបាញ់បង្ហោះរ៉ុក្កែត ផ្កាយរណប ឬការផលិតរថយន្តអគ្គិសនីទៀតឡើយ នោះប្រទេសរបស់យើងនឹងសន្សំប្រាក់បានយ៉ាងមហាសាល»។ លោកប្រាប់អ្នកយកព័ត៌មានក្រោយមកទៀតថា៖ «DOGE គឺជាបិសាច ដែលប្រហែលជាត្រូវត្រឡប់ទៅស៊ីលោក អេឡុន វិញហើយ»។
ឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ ត្រាំ លោក ម៉ាសក៍ បាននិយាយនៅលើវេទិកាបណ្ដាញសង្គម X ថា៖ «ខ្ញុំនិយាយត្រង់ថា កាត់ឱ្យអស់ពីឥឡូវនេះទៅ»។ លោកបន្ថែមទៀតថា លោកអាចនឹងធ្វើឱ្យស្ថានការណ៍ជាមួយលោក ត្រាំ កាន់តែតានតឹង ប៉ុន្តែទប់ៗសិន។
ក្រៅពី Tesla លោក ម៉ាសក៍ ជាម្ចាស់ក្រុមហ៊ុន SpaceX និងផ្កាយរណបគឺ Starlink ។ SpaceX មានសារៈសំខាន់ចំពោះកម្មវិធីអវកាសរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងនាមជាអ្នកមាំការសម្រាប់គម្រោងរដ្ឋ។
គួររំឭកថា មុនមានការផ្សះផ្សារគ្នាវិញ ជម្លោះរវាងលោក ម៉ាសក៍ និងលោក ត្រាំ បានផ្ទុះឡើងនៅដើមខែមិថុនា ដោយលោក ម៉ាសក៍ បានស្នើពីការទម្លាក់លោក ត្រាំ ចេញពីតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក ខណៈលោក ត្រាំ បានស្នើឱ្យមានការកាត់ផ្ដាច់កុងត្រារដ្ឋាភិបាលលើអាជីវកម្មជាមួយបណ្ដាក្រុមហ៊ុនលោក ម៉ាសក៍៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


