Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ ចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងជួបសំណេះសំណាលជាមួយពលករខ្មែរ

បានផុស

នៅ

នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដោយក្រុមការងារ បានអញ្ជើញចុះទៅពិនិត្យស្ថានភាពទូទៅ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ឈមនឹងច្រកទ្វារព្រំដែន បាផាកាត់ ស្រុកពោណាមរ៉ង ខេត្តចាន់បុរី ប្រទេសថៃ។ គោលបំណងសំខាន់ នៃការចុះពិនិត្យនេះ គឺដើម្បីស្វែងយល់ដោយផ្ទាល់ពីស្ថានភាពពលករខ្មែរ ដែលចេញ-ចូលប្រទេសថៃ ក៏ដូចជាការផ្តល់ការណែនាំ និងស្តាប់បញ្ហាប្រឈមនានា ដែលពួកគាត់(ពលករ) កំពុងជួបប្រទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍ក្នុងឱកាសនេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបសំណេះ​សំណាលផ្ទាល់ ជាមួយពលករខ្មែរជាច្រើនរូប ព្រមទាំងពន្យល់ណែនាំ ដល់ពលករឲ្យស្វែងរកការងារធ្វើក្នុងប្រទេស ពិសេសក្នុងវិស័យឧស្សាហកម្ម សំណង់ និងកសិកម្ម ដែលកំពុងត្រូវការកម្លាំងពលកម្មជាច្រើន។

លោករដ្ឋមន្ត្រី ក៏បានពន្យល់ណែនាំ យ៉ាងលម្អិតអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យពលរដ្ឋស្វែងរកការងារធ្វើក្នុងប្រទេស។ ជាមួយគ្នានេះលោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការធ្វើការងារក្នុងប្រទេសមានអត្ថប្រយោជន៍ជាច្រើនដូចជា នៅជិតក្រុមគ្រួសារ អាចមើលថែទាំគ្រួសារ និងកូនចៅបានជាប់លាប់, សន្សំសំចៃការចំណាយ កាត់បន្ថយការចំណាយ លើការធ្វើដំណើរ និងការរស់នៅថ្លៃៗ នៅបរទេស, ទទួលបានការការពារ ស្ថិតក្រោមការការពារ ផ្នែកច្បាប់ និងសិទ្ធិការងារពេញលេញ របស់កម្ពុជា។ ក្រៅពីនេះ លោកបានណែនាំពលករ ឱ្យពិចារណាលើ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលក្រសួង កំពុងផ្តល់ជូនដោយឥតគិតថ្លៃ ដើម្បីបង្កើនសមត្ថភាព និងទទួលបានការងារ ដែលមានប្រាក់ឈ្នួលខ្ពស់នៅក្នុងប្រទេស។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំ ឱ្យពលករទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការថែរក្សាសុខភាពផ្ទាល់ខ្លួន ពិសេសនៅពេលធ្វើការងារ ក្នុងបរិយាកាសផ្សេងៗ ហើយរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ ចំពោះសុខុមាលភាព និងសុវត្ថិភាព របស់ពលករគ្រប់រូប មិនថាកំពុងធ្វើការនៅទីណានោះទេ។

សូមបញ្ជាក់ថា ដំណើរចុះពិនិត្យនេះដែរ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងការងារ ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋ ជាពិសេសពលករដែលបាននិងកំពុងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម