ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រកាសប្រាប់ពិភពលោកថា សង្រ្គាមហ្គាហ្សាបានបញ្ចប់ជាស្ថារពរហើយ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា «សង្រ្គាមបានបញ្ចប់ហើយ» ខណៈលោកធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលនាថ្ងៃចន្ទទី១៣ខែតុលានេះសម្រាប់ការដោះលែងចំណាប់ខ្មាំង ក្រោមបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិករវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ថ្លែងនៅលើយន្តហោះ Air Force One លោក ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់នឹងធ្វើឡើង ហើយថា «ក្រុមប្រឹក្សាសន្តិភាព» នឹងត្រូវបង្កើតក្នុងពេលឆាប់ៗនេះ ដើម្បីត្រួតពិនិត្យការកសាងឡើងវិញរបស់ហ្គាហ្សា។ លោកបានសរសើរនាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងមេដឹកនាំកាតាសម្រាប់តួនាទីរបស់ពួកគេក្នុងការសម្រុះសម្រួលកិច្ចព្រមព្រៀងនេះ។
ការដោះលែងចំណាប់ខ្មាំង ៤៨នាក់ដែលនៅសល់ ដោយក្នុងនោះ២០នាក់ត្រូវគេជឿថានៅរស់និង២៨នាក់បានស្លាប់ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមពីថ្ងៃចន្ទនេះតទៅ។ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង អ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីនប្រហែល ២៥០នាក់ និងអ្នកជាប់ឃុំ ១ ៧០០នាក់ពីហ្គាហ្សា។ ការបញ្ជូនជំនួយទៅក្នុងហ្គាហ្សាក៏នឹងចាប់ផ្តើមឡើងវិញដែរ ទោះបីជាមន្ត្រីអង្គការសហប្រជាជាតិនិយាយថា កម្រិតបច្ចុប្បន្នគឺទាបជាងអ្វីដែលត្រូវការក៏ដោយ។
បទឈប់បាញ់នៅតំបន់ហ្គាហ្សាបានចូលជាធរមានកាលពីថ្ងៃសុក្រ ដែលនេះជាដំណាក់កាលដំបូងនៃផែនការសន្តិភាព ២០ចំណុចរបស់លោក ត្រាំ។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងបន្ទាប់ពីសង្គ្រាមដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហារកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ របស់ពួកហាម៉ាសទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រហែល ១ ២០០នាក់ និងមាន ២៥១នាក់ត្រូវចាប់ជាចំណាប់ខ្មាំង។ នៅក្នុងការឆ្លើយតបយោធារបស់អ៊ីស្រាអែល ប្រជាជនប៉ាឡេស្ទីនជាង ៦៧ ០០០នាក់ រួមទាំងកុមារ ១៨ ០០០នាក់ត្រូវបានសម្លាប់។ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា។
នៅពេលសួរនាំដោយអ្នកសារព័ត៌មានថាតើគាត់ជឿថាបទឈប់បាញ់នឹងបន្តឬក៏អត់នោះ លោក ត្រាំ បានឆ្លើយតបថា «អ្នកទាំងអស់គ្នាសប្បាយចិត្ត ហើយខ្ញុំគិតថាវានឹងនៅដដែល»។ គាត់បានបន្ថែមថា «ខ្ញុំពូកែដោះស្រាយសង្គ្រាម ខ្ញុំពូកែបង្កើតសន្តិភាព»។
លោក ត្រាំ បានបន្ថែមថា លោកសង្ឃឹមថានឹងទៅទស្សនាតំបន់ហ្គាហ្សានាពេលអនាគត ដោយហៅការស្តារឡើងវិញនៃតំបន់នេះថាជា«អព្ភូតហេតុ»ដ៏មានសក្តានុពលក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ។ គាត់បាននិយាយទៀតថា «ក្រុមប្រឹក្សាសន្តិភាព» ថ្មីនឹងត្រូវបានបង្កើត«យ៉ាងឆាប់រហ័ស» ដើម្បីជួយត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ។
មេដឹកនាំអាមេរិកនឹងថ្លែងទៅកាន់សភាអ៊ីស្រាអែល Knesset មុនពេលធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលដ៏ធំមួយនៅទីក្រុង Sharm El-Sheikh ជាមួយប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi។ កិច្ចប្រជុំកំពូលនេះមានការចូលរួមដោយមេដឹកនាំមកពីប្រទេសជាង២០ រួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Sir Keir Starmer និងប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas មានបំណងបញ្ចប់សង្រ្គាមហ្គាហ្សាជាផ្លូវការ និងបង្កើតស្ថិរភាពក្នុងតំបន់។
ក្រសួងការបរទេសអេហ្ស៊ីបបានប្រកាសថា «ឯកសារបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីប» ត្រូវបានគេរំពឹងថានឹងត្រូវចុះហត្ថលេខានៅក្នុងកិច្ចប្រជុំ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានបញ្ជាក់ថា អេហ្ស៊ីបបានអញ្ជើញអ៊ីរ៉ង់ ប៉ុន្តែទីក្រុងតេហេរ៉ង់នឹងមិនចូលរួមទេ ដោយលើកឡើងពីភាពតានតឹងជាមួយប្រទេសលោកខាងលិច។ ទោះយ៉ាងណាក៏ដោយ គាត់បានសរសេរនៅលើ X ថា អ៊ីរ៉ង់«ស្វាគមន៍គំនិតផ្តួចផ្តើមណាមួយដែលបញ្ចប់ការប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅហ្គាហ្សា និងធានាការបណ្តេញកងកម្លាំងដែលឈ្លានពាន»។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បាននិយាយថា យោធានឹងបំផ្លាញបណ្តាញផ្លូវរូងក្រោមដីដែលនៅសេសសល់របស់ក្រុមហាម៉ាស បន្ទាប់ពីចំណាប់ខ្មាំងត្រូវបានប្រគល់មកវិញ។
ទីភ្នាក់ងារមនុស្សធម៌បានព្រមានពីស្ថានការណ៍ដ៏អាក្រក់នៅក្នុងតំបន់ហ្គាហ្សា ដោយអង្គការសហប្រជាជាតិប៉ាន់ស្មានថា ឡានជំនួយចំនួន៦០០គ្រឿងក្នុងមួយថ្ងៃគឺចាំបាច់ដើម្បីចាប់ផ្តើមដោះស្រាយវិបត្តិនេះ។ លោក James Elder នៃអង្គការយូនីសេហ្វ បានលើកឡើងថា ការចែកចាយបច្ចុប្បន្ន«តិចជាងឆ្ងាយ»នៃចំនួនទាំងនោះ។
ប្រជាជនប៉ាឡេស្ទីនដែលត្រឡប់ទៅភាគខាងជើងហ្គាហ្សាវិញ បានពិពណ៌នាអំពីការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដោយផ្ទះជាច្រើនខ្នងបានប្រែក្លាយទៅជាកម្ទេចថ្ម។ ក្រុមជំនួយប៉ាន់ប្រមាណថា តង់ប្រហែល ៣០០ ០០០តង់ត្រូវការជាចាំបាច់សម្រាប់លំនៅដ្ឋានបណ្តោះអាសន្នចំពោះប្រជាជន ១,៥លាននាក់។
របាយការណ៍ក្នុងស្រុកបានឲ្យដឹងថា ក្រុមហាម៉ាសបានហៅសមាជិកកងកម្លាំងសន្តិសុខរបស់ខ្លួនប្រហែល ៧ ០០០នាក់ ដើម្បីទៅគ្រប់គ្រងឡើងវិញលើតំបន់ដែលទាហានអ៊ីស្រាអែលបានចាកចេញនាពេលថ្មីៗ។ ការប៉ះទង្គិចគ្នារវាងក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធក្នុងតំបន់នៃទីក្រុងហ្គាហ្សាកាលពីចុងសប្តាហ៍ បានបណ្តាលឲ្យមនុស្សយ៉ាងតិច២៧នាក់ស្លាប់ ដោយបានគូសបញ្ជាក់អំពីស្ថានភាពសន្តិសុខដ៏ផុយស្រួយ បើទោះបីជាបទឈប់បាញ់កំពុងធ្វើឡើងក៏ដោយ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


