Connect with us

ព័ត៌មានជាតិ

រដ្ឋបាលស្រុកកោះញែក គ្រោងរៀបចំពិធីប្រណាំងទូកខ្នាតតូចលក្ខណៈប្រពៃណីនៅដើមខែវិច្ឆកា

បានផុស

នៅ

ដើម្បីអបអរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅពេលខាងមុខ រដ្ឋបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី គ្រោងរៀបចំពិធីប្រណាំងទូកខ្នាតតូចលក្ខណៈប្រពៃណីរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលិខិតជូនដំណឹង របស់រដ្ឋបាលស្រុកកោះញែក ចេញនៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២៥ ពិធីប្រណាំងទូកនេះ នឹងរៀបចំនៅទំនប់អូរប្រង់ ស្ថិតនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ។ ការបន្តរៀបចំពិធីនេះ ក្នុងគោលបំណង ថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិ និងបង្កភាពសប្បាយរីករាយជូនដល់ប្រជាប្រពលរដ្ឋ។ តាមរយៈសេចក្តីជូនដំណឹងនេះ រដ្ឋបាលស្រុករំពឹងយ៉ាងមុតមាំថា ប្រជាពលរដ្ឋក្នុងខេត្តផ្ទាល់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងអញ្ជើញចូលរួមទស្សនាកម្សាន្តសប្បាយរីករាយទាំងអស់គ្នាឱ្យបានច្រើនកុះករ។

សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជារៀងរាល់ឆ្នាំចំនួន៣ថ្ងៃ នៅថ្ងៃ១៤កើត ១៥កើត និង១រោច ខែកត្តិក ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យប្រពៃណីជាតិ និងបន្តរក្សាទំនៀមទម្លាប់ដ៏ប្រពៃរបស់ខ្មែរដែលមានតាំងពីយូរលង់មកហើយ ដោយមានរៀបចំពិធីប្រណាំងទូកង បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ និងដោយឡែកនៅតាមបណ្តាខេត្តមួយចំនួនក៏បានរៀបចំពិធីនេះផងដែរ។

ប៉ុន្តែ ផ្អែកលើបរិបទបច្ចុប្បន្នកម្ពុជាបាននិងកំពុងបន្តអនុវត្តបទឈប់បាញ់ដោយពេញលេញនិងម៉ឺងម៉ាត់បំផុត ក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ រដ្ឋាភិបាលសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៥។ យ៉ាងណាមិញ ការរៀបចំពិធីបុណ្យអុំទូក នៅតាមបណ្តារាជធានី-ខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម