ព័ត៌មានជាតិ
អាជីវករផ្សារទួលទំពូង ប្ដេជ្ញាពហិការមិនលក់ទំនិញថៃ ដោយសារការឈឺចាប់នឹងទង្វើឈ្លានពាន
អាជីវករលក់ដូរនៅផ្សារទួលទំពូង បានប្ដេជ្ញាពហិការមិនលក់ដូរទំនិញរបស់ប្រទេសថៃទៀតនោះទេ ដោយសារការឈឺចាប់នឹងទង្វើឈ្លានពានរបស់ភាគីថៃ មកលើប្រទេសកម្ពុជា។

លោក ហ៊ុន សំរឹទ្ធ ជាអាជីវករលក់ដូរក្នុងផ្សារទួលទំពូង បានលើកឡើងថា លោកមិនលក់ដូរទំនិញថៃទៀតនោះឡើយ ព្រោះតែការឈឺចាប់លើទង្វើឈ្លានពាន រំលោភបំពាន និងមើលងាយឥតឈប់ពីសំណាក់ភាគីថៃ មកលើថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជន និងប្រទេសកម្ពុជាទាំងមូល។ លោក ហ៊ុន សំរឹទ្ធ ថា ទោះអត់ទំនិញថៃលក់ ក៏ពួកគាត់មានទំនិញខ្មែរលក់ដើម្បីមានលទ្ធភាពផ្គត់ផ្គង់ជីវភាពគ្រួសារបានគ្រប់គ្រាន់ដែរ។ លោកសង្កត់ធ្ងន់ថា បច្ចុប្បន្នប្រជាពលរដ្ឋដែលចេញចូលផ្សារទួលទំពូង គឺបានចូលរួមពហិការ មិនប្រើប្រាស់ផលិតផលសៀមនោះឡើយ ខណៈដែលផលិតខ្មែរក៏មានគុណភាពល្អ។

លោក ចំរើន សុខលីម ប្រធានគណៈកម្មការគ្រប់គ្រងផ្សារទួលទំពូង យល់ឃើញថា ក្នុងកាលៈទេសៈដែលថៃបានបិទព្រំដែននេះ វាបានធ្វើឲ្យខ្មែរកាន់តែរឹងមាំ ពិសេសការងាកមកគាំទ្រលើផលិតផលក្នុងស្រុក ដែលវាជាខឿនដ៏រឹងមាំមួយ ក្នុងការជួយលើកស្ទួយដល់សេដ្ឋកិច្ចជាតិ និងប្រជាជនកម្ពុជាទាំងមូល។ ប្រធានគណៈកម្មការផ្សារបានបញ្ជាក់ថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺបានអភិវឌ្ឍប្រទេសបានលឿន និងសង្ឃឹមជឿជាក់លើសម្តេច ដែលជ្រើសរើសដំណោះស្រាយបញ្ហាជំម្លោះព្រំដែនដោយសន្តិវិធី។

អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានច្រានចោលការលើកឡើងរបស់លោក Surasan Kongsiri អ្នកនាំពាក្យក្រសួងការពារជាតិថៃ ដែលបានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដាក់សម្ពាធឱ្យប្រទេសថៃបើកច្រកព្រំដែននៅថ្ងៃទី២០ តុលា ខាងមុខនេះ។

លោក ជា ធីរិទ្ធ បញ្ជាក់បន្ថែមថា កន្លងទៅ សម្ដេចតេជោ ធ្លាប់បានបញ្ជាក់ពីជំហររបស់សម្ដេច ជាបន្តបន្ទាប់ និងបានផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះទៀតថា “ ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើក មិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង)។ ជំហរកម្ពុជានេះ នឹងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំឱ្យបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ”៕
អត្ថបទ៖ សុភា


-
សន្តិសុខសង្គម៨ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


