Connect with us

ព័ត៌មានជាតិ

ខេត្តក្រចេះ ស្ដារឡើងវិញដំណាំកសិកម្មរង​ផល​ប៉ះពាល់​ពីជំនន់ទឹកភ្លៀង​សរុបចំនួន ៥ ៨២៣​ហិកតា

បានផុស

នៅ

គិតចាប់ពីថ្ងៃទី២ ខែសីហា ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រខេត្តក្រចេះផ្ទៃដីកសិកម្មដែលរង​ផល​ប៉ះពាល់​ហើយ​មានលទ្ធភាពស្ដារឡើងវិញបន្ទាប់ពីជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គមានចំនួនសរុប ៥,៨២៣ ហិកតា ស្មើនឹង ៦,៥៤៣ គ្រួសារ។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ។

កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះបានហក់ឡើងដល់ ២១,៦៧ម៉ែត្រ ដែលជាកម្ពស់ទឹកខ្ពស់ជាងគេនៅក្នុងឆ្នាំ២០២៥នេះ ខណៈកម្ពស់ទឹកប្រុងប្រយត្ន័ គឺ ២២,០០ម៉ែត្រ ដែលបានបង្កផលប៉ះពាល់ដល់ឃុំ សង្កាត់ ចំនួន ៣៩ឃុំ ស្មើនឹង ១៨៩ភូមិ ក្នុងស្រុកក្រុងទាំង៧ ក្នុងខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ បានបង្កផលប៉ះពាល់ដល់វិស័យមួយចំនួនក្នុងខេត្តដូចជា វិស័យសង្គមកិច្ច វិស័យកសិកម្ម និងវិស័យហេដ្ឋារចនាសម្ពន្ធ័។

វិស័យសង្គមកិច្ច៖ ប្រជាពលរដ្ឋរងផលប៉ះពាល់ ចំនួន ១២,៥៦១គ្រួសារ និងបានជម្លៀកប្រជាពលរដ្ឋទៅកាន់ទីទទួលសុវត្ថិភាព ៤០៥គ្រួសារ ប៉ះពាល់ផ្ទះសម្បែង ៥,០៦១គ្រួសារ ស្មើនឹង ៤,៩៩៤ខ្នង, សាលារៀន ៣៣កន្លែង, មណ្ឌលសុខភាព ២កន្លែង, វត្ត/វិហារសាសនា ១៣កន្លែង, អគាររដ្ឋបាលឃុំ ៥កន្លែង, អណ្តូង ៧០៥អណ្តូង និងបង្គន់អនាម័យ ១,៣៩៣បង្គន់។

វិស័យកសិកម្ម៖ ប៉ះពាល់លិចស្រូវសន្ទូង ពង្រោះ សរុប ៤,៦៧៣ហិកតា ស្មើនឹង៤,៧៦៧គ្រួសារ ក្នុងនោះ ស្រុកឆ្លូង ៥៥១ហិកតា ស្មើ ៦៥៦គ្រួសារ ក្រុងក្រចេះ ១២៦ហិកតា ស្មើ ១០៤គ្រួសារ ស្រុក​ព្រែកប្រសព្វ១,៣៣២ហិកតា ស្មើនឹង ១,៥៩៥គ្រួសារ ស្រុកស្នួល ៣៣៨ហិកតា ស្មើនឹង​ ១៧៨គ្រួសារ ស្រុកចិត្របុរី ១,៦៤៤ហិកតា ស្មើនឹង ១,៦៧៥គ្រួសារ ស្រុក​អូរគ្រៀងសែនជ័យ ១៥ហិកតា ស្មើ ២១គ្រួសារ និងស្រុកសំបូរ ៦៦៧ហិកតា ស្មើនឹង ៥៣៨គ្រួសារ។ ខូចខាតស្រូវ ចំនួន ៣,៥២៣ហិកតា ស្មើ ៣,៧៨៣គ្រួសារ និងប៉ះពាល់លិចដំណាំចម្ការ/ដំណាំរួមផ្សំ ដូចជា ដំឡូងមី ពោត ល្ងរ ចំនួន ២៨៨ហិកតា ស្មើនឹង ៥២៤គ្រួសារ។
វិស័យហេដ្ឋារចនាសម្ពន្ធ័៖ លិចផ្លូវលំសរុប ប្រវែង ១៧៤,៣២៥ម៉ែត្រ ផ្លូវបេតុង ប្រវែង ២,៨៩៤ម៉ែត្រ និងស្ពានឈើ ១១កន្លែង។

ជាមួយគ្នានោះ រដ្ឋបាលខេត្តក្រចេះបានរៀបចំក្រុមការងារចុះវាយតម្លៃផលប៉ះពាល់ខូចខាត និងផ្ទៃដីដែលមានលទ្ធភាពស្ដារឡើងវិញ ចំនួន ២លើក។ លើកទី១ ក្រុមការងារចុះវាយតម្លៃផលប៉ះពាល់ ខូចខាត និងផ្ទៃដីដែលមានលទ្ធភាពស្ដារឡើងវិញលើដំណាំកសិកម្មចំនួន ៣,២៦០ហិកតា ស្មើនឹង ៣,៤៩៥គ្រួសារ និងលើកទី២ ផ្ទៃដីដែលមានលទ្ធភាពស្ដារឡើងវិញ លើដំណាំស្រូវ ចំនួន ២,៥៦៣ហិកតា ស្មើនឹង ៣,០៤៨គ្រួសារ ព្រមទាំងបានលើកសំណើ​រសុំគ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាល សម្រាប់យកមកចែកជូនប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ ទាំង ២លើក សរុបចំនួន ៥,៨២៣ហិកតា ស្មើនឹង ៦,៥៤៣គ្រួសារ រួចរាល់ផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម