Connect with us

កីឡា

៥ចំណុច​ត្រូវ​ដឹង​ពី​ការ​ប្រកួត AFC Challenge League ពូល D នៅ​ថ្ងៃអាទិត្យ​នេះ

បានផុស

នៅ

ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​បើក​ទ្វារ​​ ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ទទួល​ក្រុម​បាល់ទាត់​មក​ពី​ប្រទេស​ហ្វីលីពីន ម៉ុងហ្គោលី និង ឡាវ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល D ​ពាន​រង្វាន់​ក្លិប​​អាស៊ី AFC Challenge League ចាប់​ពី​ថ្ងៃ​ទី២៦ ខែ​តុលា ដល់ ទី​១ ខែ​វិច្ឆិកា ឆ្នាំ ២០២៥។

ការ​ចូល​ទស្សនា​ផ្ទាល់​គឺ​ជា​កម្លាំង​ចិត្ត​ដ៏​សំខាន់​រួម​ចំណែក​ជួយ​ដល់​ម្ចាស់​ផ្ទះ កម្ពុជា​បង្កើត​ប្រវត្តិ​សាស្ត្រ​ថ្មី​ៗ​។ ដើម្បី​ងាយ​ស្រួល​ដល់​បង​ប្អូន​សម្រាប់​ការ​ទៅ​ទស្សនា​ផ្ទាល់ សូម​បង្ហាញ​ចំណុច​សំខាន់​ៗដែល​ត្រូវ​ដឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី​១៖ សំបុត្រ​ចូល​ទស្សនា

តម្លៃ​សំបុត្រ​ចំនួន ៨០០០ ​រៀល ទាំង​តំបន់ A និង​តំបន់ B ដែល​អាច​ទស្សនា​បាន​ដល់​ទៅ ២ ប្រកួត​ក្នុង​ ១ ថ្ងៃ។ ការ​ប្រកួត​ ១ ថ្ងៃ គឺ​​គូ​ទី ១​ ចាប់​ផ្តើម​នៅ​វេលា​ម៉ោង ៤ រសៀល និង​គូ​ទី​២ ​នៅ​​​ម៉ោង ៧​យប់។ ដូច្នេះ​អ្នក​គាំទ្រ​ទិញ​សំបុត្រ​តែ​ ១ អាច​ទស្សនា​បាន ២ ប្រកួត​ជាប់​គ្នា។

សំបុត្រ​មាន​ដាក់​លក់​នៅ​តែ​តាម​អនឡាញ (App របស់​ក្លិប) ​សុទ្ធ ដោយ​គ្មាន​ការ​លក់​ជា​សំបុត្រ​នៅ​ខាង​ក្រៅ​ឡើយ។ ការ​ដាក់​លក់​សំបុត្រ​តាម​អនឡាញ​សុទ្ធ​បែប​នេះ​គឺ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​គាំទ្រ​ដោយ​មិន​ចាំ​បាច់​ចំណាយ​ពេល​ទៅ​រកទិញ ហើយ​​ក៏​មិន​បារម្ភ​រហែក​ខូច និង​​មិន​ធ្វើ​ឲ្យ​មាន​សំរាម​ដល់​បរិស្ថាន​។

សូម​បញ្ជាក់​ថា សំបុត្រ​ទស្សនា​​តំបន់ A គឺ​​សម្រាប់​អ្នក​គាំទ្រ​របស់​ក្រុម​ម្ចាស់​ផ្ទះ ខណៈ​តំបន់ B ​​​សម្រាប់​អ្នក​គាំទ្រ​របស់ ក្រុម​ភ្ញៀវ។

ច្រក​ពិនិត្យ​សំបុត្រ​ធំ​ទូលាយ មាន​ច្រើន​ដែល​មិន​ពិបាក​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​តម្រង់​ជួរ​រង់​ចាំ​យូរ​ឡើយ។ ជា​ពិសេស​សំបុត្រ​គឺ​ស្រួល​​ស្កេន​តាម​ទូរសព្ទ​ដែល​ធ្វើ​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​ចូល​ទៅ​ផ្នែក​ខាង​ក្នុង​​​តែ​ម្តង។​

ទី២៖ គូ​ប្រកួត និង​ពេល​វេលា​

ថ្ងៃ​បើក​ឆាក​ ព្រះខ័ន​រាជ​ស្វាយរៀង ប្រកួត​ជា​មួយក្រុម​របស់​ម៉ុងហ្គោលី SP Falcons នៅ​វេលា​ម៉ោង ៤​រសៀល ថ្ងៃ​អាទិត្យ ទី​២៦ ខែ​តុលា ឆ្នាំ ២០២៥ ហើយ​​​ម៉ោង ៧ យប់​​ក្រុម​របស់​ហ្វីលីពីន Manila Digger ប្រកួត​ជា​មួយ​ក្រុម​របស់​ឡាវ Ezra FC។

នៅ​ថ្ងៃ​ពុធ ទី​២៩ ខែ​តុលា ម៉ោង ៤ រសៀល ក្រុម SP Falcons ប្រកួត​ជា​មួយ Manila Digger និង​វេលា​ម៉ោង ៧ យប់ ក្រុម​ម្ចាស់ផ្ទះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រកួត​ជា​មួយ ក្រុម Ezra FC។

ថ្ងៃ​ចុង​ក្រោយ ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ម៉ោង ៤ រសៀល  ក្រុម SP Falcons ប្រកួត​ជា​មួយ​ក្រុម Ezra FC និង​​ម៉ោង ៧ យប់ ថ្ងៃដដែល ព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រកួត​ជា​មួយ Manila FC។

ទី​៣៖ ទីតាំងផ្ញើ​យានយន្ត​

ដូច​ការ​ប្រកួត​មុន​ៗ​ដែរ ទី​តាំង​សម្រាប់​ផ្ញើ​យានយន្ត​​មាន​តែ​នៅ​ក្នុង​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ប៉ុណ្ណោះ។ តម្លៃ​ផ្ញើ​ម៉ូតូ១​គ្រឿង ១០០០​រៀល និង​តម្លៃ​ផ្ញើ​រថយន្ត១គ្រឿង ២០០០​រៀល។ តម្លៃ​នេះ​សម្រាប់​តែ​ក្នុង​បរិវេណ ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ដែល​គ្រប់​គ្រង​ដោយ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត។ ប្រសិន​បើ​បងប្អូន​ផ្ញើ​យានយន្ត​នៅ​កន្លែង​ណា​ផ្សេង ដែល​​មិន​ស្ថិត​​នៅ​​ក្នុង​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ គឺមិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ឡើយ ហើយ​ក៏​អាច​មាន​តម្លៃ​ផ្សេង​ដែរ។

ទី​៤៖ ស្តង់​លក់អាហារ និង​សម្ភារ​ផ្សេង

បង​ប្អូន​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​​ចេញ​ក្រៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ឡើយ ប្រសិន​បើ​ត្រូវ​ការអាហារ ឬ​ភេសជ្ជៈ។ នៅ​ក្នុង​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ មាន​ស្តង់​លក់​ម្ហូប​អាហារ ភេសជ្ជៈ និង​សម្ភារផ្សេង​ជា​ច្រើន។ ជា​មួយ​គ្នា​នេះ ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ក៏​មាន​ស្តង់​លក់​​ខោ​អាវ​កីឡា​របស់​ក្លិប​​​រដូវ​កាល​ថ្មី​ដែរ។

ទី​៥៖ ការ​សម្តែង​ផ្សេង​ៗ

បងប្អូន អ្នក​គាំទ្រ​មិន​ត្រឹម​តែ​​បាន​​ទស្សនា​ការ​ប្រកួត​កីឡា​បាល់ទាត់​កម្រិត​អន្តរជាតិ និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​តំណាង​ឲ្យ​កម្ពុជាប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ទទួល​បាន​សកម្មភាព​សម្តែង​សិល្បៈ​ផ្សេង​ៗ​នៅ​ពេល​ប្រកួត និងចន្លោះ​ម៉ោង​សម្រាក​ក្រោយ​ចប់​ការ​ប្រកួត​វគ្គ​ទី១។ ក្នុង​នោះ ការ​សម្តែង​ពីក្រុមបាហុនិកា​ AirAsia Fun Team លោក ZeDes-ហ្សេដេស និង កញ្ញា ណា សាឌី ជា​ដើម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម