Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ បង្កើនភាពតានតឹងពាណិជ្ជកម្ម​ជាមួយ​កាណាដាជាថ្មី ដោយ​កាត់ផ្ដាច់ការចរចាគ្នា

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​បង្កើនភាព​តានតឹងពាណិជ្ជកម្ម​អាមេរិកខាងជើងជាថ្មី ដោយ​ប្រកាសផ្ដាច់ការចរចាពាណិជ្ជកម្ម​ជាមួយ​ប្រទេសកាណាដា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាស​របស់លោក​ ត្រាំ ធ្វើឡើងដោយសម្អាងពីការផ្សព្វផ្សាយពាណិជ្ជកម្មនៅកាណាដា ដែល​បង្ហាញ​ពី​អតីតប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក រ៉ូណាល់ រីហ្គែន (Ronald Reagan) និយាយជាអវិជ្ជមាន​អំពីពន្ធលើទំនិញប្រទេស។

លោក ​ត្រាំ បាន​សរសេរនៅលើបណ្ដាញសង្គម Truth Social ​យ៉ាងដូច្នេះថា៖ «ដោយផ្អែកលើអាកប្បកិរិយាដ៏​អាក្រក់របស់ពួកគេ ការចរចាពាណិជ្ជកម្មទាំងអស់ជាមួយកាណាដា ត្រូវបានកាត់ផ្ដាច់»។ ​

កាលពីសប្ដាហ៍នេះ អភិបាល​ខេត្ត Ontario របស់កាណាដា លោក Doug Ford បាននិយាយ​ថា ការផ្សព្វ​ផ្សាយពាណិជ្ជកម្មដែលមានសារប្រឆាំងពន្ធគយ បានទាក់ទាញចំណាប់អារម្មណ៍របស់លោក ត្រាំ។ ការផ្សាយ​ពាណិជ្ជកម្ម​របស់់ខេត្ត Ontario បង្ហាញពីលោក រីហ្គែន និយាយរិះគន់ជាទូទៅចំពោះការដាក់ពន្ធគយលើទំនិញនាំចូលពីបរទេស ដោយ​ធ្វើឱ្យ​បាត់បង់ការងារ និងបង្កសង្រ្គាមពាណិជ្ជកម្ម​។ ​

កន្លងមក លោក ត្រាំ បានប្រើប្រាស់គោលនយោបាយពន្ធគយរបស់ខ្លួន ដើម្បីយកប្រៀប​ឥទ្ធិពលរបស់ខ្លួន ប៉ុន្តែបាន​ទាក់ទាញការវាយបកខ្លាំងៗពីប្រទេសផ្សេងៗ រួមទាំងកាណាដា និងជាពិសេសចិន​។ សង្គ្រាមពាណិជ្ជកម្មរបស់លោក បាន​ធ្វើឱ្យពន្ធអាមេរិក​កើនដល់​​កម្រិតខ្ពស់បំផុតចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៣០ ​ខណៈលោក​នៅតែបន្ត​គំរាមកំហែងដំឡើងពន្ធ​ជាបន្តបន្ទាប់បន្ថែមទៀត ដោយបង្កក្ដីបារម្ភសេដ្ឋកិច្ចក្នុងចំណោមអាជីវកម្ម និងសេដ្ឋវិទូ។ ​

ឆ្លើយតប ត្រាំ នាយករដ្ឋមន្រ្តីកាណាដា លោក ​Mark Carney បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកាណាដានឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលទីផ្សាររបស់ខ្លួនដោយ​មិនស្មើភាពគ្នាទេ ប្រសិនបើការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗជាមួយរដ្ឋបាល ត្រាំ បរាជ័យ។ ​

រាប់តាំងពីឡើងកាន់អំណាចអាណត្តិទី២នៅខែមករាមក លោក ត្រាំ បាន​​ដាក់ពន្ធខ្ពស់លើដែកថែប អាលុយមីញ៉ូម និងរថយន្តកាណាដា ដែលជំរុញឱ្យ​រដ្ឋាភិបាល​ក្រុងអូតាវ៉ា ឆ្លើយតបដាក់ការដាក់ពន្ធដូចគ្នា ទោះបីមាន​ការចរចាជាបន្តបន្ទាប់ក្ដី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម