Connect with us

ព័ត៌មានអន្ដរជាតិ

រោងចក្រ និងកំពង់ផែចិន នៅតែមមាញឹក «ដូចគ្មានពន្ធ ត្រាំ» ​មុនចូលឆ្នាំចិន

បានផុស

នៅ

មួយឆ្នាំក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឡើងកាន់អំណាចហើយដាក់ពន្ធខ្ពស់ ​រោងចក្រ និងកំពង់ផែរបស់ចិននាពេលនេះ កំពុងមមាញឹកខ្លាំង​​មុនបុណ្យចូលឆ្នាំចិន ដោយឃើញ​ទាំង​កំណើនសកម្មភាពពាណិជ្ជកម្មទៀតផង ​រហូតដល់អ្នកជំនាញខ្លះ​ពិពណ៌នាថា «ដូចគ្មានពន្ធ ត្រាំ»។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNBC កាលពីថ្ងៃពុធ (១១ កុម្ភៈ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាធម្មតា សកម្មភាពរោងចក្រចិន​កើនឡើងនៅដើមឆ្នាំ ដោយក្រុមហ៊ុនផលិតនានាប្រញាប់ប្រញាល់បំពេញតម្រូវការបញ្ជាទិញ និងដឹកជញ្ជូនទំនិញ មុន​ចូលដល់ថ្ងៃ​​បុណ្យចូលឆ្នាំចិន។ ​ភាពមមាញឹក​មុនថ្ងៃឈប់សម្រាកនៅឆ្នាំនេះ ហាក់ដូចជាខ្លាំងដូចរាល់ដង ទោះបីជាមានការដំឡើងពន្ធរបស់ពី ត្រាំ ក្ដី។​​

លោក Renaud Anjoran ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក​នៅខេត្តក្វាងទុង Agilian Technology ​បាននិយាយថា រោងចក្ររបស់លោក​ដំណើរការស្ទើរតែពេញចំណុះ ទោះបីជារង​ការដាក់ពន្ធរយៈពេលមួយឆ្នាំហើយក្ដី។

លោកថ្លែងយ៉ាងដូច្នេះថា៖ «យើងរវល់ខ្លាំងណាស់។ ​យើង​ត្រលប់ទៅស្ថានភាពដែល​ដូចជា​គ្មាន​ពន្ធគយ។ អតិថិជនអាមេរិកមិន​បាន​គិតគូរ​អំពីការទិញទំនិញ​ពីកន្លែងផ្សេងទៀតទេ»។ លោកបន្ថែមថា ​អតិថិជនមួយចំនួនត្រូវចំណាយ​បន្ថែមដើម្បីទិញ និង​ដឹកជញ្ជូនទំនិញទៀតផង​។

រោងចក្ររបស់លោកនៅក្នុងទីក្រុង Dongguan ​នាំចេញ​ផលិតផលជាងពាក់កណ្តាលរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក ដោយរក្សាការនាំចេញនៅកម្រិត​ដូចមុនពេលលោក ត្រាំ ដាក់ពន្ធកាលពីឆ្នាំមុនដែរ។

​ដោយឡែក ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ China Beige Book ​ដែលផ្ដោតលើទីផ្សារចិន បាន​និយាយថា៖ «​រោងចក្រនានាបានឃើញការបញ្ជាទិញ ផលិតកម្ម និងប្រាក់ចំណូលកើនឡើងខ្ពស់ មុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន»។ ក្រុមហ៊ុន​បាន​ប៉ាន់ប្រមាណថា ក្នុងខែមករា ទិន្នផលឧស្សាហកម្មបានកើនឡើងបើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយការបញ្ជាទិញក្នុងស្រុក និងនាំចេញ «បានកើនឡើងយ៉ាងខ្លាំងធៀបនឹងឆ្នាំមុន និងខែមុន(ធ្នូ ២០២៥)»។

ទិន្នន័យផ្លូវការអំពីទិន្នផលឧស្សាហកម្មសម្រាប់ខែមករា និងកុម្ភៈពីរដ្ឋាភិបាលចិន គ្រោង​នឹង​ចេញនៅខែក្រោយ។​

កំពង់ផែសំខាន់ៗរបស់​ចិន ​មាន​កុងតឺន័រច្រើនជាងធម្មតា រហូតដល់ ៤០% ក្នុងសប្តាហ៍​គិតថ្ងៃទី ១ ខែកុម្ភៈ បើប្រៀបធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំមុន ដែល​នេះគឺជាកំណើន​ខ្លាំង​បំផុតក្នុងរយៈពេលជាង១​ឆ្នាំ​។ នេះ​បើ​​​តាម​ក្រុម​អ្នកវិភាគ​ផ្នែក​ដឹកជញ្ជូន និង​ភស្តុភារ​នៅ​ធនាគារ HSBC។

នៅកំពង់ផែទីក្រុង Ningbo ដែលជាកំពង់ផែសំខាន់មួយរបស់​ចិន ​កន្លែងចុះចត​ទំនិញ​សុទ្ធតែដាក់លើសចំណុះ។ ​កប៉ាល់មួយចំនួនត្រូវបានកក់ឱ្យដឹកទំនិញលើសកំណត់របស់ខ្លួនដល់ទៅ ២០% ខណៈកំពង់ផែដដែលបាន​ឈប់ទទួលយកកុងតឺន័រថ្មី។ ​នេះបើតាមការអះអាងរបស់លោក Jay Guo សាកលវិទ្យាធិការនៃវិទ្យាស្ថាន Ningbo China សម្រាប់នវានុវត្តន៍ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់។

ភាពមមាញឹកបែបនេះ ក៏បាន​ជំរុញឱ្យមាន​កំណើនតម្លៃដឹកជញ្ជូនផងដែរ ខណៈអ្នកជំនាញទីផ្សារខ្លះបាន​លើកឡើងថា ​ភាពមមាញឹកនៅ​រោងចក្រចិនកើតឡើងទោះបីជាក្រុមហ៊ុននានា កំពុងស្វែងរកការធ្វើពិពិធកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពួកគេក្ដី។ ក្រុមហ៊ុនពហុជាតិជាច្រើនកំពុងពន្លឿនយុទ្ធសាស្ត្រផ្គត់ផ្គង់ «ចិន+១» នៅអាស៊ីអាគ្នេយ៍ និងនៅជិតទីផ្សារដូចជាម៉ិកស៊ិក និងផ្នែកខ្លះនៃអឺរ៉ុប ប៉ុន្តែពួកគេនៅតែបន្តរក្សាផលិតកម្ម ឬការផ្គត់ផ្គង់ដ៏សំខាន់នៅ​ចិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម