Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថានបណ្តុះគំនិតស្អាត និងបៃតងដល់សិស្សានុសិស្សក្នុងខេត្តមណ្ឌលគិរី  ដើម្បីឲ្យចេះស្រឡាញ់ ថែរក្សា សម្អាតបរិស្ថាន ធនធានធម្មជាតិ

បានផុស

នៅ

ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២៥ ខែតុលា បានបើកយុទ្ធនាការផ្សព្វផ្សាយជំរុញសកម្មភាពដើម្បីបរិស្ថាន ក្រោមប្រធានបទ៖ «ការបណ្តុះគំនិតស្អាត និងបៃតងនៅតាមសហគមន៍មូលដ្ឋាន» ដល់សិស្សានុសិស្សនៅវិទ្យាល័យកែវសីមា ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងបំណងឱ្យសិស្សានុសិស្សនិងពលរដ្ឋ មានស្មារតី និងផ្លាស់ប្តូរឥរិយាបទងាកមកចេះស្រឡាញ់ ថែរក្សា និងជាពិសេសការសម្អាតអនាម័យបរិស្ថានឲ្យបានស្អាត ថែរក្សាធនធានធម្មជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលរងខេត្តមណ្ឌលគីរី លោក   ងិន សុវិមាន ជឿជាក់ថា ការបើកយុទ្ធនាការផ្សព្វផ្សាយជំរុញសកម្មភាពដើម្បីបរិស្ថាន ក្រោមប្រធានបទ៖ «ការបណ្តុះគំនិតស្អាត និងបៃតងនៅតាមសហគមន៍មូលដ្ឋាន»នេះ និងក្លាយជាចលករដែលជំរុញឲ្យមានការផ្តើមសកម្មភាពមេត្រីភាពបរិស្ថានចេញពីបុគ្គលម្នាក់ៗក្នុងការចេះទទួលខុសត្រូវ សម្អាតបរិស្ថាន និងរក្សាភាពបៃតង នៅតាមអង្គភាព សហគមន៍ រៀងៗខ្លួន។

រដ្ឋលេខាធិការក្រសួងបរិស្ថានលោក ជួប ប៉ារីស៍ ឱ្យដឹងថា រយៈពេលពីរឆ្នាំកន្លងមកនេះ ដើម្បីគាំទ្រដល់គោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសសរស្តម្ភ៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានកំណត់ទិសដៅអាទិភាព គឺការលើកកម្ពស់​ការ​យល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទ និងទម្លា​​​ប់ការរស់នៅរបស់​ប្រជាពលរដ្ឋកម្ពុជា ក្នុងការរស់នៅស្អាត មានបរិស្ថានបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយគ្នានេះក្រសួងបរិស្ថាន បានដាក់ចេញគោលដៅនៃការអប់រំ និងការ​ផ្លាស់​ប្តូរ​ទម្លាប់ នៃការរស់នៅជាចម្បង គឺផ្តោតលើការអប់រំសិស្សានុសិស្ស នៅតាមសា​លា​រៀន ដែលមានលទ្ធភាពក្នុងការជួយពង្រីកការអប់រំ​ដល់​សមាជិក​គ្រួសារ និងសង្គមផងដែរ។

លោក ជួប ប៉ារីស៍ គូសបញ្ជាក់ថា ការ​ថែរក្សាការពារបរិស្ថាន មិនមែនត្រឹមតែជាកាតព្វកិច្ចនោះទេ តែគឺជាការចូលរួមដោយក្ដីស្រឡាញ់ និងមានចិត្តស្មោះចាប់ផ្តើមពីពលរដ្ឋទាំងអស់គ្នា ធ្វើឱ្យកម្ពុជា​កាន់តែមានបរិស្ថាន​​ស្អាត ការរស់នៅប្រកប​ដោយ​ផាសុកភាព ប្រជាជនមានសុខភាពល្អ និងមូលដ្ឋានមានសោភ័ណភាព។

មន្ត្រីជាន់ខ្ពស់រូបនេះ ដាស់តឿន ណែនាំសិស្សានុសិស្ស ក្នុងស្រុកកែវសីម៉ា នៃខេត្តមណ្ឌលគីរី ខេត្តគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ  ត្រូវចេះស្រឡាញ់ គិតគូរអំពីបរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃឱ្យបានមកនៅតិចបំផុត  រក្សាភាពស្អាត បៃតងឱ្យបានជាប់ជាប្រចាំ ជួយឱ្យខេត្តកាន់តែមានសោភ័ណភាពស្រស់បំព្រងទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកកំសាន្តក្នុងខេត្តកាន់តែច្រើន និងចូលរួមដាំកូនឈើ ថែរក្សាដើមឈើ ដើម្បីទ្រទ្រង់បរិស្ថានទាំងមូល និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

បន្ថែមពីនេះ លោក ជួប ប៉ារីស៍ គូសបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយជំរុញសកម្មភាពដើម្បីបរិស្ថាន ក្រោមប្រធានបទ៖ «ការបណ្តុះគំនិតស្អាត និងបៃតងនៅតាមសហគមន៍មូលដ្ឋាន»  គឺជាសក្ខីភាព នៃការគាំទ្រនៃកិច្ចសហការដល់ក្រសួងបរិស្ថានគឺការចូលរួមក្នុងការជំរុញសកម្មភាពដើម្បីកម្ពុជាមានភាពស្អាត ទប់ស្កាត់ការបំពុលបរិស្ថានចេញពីសំរាមនិងសំណល់ប្លាស្ទិក  ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលទាមទារការចូលរួមទទួលខុសត្រូវ និងមានការផ្លាស់ប្តូរទម្លាប់នៅក្នុងការរស់នៅ ការធ្វើអាជីវកម្ម និងផលិតកម្ម ដោយប្រកាន់ខ្ជាប់នូវកាតព្វកិច្ច ជាពលរដ្ឋល្អក្នុងការចូលរួមគ្រប់គ្រងសំរាម តាមលំនៅដ្ឋាន ភូមិឋាន វត្តអារាម ទីសាធារណៈ តាមផ្លូវជាតិនានា ការធ្វើអនាម័យបរិស្ថាន ថែរក្សាបរិស្ថានក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែធ្វើបាន» និង «ផ្លូវជាតិ គ្មានសំរាម សំណល់ប្លាស្ទិក» ដែលជាបុរេលក្ខខណ្ឌកំណត់ភាពជោគជ័យនៃភូមិ ឃុំ សង្កាត់ ទាំងអស់ទទួលបានបរិស្ថានស្អាត សោភ័ណភាពល្អ ដែលជាចលកររុញច្រានកំណើនសេដ្ឋកិច្ចមូលដ្ឋានរបស់ខេត្ត ក៏ដូចជាលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសុខមាលភាពសាធារណៈ តាមរយៈការ លើកស្ទួយវិស័យទេសចរណ៍ និងទីផ្សារផលិតផលនៅក្នុងមូលដ្ឋាន។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានដដែល អះអាងថា ក្រសួងបរិស្ថានលើកទឹកចិត្ត ដល់គ្រប់ស្ថាប័នទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋាន ត្រូវយកចិត្តទុកដាក់អនុវត្តយុទ្ធនាការដែលបានដាក់ចេញជាជំហានៗ ដើម្បីជំរុញភាពស្អាត ភាពបៃតង ដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គម និងបរិស្ថានប្រកបដោយចីរភាព។


ទន្ទឹមនេះ ក្រសួងបរិស្ថាននឹងបន្តចូលរួមយ៉ាងស៊ីជម្រៅក្នុងយុទ្ធសាស្ត្រដើម្បីកម្ពុជាស្អាត ដោយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាបណ្តើរៗ ចាត់ចែងគ្រប់គ្រងសំណល់រឹង និងរាវឱ្យបានសមស្រប ការដាំដើមឈើយ៉ាងហោចណាស់ ១លានដើមក្នុងមួយឆ្នាំៗ ឆ្ពោះទៅការពង្រីកគម្របព្រៃឈើឱ្យបានច្រើននៅឆ្នាំ២០៥០៕

ដោយ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម