សុខភាព
ក្រសួងសុខាភិបាលលើកទឹកចិត្តពលរដ្ឋអាយុ លើស៤០ឆ្នាំឡើងទៅពិនិត្យសម្ពាធឈាមបង្ការជំងឺដាច់សរសៃឈាមខួរក្បាល
ក្រសួងសុខាភិបាលបានធ្វើការលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលមានអាយុ៤០ឡើង ទៅពិនិត្យសម្ពាធឈាមនៅមណ្ឌលសុខភាព ឬនៅមន្ទីរពេទ្យនានាដែលនៅជិតបំផុតដើម្បីបង្ការជំងឺដាច់សរសៃឈាមខួរក្បាលធ្វើឱ្យពិការ ឬប៉ះពាល់ដល់អាយុជីវិត។

នៅក្នុងសារអប់រំវីដេអូខ្លីរបស់ក្រសួងសុខាភិបាលដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៧តុលានេះ បានឱ្យដឹងថា នៅពេលប្រជាពលរដ្ឋបានដឹងមុនពីជំងឺសម្ពាធឈាមនឹងអាចការពារជីវិត និងបង្ការពិការភាព បណ្តាលពីជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ដែលបណ្តលមកពីជំងឺលើសសម្ពាធឈាមបាន។ ព្រោះថា ជំងឺលើសសម្ពាធឈាមនេះពេលដំបូងមិនមានចេញជារោគសញ្ញាណាមួយឱ្យយើងបានដឹងនោះទេ ហើយប្រសិនបើយើងមិនបានទៅពិនិត្យសុខភាពទេវានឹងមានផលប៉ះពាល់ដល់អាយុជីវិតយ៉ាងស្ងៀមស្ងាត់ ពិសេសអ្នកដែលមានអាយុលើសពី៤០ឆ្នាំឡើងទៅ អ្នកលើសទម្ងន់ ឬអ្នកដែលក្រុមគ្រួសារមានប្រវត្តិធ្លាប់កើតមានជំងឺលើសសម្ពាធឈាមត្រូវទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យនានាដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលបានការព្យាបាលទាន់ពេលបង្ការគ្រោះថ្នាក់ដាច់សសៃឈាមខួរក្បាល។

បើតាមក្រសួងសុខាភិបាលមានមូលហេតុជាច្រើនដែលបណ្តាលឱ្យអ្នកកើតជំងឺឡើងសម្ពាធឈាមក្នុងនោះរួមមានទម្លាប់មិនល្អក្នុងការរស់នៅមួយចំនួនដូចជា របបអាហារមិនមានសុខភាព អាហារសម្បូរជាតិខ្លាញ់ ប្រៃខ្លាំង ផ្អែមខ្លាំង កង្វះសកម្មភាពរាងកាយ ឬហាត់ប្រាណ ការប្រើប្រាស់ថ្នាំជក់ និងគ្រឿងស្រវឹងជាដើម។

ក្រសួងសុខាភិបាលបានណែនាំដល់ប្រជាពលរដ្ឋដែលមានសុខភាពល្អត្រូវបន្តមកពិនិត្យសុខភាពឱ្យបានទៀតទាត់ និងត្រូវផ្លាស់ប្តូរឥរិយាបថក្នុងការរស់នៅផងដែរដូចជាត្រូវកាត់បន្ថយអាហារដែលមានជាតិប្រៃដូចជាការដាក់អំបិល ទឹកស៊ីអ៊ីវ ទឹកត្រី ប៊ីចេង និងម្សៅស៊ុប កាត់បន្ថយការបន្ថែមទឹកជ្រលក់ផ្សេងៗទៀតផងដែរ។

ក្នុងពិធីបិទសន្និបាតលើកទី៤៤ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥កន្លងទៅ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ការប្រើប្រាស់សេវាជំងឺមិនឆ្លងចម្បងៗនៅក្នុងឆ្នាំ២០២៤ បានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសការប្រើប្រាស់សេវាជំងឺទឹកនោមផ្អែមដែលមានការកើនឡើង៥៩% និងជំងឺឡើងសម្ពាធឈាមកើនឡើង២១%។

បើតាមលោករដ្ឋមន្ត្រី ជំងឺមិនឆ្លងចម្បងៗដូចជា ជំងឺទឹកនោមផ្អែម ជំងឺឡើងសម្ពាធឈាម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរាំរ៉ៃ ជាមូលហេតុចម្បងនៃការស្លាប់ និងពិការភាពរបស់ប្រជាជនកម្ពុជា ខណៈដែលកម្ពុជាកំពុងស្ថិតឈានទៅកាន់សង្គមដែលមានមនុស្សវ័យចាស់កាន់តែច្រើន។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីឆ្ពោះទៅកាន់គោលដៅនៃការគ្រប់គ្រងគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០៣៥ ប្រព័ន្ធសុខាភិបាល បន្តពង្រីក និងអភិវឌ្ឍសេវាថែទាំសុខភាព ព្រមទាំងលើកកម្ពស់គុណភាពសេវាជាប្រចាំ។ យន្តការស្ថាប័ន និងប្រព័ន្ធអង្គេតតាមដាន និងឆ្លើយតបជំងឺឆ្លង និងគ្រោះអាសន្នសុខភាពសាធារណៈ នៅតែបន្តភាពបុរសកម្ម សកម្ម និងអន្តរសកម្ម ដោយបន្តគ្រប់គ្រងជំងឺឆ្លងដែលលេចឡើង ឬលេចឡើងសាជាថ្មី ដូចជាជំងឺកូវីដ១៩ ជំងឺអុតស្វា ជំងឺផ្តាសាយបក្សីជាដើម៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


