Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំបរទេស៥រូប ធ្លាប់​ជិះរថយន្ត The Beast ជាមួយលោក ត្រាំ

បានផុស

នៅ

សម្រាប់ពិធីសារសន្តិសុខស្តង់ដាររបស់សហរដ្ឋអាមេរិក, រថយន្ត The Beast គឺតម្រូវឲ្យតែប្រធានាធិប​តីមហាអំណាចអាមេរិកជិះតែម្នាក់ឯងឬជាមួយសមាជិកគ្រួសារ/បុគ្គលិករបស់សេតវិមានប៉ុណ្ណោះ ព្រោះតែរថយន្តនេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់សុវត្ថិភាពខ្ពស់បំផុតរបស់ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដ្បិតតែមានអំណាចធំមែន ប៉ុន្តែប្រធានាធិបតីអាមេរិក ក៏ត្រូវគោរពពិធីសារសន្តិសុខដែរ ពោលគឺមិនអាចអញ្ជើញមេដឹកនាំផ្សេងទៀតឲ្យមកជិះរថយន្តនេះជាមួយគ្នា ស្រេចតែចិត្តនោះទេ។

យ៉ាងណា លោក ដូណាល់ ត្រាំ ហាក់មិនខ្វាយខ្វល់ឡើយ ហើយប្រធានាធិបតីអាមេរិករូបនេះ ធ្លាប់បានអញ្ជើញមេដឹកនាំបរទេសមួយចំនួន ឲ្យមកជិះរថយន្តជាមួយគ្នាថែមទៀតផង។

ខាងក្រោមនេះគឺជាមេដឹកនាំបរទេស៥រូប ដែលធ្លាប់ជិះរថយន្ត The Beast ជាមួយលោកត្រាំ៖

1. ប្រធានាធិបតីបារាំង អេម៉ាណូអែល ម៉ាក្រុង

      លោក ត្រាំ និង ម៉ាក្រុង បានជិះរថយន្ត The Beast ជាមួយគ្នាឆ្ពោះទៅកាន់វិមានប្រធានាធិបតីក្នុងទីក្រុងប៉ារីស។ រឿងនេះកើតឡើងក្នុងអំឡុងដំណើរទស្សនកិច្ចនៅដើមអាណត្តិរបស់លោក ត្រា កាលពីឆ្នាំ២០១៧ ដែលបង្ហាញពីភាពស្និទ្ធស្នាលនិងចំណងមិត្តភាពជិតស្និទ្ធជាមួយមេដឹកនាំបារាំង។

      2. អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ

      ក្នុងដំណើរទស្សនកិច្ចសហរដ្ឋអាមេរិកឆ្នាំ២០១៧ លោកត្រាំ បានអញ្ជើញលោកអាបេ ឲ្យជិះរថយន្ត The Beast ឆ្ពោះទៅទីលានវាយកូនគោលរដ្ឋហ្វ្លរីដា ដែលកាយវិការនេះបង្ហាញពីចំណងទាក់ទងនិងសម្ព័ន្ធភាពដ៏ស្អិតរមួតរវាងមេដឹកនាំនិងប្រជាជាតិទាំងពីរ។

      3. អតីតនាយករដ្ឋមន្ត្រីអូស្រ្តាលី ម៉ាល់ខុម ថឺនប៊ូល

      អំឡុងកិច្ចប្រជុំ G20 នៅទីក្រុង Hamburg នៃប្រទេសអាល្លឺម៉ង់ កាលពីខែកក្កដាឆ្នាំ២០១៧ លោកត្រាំ បានអញ្ជើញលោក ថឺនប៊ូល ឲ្យជិះ The Beast ជាមួយគ្នា ឆ្ពោះទៅកាន់សាលប្រគំតន្ត្រី ដែលក្នុងរថយន្តនោះក៏មានជំទាវទីមួយអាមេរិក មេឡានៀ ត្រាំ និងភរិយាលោក ថឺនប៊ូល គឺលោកស្រី លូស៊ី ថឺនប៊ូល ផងដែរ។

      4. ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន

      កាលពីខែសីហាឆ្នាំ២០២៥ លោកពូទីននិងលោកត្រាំ បានជិះរថយន្តជាមួយគ្នា នៅពេលដឹកនាំទាំងពីរ ​ធ្វើដំណើរទៅកាន់កន្លែងរៀបចំកិច្ចប្រជុំកំពូលក្នុងទីក្រុង Anchorage នៃរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។

      5. នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម

      នៅខែតុលាឆ្នាំ២០២៥ លោកត្រាំ បានអញ្ជើញលោកអាន់វ៉ា ឲ្យចូលជិះរថយន្តជាមួយគ្នា ឆ្ពោះទៅកាន់សាលរៀបចំកម្មវិធីនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧នៅទីក្រុងគូឡាឡាំពួ។ រឿងមិននឹកស្មានដល់នេះ ត្រូវគេមើលឃើញថាជាសញ្ញានៃទំនាក់ទំនងផ្ទាល់ខ្លួនដ៏រឹងមាំ និងជំរុញទម្រង់ការទូតរបស់ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន៕

      អត្ថបទ៖ សុខ សុវណ្ណ

      ចុចអាន៖ កម្រណាស់! ត្រាំ សុខចិត្តបំពានពិធីសារសន្តិសុខ​ ដោយ​អញ្ជើញលោក អាន់វ៉ា មកជិះរថយន្ត «The Beast» ជាមួយគ្នា

      Helistar Cambodia - Helicopter Charter Services
      Sokimex Investment Group
      Sokha Hotels

      ព័ត៌មានពេញនិយម