Connect with us

ព័ត៌មានជាតិ

ពលរដ្ឋជាង ១៤ម៉ឺននាក់បានស្នើចុះឈ្មោះចូលរៀនជំនាញ TVET ១,៥លាននាក់របស់សម្តេចធិបតី

បានផុស

នៅ

យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅបានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) កើនឡើងដល់ជាង ១៤ម៉ឺននាក់ ក្នុងនោះអ្នកមានបណ្ណសមធម៌មានជាង ៦ម៉ឺននាក់។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រាប់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥នេះ យុវជនដែលបានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) មានចំនួន ១៤២ ៩៧៥នាក់ ក្នុងនោះអ្នកមានបណ្ណសមធម៌ ៦០ ៩៣៥នាក់។

លោកបន្តថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ សិស្សដែលកំពុងរៀនមានចំនួន ២៤ ០៦២នាក់ សិស្សបានបញ្ចប់ការសិក្សាចំនួន ៦៣ ៦២៧នាក់ និងសិស្សដែលទទួលបានការងារធ្វើមានចំនួន ៣២ ៣០១នាក់។ ក្នុងចំណោមសិស្សកំពុងរៀន សិស្សបញ្ចប់ការសិក្សា និងសិស្សដែលទទួលបានការងារធ្វើនេះ អ្នកមានបណ្ណសមធម៌សរុបមានជំនួន ៥៩ ៣៦៧នាក់។

អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវជាថ្មីទៀតដល់យុវជន ជាពិសេស អតីតពលករដែលត្រឡប់មកពីប្រទេសថៃ សូមចុះឈ្មោះចូលរៀនក្នុងកម្មវិធី TVET 1.5M ដើម្បីមានជំនាញពិតប្រាកដទៅបម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រនានា ឬអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន និងមានជីវភាពល្អប្រសើររួមចំណែករក្សានូវស្ថិរភាពការងារ, កំណើនផលិតភាព អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួនប្រមាណ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងបានប្រកាសដាក់ឱ្យអនុវត្តដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម