Connect with us

ព័ត៌មានជាតិ

ISC ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ក្រោយ​ថៃ​ប្រកាស​ផ្អាក​កិច្ច​ព្រមព្រៀង​សន្តិភាព​ជាមួយ​កម្ពុជា

បានផុស

នៅ

សន្និសីទ​ប្រធាន​សភា​នៃ​អន្តរ​សភា​ហៅ​កាត់​ថា ISC បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​គោរព​ និង​អនុវត្ត​ពេញ​លេញ​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​កម្ពុជា​ថៃ ស្រប​ពេល​ដែល​អង្គការ​ពិភពលោក​មួយ​នេះ​បាន​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រកាស​ផ្អាក​កិច្ច​ព្រមព្រៀង​សន្តិភាព​ដោយ​អាជ្ញាធរ​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២៥​ ISC ដែល​តំណាង​ឱ្យ​សភា​ជិត​៥០​ប្រទេស​បាន​លើក​ឡើង​ថា​កិច្ច​ព្រមព្រៀង​សន្តិភាព​ដែល​កម្ពុជា​និង​ថៃ​សម្រេច​បាន​គឺ​ជា​ការ​រក​បាន​ដោយ​លំបាក​និងកំពុង​ស្ថិត​ក្នុង​ភាព​ផុត​ស្រួយ​បំផុត​។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​ ISC បាន​លើក​ឡើង​ថា​៖ «យើង​សូម​អំពាវនាវ​ដោយ​ស្មោះ​ស្ម័គ្រ​ដល់​ភាគី​ទាំង​ពីរ​ឱ្យ​គោរព​យ៉ាង​ម៉ឺងម៉ាត់​និង​អនុវត្ត​ពេញ​លេញ​នូវ​គោល​ការណ៍​ដែល​បាន​ឯកភាព​គ្នា​នៅ​លើ​សេចក្ដី​ប្រកាស​រួម​ ដើម្បី​បន្ធូរបន្ថយ​ភាព​តាន​តឹង​ ស្ដារ​ទំនុក​ចិត្ត​ និង​សន្តិភាព​តាម​ព្រំដែន​ ដោះស្រាយ​ភាព​ខុស​គ្នា​ដោយ​សន្តិភាព»

ISC ក៏​បាន​អំពាវនាវ​ឱ្យ​ថៃ​ដោះ​លែង​ទាហាន​ខ្មែរ​ទាំង​១៨​នាក់​មក​វិញ​ជា​បន្ទាន់​ផង​ដែរ ដើម្បី​បង្ហាញ​ពី​បំណង​និង​ឆន្ទៈ​ល្អ​ក្នុង​ការ​លើក​កម្ពស់​ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។

​រដ្ឋាភិបាល​និង​យោធា​ថៃ​បាន​ប្រកាស​ផ្អាក​ការ​អនុវត្ត​សេចក្ដី​ថ្លែង​ការណ៍​រួម​ស្ដីពី​សន្ដិភាព​ជាមួយ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ដោយ​ផ្អាក​ការ​ដោះលែង​ទាហាន​ខ្មែរ​ដែល​គ្រោង​បញ្ជូន​មក​វិញ​នៅ​ថ្ងៃទី​១២​ ខែ​វិច្ឆិកា​ផង​ដែរ​។ ការ​សម្រេច​ផ្អាក​នេះ​ដោយ​ថៃ​លើក​ឡើង​ពី​ករណី​ដែល​ទាហាន​របស់​ខ្លួន​ដើរ​ជាន់​មីន​នៅ​ត្រង់​ចំណុច​ភូមិសាស្ត្រ​ក្បែរ​ប្រាសាទ​ព្រះវិហារ​កម្ពុជា។

២​ថ្ងៃ​ក្រោយ​ពី​ប្រកាស​ផ្អាក​សន្ដិភាព​ជាមួយ​កម្ពុជា​ទាហាន​ថៃ​បាន​បើក​ការ​បាញ់​រះ​លើ​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បីជាន់​ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្នាក់​បាត់​បង់​ជីវិត និង​៣នាក់​ផ្សេង​ទៀត​រងរបួស៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម