Connect with us

ព័ត៌មានអន្ដរជាតិ

សិស្សសាលាទូទាំងប្រទេសថៃ ប្រឈមគ្រោះថ្នាក់ដល់សុខភាព ព្រោះខ្យល់ពុល

បានផុស

នៅ

ខ្យល់ពុល PM2.5 នៅថៃ កាន់តែធ្ងន់ធ្ងរទៅៗ ហើយពេលនេះ ក៏មានការព្រមានឲ្យសាលារៀនទូទាំងប្រទេស ត្រូវត្រៀមចាត់វិធានការការពារ ដោយសារតែហានិភ័យប៉ះពាល់ដល់សុខភាពសិស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
សិស្សសាលាថៃ (រូបថត៖ Nation)

កាសែត Bangkok Post បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងអប់រំថៃលោកស្រី Narumon Pinyosinwat ដែលនិយាយកាលពីថ្ងៃពុធទី៣ខែធ្នូឆ្នាំ២០២៥ថា សូមសាលារៀនទាំងឡាយប្រាប់ឲ្យសិស្សផ្អាកសកម្មភាពខាងក្រៅនិងត្រូវពាក់ម៉ាសជាប់ជានិច្ចព្រោះស្ថានភាពខ្យល់ពុល PM2.5 ពេលនេះ កាន់តែធ្ងន់ធ្ងរ លើសកម្រិតសុវត្ថិភាពហើយ។

ទន្ទឹមនោះ លោកស្រីបានអំពាវនាវដល់ភ្នាក់ងារពាក់ព័ន្ធទាំងអស់ ត្រូវតាមដានស្ថានភាពខ្យល់ពុលឲ្យបានដិតដល់ ដើម្បីស្រួលវាយតម្លៃហានិភ័យដល់សិស្ស គ្រូបង្រៀននិងបុគ្គលិកសាលារៀន។

រដ្ឋមន្ត្រីក្រសួងអប់រំថៃលោកស្រី Narumon Pinyosinwat (រូបថត៖ Bangkok Post)

មុននេះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Phatthana បានឲ្យដឹងថា ខ្យល់ពុល PM2.5 ដ៏អាក្រក់ នឹងវាយប្រហារប្រទេសថៃ រហូតដល់ដើមឆ្នាំក្រោយឯណោះ។ ទន្ទឹមនោះ លោកបានព្រមានឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នជាពិសេសក្រុមមនុស្សងាយរងគ្រោះដូចជាកុមារតូចៗ ស្រ្តីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកមានជំងឺរ៉ាំរ៉ៃ ជាពិសេសអ្នកមានជំងឺផ្លូវដង្ហើម ត្រូវចៀសវាងសកម្មភាពខាងក្រៅ ឬពាក់ម៉ាសឲ្យបានជាប់ជានិច្ចពេលចេញទៅណាមកណា។

ការព្រមាននេះកើតឡើងស្របពេល ខ្យល់ពុល PM2.5 បានឈានដល់កម្រិតប្រកាសអាសន្នពណ៌ក្រហម នៅក្នុងទីក្រុងបាងកកនិងខេត្តចំនួន១៤។ 

ខ្យល់ពុលនៅបាងកក (រូបថត៖ Bangkok Post)

ខ្យល់ពុលកម្រិតប្រកាសអាសន្នពណ៌ក្រហមបានគ្របដណ្តប់ទីក្រុងបាងកក, ខេត្ត Samut Sakhon, Nonthaburi, Nakhon Pathom, Samut Prakan, Pathum Thani, Chonburi, Chachoengsao, Rayong, Ratchaburi, Chanthaburi, Trat, Prachinburi, Samut Songkhram និង Phetchaburi។

ទីភ្នាក់ងារអវកាសនិងភូមិសាស្ត្រព័ត៌មានវិទ្យាជាតិនៃប្រទេសថៃ (GISTDA) បានឲ្យដឹងថា ពេលឡើងដល់ចំណុចកំពូលនៅថ្ងៃអង្គារ ខ្យល់ពុល PM2.5 ក្នុងខ័ណ្ឌ Nong Khaem នៃទីក្រុងបាងកក បានឈានកម្រិតគ្រោះថ្នាក់ខ្លាំង ១០២.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ពោលគឺលើសឆ្ងាយណាស់ពីកម្រិតសុវត្ថិភាពកំណត់ដោយរដ្ឋាភិបាលថៃ ដែលដាក់ត្រឹម២៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម