Connect with us

សន្តិសុខសង្គម

មន្ទីរសាធារណការខេត្តកោះកុង ឲ្យម្ចាស់ក្រុមហ៊ុនដឹកដីដែលធ្វើឲ្យខូចផ្លូវត្រូវចូលខ្លួនដោះស្រាយសំណងជូនរដ្ឋវិញ

បានផុស

នៅ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានកោះហៅម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនអាចម៍ដី ក្រួស ថ្ម និងខ្សាច់ចូលខ្លួនមកដោះស្រាយ ករណីធ្វើឱ្យផ្លូវកៅស៊ូទៅរមណីយដ្ឋានឆ្នេរសមុទ្រប៉ាក់ខ្លងខូចខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នេះថា លោកបានកោះហៅម្ចាស់ក្រុមហ៊ុនអាជីវកម្មដឹកដី ក្រួស ថ្ម និងខ្សាច់ មកដោះស្រាយសងសំណងទូទាត់ជូនរដ្ឋ បន្ទាប់ពីបានដឹកជញ្ជូនភោគផលរ៉ែធ្វើឱ្យខូចខាតកំណាត់ផ្លូវកៅស៊ូមួយចំនួន ពិសេសគល់ស្ពានកោះយ៉។

លោក អន ដាវុធ បន្តថា កន្លងទៅមន្ទីរសហការជាមួយរដ្ឋបាលស្រុកមណ្ឌលសីមា ដោយក្រុមហ៊ុនខ្លះតវ៉ាមិនសុខចិត្ត ដោយសារនិយាយថា ខ្លួនដឹកជញ្ជូនក្រោយគេហេតុអីអោយចេញថ្លៃសងសំណងតែម្នាក់ឯង បែរជាអ្នកដឹកជញ្ជូនមុនៗរួចខ្លួន។ ករណីពួកគេជំទាស់ពីការចេញថ្លៃខូចខាតមិនបាន គឺតម្រូវឱ្យពួកគាត់សហការជាមួយគ្នាជួសជុលផ្លូវថ្នល់សងវិញ ទោះយ៉ាងណា លោកនឹងព្យាយាមសម្របសម្រួលដោយធ្វើយ៉ាងណាឱ្យក្រុមហ៊ុនទាំងនោះធ្វើការរួមគ្នាជួសជុលផ្លូវឱ្យបានឆាប់រហ័ស។

លោកប្រធានមន្ទីរសាធារណការខេត្ត អះអាងទៀតថា កញ្ចប់ថវិកាជាតិមានកម្រិតក្នុងការជួសជុលផ្លូវថ្នល់ ហើយការកសាងផ្លូវណាក៏មិនមែនសម្រាប់ឱ្យមានការដឹកជញ្ជូនលើសទម្ងង់បំផ្លាញផងដែរ។ ទន្ទឹមនោះ លោកក៏ស្នើទៅកាន់មន្ទីររ៉ែ និងថាមពលខេត្តកោះកុង រាល់ចេញច្បាប់អនុញ្ញាតអាជីវកម្មបែរមិនគោរពច្បាប់បទដ្ឋានដឹកជញ្ជូននាំឱ្យខូចផ្លូវសាធារណៈលំបាកធ្វើដំណើរ។

ដោយឡែកលោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា លើកឡើងថា រដ្ឋបាលស្រុក និងមន្រ្តីមូលដ្ឋានបានសហការជាមួយមន្ទីរសាធារណការកន្លងទៅមកហើយដែរ ដើម្បីពិនិត្យពិភាក្សាអំពីផលប៉ះពាល់ និងផ្តល់សំណងទូទាត់ធ្វើឡើងឱ្យល្អឡើងវិញ ត្បិតក្រុមហ៊ុនទាំងនោះមានច្បាប់អនុញ្ញាតធ្វើអាជីវកម្មក៏ដោយ។ ទោះយ៉ាងណា លោកក៏បានប្រគល់ភារកិច្ចអនុវត្តច្បាប់ពិន័យទៅមន្ទីរជំនាញមានវិធានការបន្តជាង១សប្តាហ៍មកហើយ តែមិនទាន់មានឃើញលទ្ធផលផ្តល់អោយលោកវិញទេ។

លោកអភិបាលរងស្រុកមណ្ឌលសីមា បន្ថែមទៀតថា នៅមូលដ្ឋានស្រុកគ្រប់គ្រងដែនដីរបស់លោក មានក្រុមហ៊ុនអាជីវកម្មសុំជីកាយ និងដឹកអាចម៍ដីច្រើនក្រុមហ៊ុន តែលោកពុំចងចាំឈ្មោះមិនអស់ទេ លុះត្រាបើកបញ្ជីពិនិត្យមើល។ កន្លងទៅរដ្ឋបាលស្រុកមណ្ឌលសីមា តែងណែនាំដល់ក្រុមហ៊ុនដឹកជញ្ជូនដី ថ្ម ក្រួស និងខ្សាច់ ត្រូវគោរពបទដ្ឋានបច្ចេកទេសនៃការដឹកជញ្ជូន ចៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរតាមដងផ្លូវ និងលើសទម្ងន់កំណត់៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម