Connect with us

សន្តិសុខសង្គម

អភិបាលខេត្តកណ្ដាល ចុះពិនិត្យទឹកលិចក្នុងស្រុកកៀនស្វាយ ណែនាំដល់អាជ្ញាធរត្រៀមជួយដោះស្រាយឲ្យបានទាន់ពេលវេលា

បានផុស

នៅ

លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរស្រុកកៀនស្វាយ និងមន្ទីរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះស្ថានភាពទឹកលិចផ្លូវ សាលារៀន និងផ្ទះសំបែងរបស់ពលរដ្ឋ ក្នុងភូមិសាស្ត្រឃុំឈើទាល ដោយត្រូវសហការគ្នាតាមដាន និងរាយការណ៍ឲ្យបានជាប់ជាប្រចាំមកខេត្ត ជាពិសេសក៏ត្រូវតែរៀបចំផែនការ ដើម្បីត្រៀមជួយដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋឲ្យបាន ទាន់ពេលវេលាប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន បានណែនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរស្រុកកៀនស្វាយ ចុះពិនិត្យស្ថានភាពទឹកលិចដោយសារទឹកភ្លៀង នៅក្នុងបរិវេណដី ខាងក្រោយសាលាបឋមសិក្សា និងអនុវិទ្យាល័យឫស្សីស្រុក និងស្ថានភាពរបស់ព្រែកឫស្សីស្រុក ស្ថិតនៅឃុំឈើទាល ស្រុកកៀនស្វាយ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។ ចំពោះដីផ្នែកខាងក្រោយរបស់សាលាបឋមសិក្សា និងអនុវិទ្យាល័យឫស្សីស្រុក ដែលបានរងការលិចទឹកទំហំជាង ២ពាន់ម៉ែត្រការ៉េ លោកអភិបាលខេត្តបានស្នើដល់ អាជ្ញាធរស្រុកត្រូវយកដីមកចាក់បំពេញ និងត្រូវយកគ្រឿងចក្រមកឈូសឆាយឲ្យបានស្អាត និងកាយរំដោះទឹកចេញពីបរិវេណសាលាឲ្យបានឆាប់រហ័ស។

ដោយឡែកសម្រាប់ស្ថានភាពរបស់ព្រែកឫស្សីស្រុក លោកអភិបាលខេត្ត បានជំរុញដល់មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកត្រូវសហការគ្នា ចុះធ្វើនិយាមការទៅតាមបណ្ដោយព្រែក និងដាក់គ្រឿងចក្របណ្ដើរៗ ទុកសម្រាប់ធ្វើការកាយ និងស្ដារព្រែកនេះឲ្យបានល្អប្រសើឡើងវិញ កុំឱ្យមានការកកស្ទះ ដើម្បីទុករំដោះទឹកបញ្ជៀសការជនលិចសាលារៀន ផ្លូវ និងផ្ទះសំបែងប្រជាពលរដ្ឋ។ ពិសេសជាងនេះទៅទៀតនោះគឺ ពាក់ព័ន្ធនិងការចុះធ្វើនិយាមការ និងការដឹកគ្រឿងចក្រចូល គឺដាច់ខាតមិនត្រូវឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋដាច់ខាត។

ក្នុងឱកាសនោះដែរ លោកខេត្តបានធ្វើការក្រើនរំលឹកទៅដល់ក្រុមការងារមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់លើ ការងារអន្តរាគមន៍ចំពោះបញ្ហាទឹកលិចក្នុងភូមិសាស្ត្រឃុំឈើទាលនេះបន្ថែមទៀត ត្រូវបន្តកិច្ចសហការគ្នាពិនិត្យ ស្ថានភាពទឹកលិចឱ្យបានជាប់ជាប្រចាំ ករណីចាំបាច់ត្រូវរាយការណ៍មកខេត្តឱ្យបានទាន់ពេលវេលាដើម្បីខេត្តជួយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព សំដៅបញ្ចៀសបាននូវការជន់លិច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម