Connect with us

សេដ្ឋកិច្ច

​វៀតណាម​ចុះកិច្ច​ព្រមព្រៀង​ទិញដំឡូងមីស្រស់ជាង ​៦,៧ ​លានតោន ​ពីកម្ពុជា​

បានផុស

នៅ

ក្រុមហ៊ុន​វៀត​ណាម​ចំនួន ១៩ នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៥ ​បាន​ចុះកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្រស់ពីកម្ពុជាចំនួន ៦ ៧៩០ ០០០ តោន រយៈពេល ៥ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះកិច្ចសន្យានេះគឺជាកាអនុវត្តលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលបានចុះហត្ថលេខា​រវាងសមាគមសហសព័ន្ធ​ដំឡូងមីកម្ពុជា ជាមួយសមាគមដំឡូងមីវៀតណាម ក្នុងបរិមាណ ៩ លានតោន កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៥ នៅក្រសួងពាណិជ្ជកម្មកម្ពុជា។

​ពិធីចុះ​អនុស្សរណៈនៃការយោគយល់គ្នា​ (MOU) ​រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមផលិត​ម្សៅមី​តៃនីញលើ​ការ​ទិញ-លក់ដំឡូងមី រវាងក្រុមហ៊ុនកម្ពុជាចំនួន ២ ជាមួយក្រុមហ៊ុន​វៀតណាម​ចំនួន ១៩ ​បានធ្វើឡើងក្រោមវត្តមាន​លោក រាជ រ៉ា រដ្ឋលេខា​ធិការ​ក្រសួងពាណិជ្ជកម្ម ​អំឡុងពេល​ចូលរួមសន្និសីទជំរុញពាណិជ្ជកម្មនាំ​ចេញដំឡូមីស្រស់​នៅ​ ខេត្តតៃនិញ ប្រទេសវៀតណាម។​

​តាមរយៈនៃការចុះកិច្ចសន្យាកុងត្រាទិញ-លក់ដំឡូងមីស្រស់នេះ ក្រុមហ៊ុនរបស់កម្ពុជាចំនួន ២ នឹងផ្គត់ផ្ទង់ដំឡូងមីស្រស់ចំនួន ៦ ៧៩០ ០០០ តោន រយៈពេល ៥ឆ្នាំ ដល់ក្រុមហ៊ុនវៀតណាមចំនួន ១៩ ដោយអនុវត្តទៅតាមលក្ខខណ្ឌនៃកិច្ចសន្យាទិញ-លក់។​

​លោក អិល ឈិញ ប្រធានសមា​គមកសិករដំឡូងមីខ្មែរ ​យល់ឃើញថា ​កិច្ចសន្យានេះ ​កាន់​តែបង្កើន​ទំនុកចិត្ត​សម្រាប់ប្រជាពលរដ្ឋ ប៉ុន្តែតម្លៃដំឡូងមីគឺនៅដដែល​មិន​មាន​ការកើន​ឡើង​នោះទេ​។

​លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ​ការនាំចេញផលិត​ផល​ដំឡូង​មី​ស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃជាម្សៅ ដើម្បី​អាច​រក្សាទុកបានយូរ និងមានតម្លៃខ្ពស់។

​លោកបាន​បញ្ជាក់ថា៖ «នៅក្នុងរយៈពេល ១០ ខែ ​ឆ្នាំ ២០២៥ ​ការនាំចេញដំឡូងមីក្រៀមកើន​ឡើង​ ៦០,៩១% ​និងម្សៅដំឡូងមីកើនឡើង​ ៨២,៥៩% ​ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤»។​

​យោងតាមក្រសួងពាណិជ្ជកម្ម ​កម្ពុជា​ទទួលបានប្រាក់ចំណូល​ប្រមាណ ៥៤៤ លានដុល្លារ ពីការនាំចេញដំឡូងមី នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ ធ្លាក់ចុះ ១១,៣១% ធៀប​នឹង​រយៈពេលដូចគ្នានៅឆ្នាំ ២០២៤៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម