ព័ត៌មានជាតិ
ពីឆ្នាំ២០២៦ កម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ នឹងដាក់ឱ្យអនុវត្តនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារលើគ្រួសារចំនួន៥ពាន់
កម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ នឹងត្រូវចាប់ផ្តើមដាក់ឱ្យអនុវត្តក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ ចាប់ពីឆ្នាំ២០២៦ ជាមួយគ្រួសារគោលដៅសរុបចំនួន ៥ ០០០ គ្រួសារ និងបន្តពង្រីកវិសាលភាព ជាជំហានៗ ដោយក្នុងរយៈពេល ១០ ឆ្នាំ ខាងមុខ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣៦។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។

ក្រុមប្រឹក្សាជាតិគាំពារសង្គមបានរៀបចំពិធី ប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងលោកស្រី Kanni Wignaraja ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសមាជិករាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

កម្មវិធីនេះមានគោលដៅជំរុញគ្រួសារគោលដៅសរុបប្រមាណ ២០ ម៉ឺនគ្រួសារ ឱ្យស្ថិតលើគន្លងនៃការចាកចេញពីភាពក្រីក្រ ដោយក្នុងរយៈពេល២៤ ខែ នៃការចូលរួមកម្មវិធី គ្រួសារនីមួយៗនឹងទទួលបានកញ្ចប់អត្ថប្រយោជន៍ដែលមានភាពប្រទាក់ក្រឡា និងបំពេញឱ្យគ្នា ចំនួន ៤ សំខាន់ៗ រួមមាន៖ ទី១). ការបណ្តុះបណ្តាល និងបង្វឹកអំពីការបង្កើតមុខរបរ និងបំណិនជីវិត។ ទី២). ការឧបត្ថម្ភសាច់ប្រាក់សម្រាប់ចូលរួមវគ្គបណ្តុះបណ្តាល និងបង្វឹក។ ទី៣). ការផ្តល់ប្រាក់ដើមទុនសម្រាប់ទិញទ្រព្យសកម្ម, និងទី៤). ការចុះសួរសុខទុក្ខ និងបង្វឹកតាមខ្នងផ្ទះ។
បើតាមសេចក្ដីប្រកាសព័ត៌មានផ្អែកតាមការចង្អុលបង្ហាញក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ និង ក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥, រាជរដ្ឋាភិបាល បានរៀបចំដាក់ឱ្យអនុវត្ត «កម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ» ក្នុងគោលបំណងកសាងសមត្ថភាព និងភាពធន់ ព្រមទាំងលើកកម្ពស់ជីវភាពរបស់គ្រួសារគោលដៅ។ កម្មវិធីនេះ នឹងក្លាយជាគន្លងថ្មីមួយ សម្រាប់គ្រួសារគោលដៅ ក្នុងដំណើរឆ្ពោះទៅការចាកចេញពីភាពក្រីក្រ ជាជំហានៗ និងប្រកបដោយចីរភាព ព្រមទាំងរួមចំណែកក្នុងការលើកកម្ពស់ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ស្របតាមចក្ខុវិស័យដ៏ពិសិដ្ឋ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ពោលគឺ «ការបង្រៀនពលរដ្ឋស្ទូចត្រី បន្ថែមលើការផ្តល់ត្រីដល់ពួកគាត់»។

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រថា ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)លោកស្រី Kanni Wignaraja បង្ហាញមោទនភាព ក្នុងការគាំទ្ររាជរដ្ឋាភិបាល សម្រាប់ការដាក់ឱ្យអនុវត្តគម្រោងសាកល្បងកិច្ចគាំពារសង្គមដើម្បីចាកចេញពីភាពក្រីក្រ រហូតឈានដល់ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនេះ នៅថ្ងៃនេះ។ UNDP នឹងនៅតែបន្តការគាំទ្រជានិច្ច ក្នុងការពង្រីកវិសាលភាពនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាពិសេសក្នុងការជំរុញគ្រួសារគោលដៅឱ្យស្ថិតលើគន្លងនៃការចាកចេញពីភាពក្រីក្រ។ ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺជាការអភិវឌ្ឍលើមូលធនមនុស្ស, លើកកម្ពស់កម្រិតជីវភាពពលរដ្ឋ, និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងកសាងភាពធន់របស់ពលរដ្ឋទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ថ្លែងថា «កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ» ដែលដាក់ចេញនាពេលនេះ សរបញ្ជាក់ឱ្យកាន់តែច្បាស់អំពីការប្តេជ្ញាចិត្តថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមនុស្ស, ការលើកកម្ពស់ជីវភាពពលរដ្ឋ, ការកាត់បន្ថយភាពក្រីក្រ, រួមទាំងការកសាងភាពធន់របស់ពលរដ្ឋ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈប្រព័ន្ធគាំពារសង្គម នៅកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ UNDP ចំពោះភាពជាដៃគូក្នុងការផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេស ការបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម និងបានផ្ដល់អនុសាសន៍សំខាន់ៗចំនួន២ គឺ ១). អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម បន្តសម្របសម្រួល និងសហការស្អិតល្មួត ជាមួយក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, និងដៃគូពាក់ព័ន្ធ, និង ២). មូលនិធិជាតិជំនួយសង្គម ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអាណាព្យាបាលបច្ចេកទេស, ព្រមទាំងក្រសួងផែនការ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តពង្រឹងសមត្ថភាពស្ថាប័ន និងមន្ត្រីពាក់ព័ន្ធជាប្រចាំ ដើម្បីធានាថាការអនុវត្តកម្មវិធីនេះ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕





-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


