Connect with us

ព័ត៌មានជាតិ

កម្ពុជាក្លាយជាប្រទេសដំបូងបំផុតដែលត្រូវបានទទួលស្គាល់ជាសាកល ចំពោះឧត្តមភាពនៃបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម

បានផុស

នៅ

ទីភ្នាក់ងារគំនិតផ្តួចផ្តើមការបង្រួបបង្រួមឌីជីថលសាកល (Digital Convergence Initiative) ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថល តាមរយៈកិច្ចសហការរវាងបណ្តារដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ផ្តោតលើស្តង់ដាអន្តរប្រតិបត្តិការ ការគ្រប់គ្រងទិន្នន័យ និងការកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) ដែលមានប្រទេសជាសមាជិកចំនួនប្រមាណ ៣០ បានផ្តល់ពានរង្វាន់ “ការទទួលស្គាល់ជាសាកល – Global Recognition Award” ជូនក្រុមប្រឹក្សាជាតិគាំពារសង្គម តាមរយៈស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ចេញនៅថ្ងៃទី២៧ ខែកុម្ភៈ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម អះអាងថា ពានរង្វាន់នេះ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដំបូងបំផុត ដែលត្រូវបានទទួលស្គាល់ជាសាកល ចំពោះឧត្តមភាពនៃបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម និងជាប្រទេសលេចធ្លោគំរូមួយសម្រាប់ការកសាង និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាពិសេសឌីជីថលគាំពារសង្គម ស្របតាមស្តង់ដាអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងបរិយាបន្ន។

ពានរង្វាន់កម្រិតសាកលនេះ ត្រូវបានប្រគល់ជូនដោយ លោក ស្តេហ្វាន មេសសេរ័រ  ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា តំណាងឱ្យបណ្តាប្រទេសនៃគំនិតផ្តួចផ្តើមសាកល ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា ថ្នាលឌីជីថល DSPP បាន និងកំពុងបំពេញតួនាទីជាមូលដ្ឋានឌីជីថលស្នូលដ៏មានសារៈសំខាន់ សម្រាប់គាំទ្រការអនុវត្តក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ២០២៤-២០៣៥ ជាពិសេសបានធ្វើសុខដុមនីយកម្មលើការចុះបញ្ជី និងការបើកផ្តល់អត្ថប្រយោជន៍នៃកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម លើថ្នាលឌីជីថលរួម។

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម សង្កត់ធ្ងន់ថា៖«ការទទួលបាន “ពានរង្វាន់ទទួលស្គាល់ជាសាកល”លើឧត្តមភាពនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសេវាសាធារណៈ ជាពិសេសក្នុងប្រព័ន្ធគាំពារសង្គម តាមរយៈនវានុវត្តន៍ឌីជីថល ក្នុងគោលដៅពង្រឹងប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវា និងបង្កើនតម្លាភាពក្នុងសង្គម និងជាសក្ខីភាពបញ្ជាក់ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស, ការគាំពារប្រជាជន, និងលើកកម្ពស់ផលប្រយោជន៍សាធារណៈយ៉ាងពិតប្រាកដ។»។

សូមរម្លឹកថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជាដែលអភិវឌ្ឍដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវបានដាក់ឱ្យដំណេីរការជាផ្លូវការ កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥។ មុននឹងទទួលបានពានរង្វាន់ទទួលស្គាល់ជាសកលនាពេលនេះ, ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា បានឈ្នះពានរង្វាន់មាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ កាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២៦។ ការឈ្នះពានរង្វាន់មាស គឺដោយសារតែថ្នាលគាំពារសង្គមឌីជីថលកម្ពុជា គឺជាដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ដែលមានឧត្តមភាព និងនវានុវត្តន៍លេចធ្លោដាច់គេនៅក្នុងតំបន់អាស៊ាន ដែលឆ្លុះបញ្ចាំងពីគុណភាព និងស្តង់ដាបច្ចេកវិទ្យា ក៏ដូចជាកិត្យានុភាពផ្នែកបច្ចេកវិទ្យារបស់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម