Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន បង្ហាញការគាំទ្រដល់ម៉ាឌូរ៉ូ ខណៈអាមេរិកចាប់​យក​​នាវាដឹកប្រេងវ៉េណេស៊ុយអេឡា

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ក្នុងអំឡុងពេលនៃកិច្ច​សន្ទនាតាមទូរសព្ទកាលពីថ្ងៃព្រហស្បតិ៍​ទី​១១​ខែ​ធ្នូ​ឆ្នាំ​២០២៥ ដោយបញ្ជាក់សាជាថ្មីនូវការគាំទ្ររបស់ទីក្រុងមូស្គូ ខណៈដែលសហរដ្ឋអាមេរិកបង្កើនសម្ពាធលើទីក្រុងការ៉ាកាស រួមទាំងការចាប់យកនាវាដឹកប្រេងដែលស្ថិតក្រោមទណ្ឌកម្មនៅឯនាយសមុទ្រវ៉េណេស៊ុយអេឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក​ម៉ាឌូរ៉ូ និង​លោក​ពូទីន (រូបថត៖​ Reuters)

យោង​តាម​ Al Jazeera វិមានក្រឹមឡាំងបាន​លើក​ឡើង​ថា លោកពូទីន បានសម្តែង «សាមគ្គីភាពជាមួយប្រជាជនវ៉េណេស៊ុយអេឡា» និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកម៉ាឌូរ៉ូ ក្នុងការ«ការពារផលប្រយោជន៍ជាតិ និងអធិបតេយ្យភាពប្រឈមមុខនឹងសម្ពាធខាងក្រៅដែលកំពុងកើនឡើង»។ វ៉េណេស៊ុយអេឡាបានពណ៌នាការសន្ទនានេះថា ជាការបញ្ជាក់ពីភាពជាដៃគូ «យុទ្ធសាស្ត្រ រឹងមាំ និងកំពុងរីកចម្រើន» រវាងប្រទេសទាំងពីរ ដោយថា មេដឹកនាំទាំងពីរបានយល់ព្រមរក្សាបណ្តាញទំនាក់ទំនង «បើកចំហជាអចិន្ត្រៃយ៍»។

ការបង្ហាញការគាំទ្រនេះ បានកើតឡើងនៅពេលដែលសេតវិមានបានបញ្ជាក់ថា នាវាដឹកប្រេងដែលត្រូវបានចាប់យកដោយកងកម្លាំងអាមេរិកកាលពីថ្ងៃពុធ នឹងត្រូវនាំយកទៅកាន់កំពង់ផែអាមេរិក រួមជាមួយទំនិញប្រេងឆៅនៅលើ​នោះផង​ដែរ។ ទីក្រុងវ៉ាស៊ីនតោននិយាយថា កប៉ាល់នេះពាក់ព័ន្ធនឹងការជួញដូរថាមពលខុសច្បាប់ដែលផ្តល់ផលប្រយោជន៍ដល់ក្រុមដែលស្ថិតក្រោមទណ្ឌកម្មរបស់​អាមេរិក។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាន​ប្រកាស​ថា អាមេរិកមានបំណងរឹបអូសយកប្រេងនេះ ហើយមិនបដិសេធប្រតិបត្តិការស្រដៀងគ្នានេះទៀតនាពេលអនាគតទេ។ លោកស្រីបានថ្លែងថា «យើងនឹងមិនឈរមើលនាវាដែលជាប់ទណ្ឌកម្មដឹកប្រេងទីផ្សារខ្មៅឆ្លងកាត់សមុទ្រឡើយ ដែលចំណូលពីប្រេងនេះនឹងផ្តល់ថវិកាដល់អំពើភេរវកម្មគ្រឿងញៀននៃរបបខុសច្បាប់ និងអសីលធម៌នៅជុំវិញពិភពលោក»។

មន្ត្រីអាមេរិកមិនបានបញ្ជាក់អត្តសញ្ញាណនាវានេះជាផ្លូវការទេ ប៉ុន្តែក្រុមហ៊ុនហានិភ័យដែនសមុទ្រអង់គ្លេស Vanguard បាននិយាយថា វា​ប្រហែល​​ជានាវា Skipper ដែលជានាវាដឹកប្រេង​រង​​ទណ្ឌកម្មក្នុងឆ្នាំ២០២២ ពីបទចោទប្រកាន់ថាបានដឹកជញ្ជូនប្រេងសម្រាប់កងកម្លាំង Quds Force របស់អ៊ីរ៉ង់ និងក្រុម​ហេសបូឡា។ ទីក្រុងការ៉ាកាសបានថ្កោលទោសប្រតិបត្តិការនេះថា ជា «អំពើចោរសមុទ្រអន្តរជាតិ»។

លោក​ត្រាំ (រូបថត៖ Reuters)

ការចាប់យកនាវាដឹកប្រេងនេះ គឺជាការកើនឡើងចុងក្រោយបង្អស់នៅក្នុងយុទ្ធនាការសម្ពាធទ្រង់ទ្រាយ​ធំ​របស់​អាមេរិក។ ចាប់តាំងពីថ្ងៃទី២​ខែកញ្ញា​មក ប្រធានាធិបតី ដូណាល់ ត្រាំ បានអនុញ្ញាត​ឲ្យមានការវាយប្រហារចំនួន២២​ដងទៅលើទូកដែលសង្ស័យថាជួញដូរគ្រឿងញៀននៅសមុទ្រការីប៊ីន និងប៉ាស៊ីហ្វិកខាងកើត ដោយបានសម្លាប់មនុស្សយ៉ាងតិច៨៧នាក់។ លោកត្រាំ ក៏បានបញ្ជាក់ផងដែរថា លោកអាចនឹងពង្រីកការវាយប្រហារបែបនេះទៅលើគោលដៅដីគោក ដែលអាចស្ថិតនៅខាងក្នុងប្រទេសវ៉េណេស៊ុយអេឡា។

ការគាំទ្ររបស់រុស្ស៊ី​នា​ពេល​នេះ បានគូសបញ្ជាក់អំពីសម្ព័ន្ធភាពដ៏សំខាន់សម្រាប់​លោកម៉ាឌូរ៉ូ។ នៅអាមេរិកឡាទីន វ៉េណេស៊ុយអេឡារក្សាទំនាក់ទំនងជិតស្និទ្ធតែជាមួយប្រទេសគុយបា និងនីការ៉ាហ្គា ខណៈពេលដែលកំពុងចង់​ពង្រឹងទំនាក់ទំនង​បន្ថែម​ទៀត​ជាមួយរុស្ស៊ី ចិន និងអ៊ីរ៉ង់ នៅចំពេលមានការប្រឈមមុខដាក់គ្នាជាមួយទីក្រុងវ៉ាស៊ីនតោនកាន់តែខ្លាំងឡើង៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម