Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​ឈ្លាន​ពានរបស់​ថៃ​លើ​កម្ពុជា​

បានផុស

នៅ

ប្រជាជន​ខ្មែរ​ប្រមាណ​៥០០នាក់​រួម​គ្នា​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​ជប៉ុន​ ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​ថៃ​លើ​ទឹក​ដី​កម្ពុជា​។ ក្រុម​អ្នក​តវ៉ា​ក៏​បាន​​ដាក់​ញាត្តិ​ទៅ​កាន់​រដ្ឋាភិបាល​ជប៉ុន ស្ថានទូត​អាមេរិក​ ស្ថានទូតស៊ុយអែត និង​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បាតុកម្ម​នេះ​ដឹក​នាំ​ដោយ​ប្រធាន​សមាគម​ជនជាតិ​ខ្មែរ​រស់​នៅ​ប្រទេស​ជប៉ុន​លោក ហៃ​ វណ្ណា នៅ​ទីក្រុងតូក្យូ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ​ដោយ​ជំរុញឱ្យ​ថៃ​បញ្ឈប់​ជាបន្ទាន់​នូវការ​វាយប្រហារ​លើ​កម្ពុជា ងាក​មក​បន្តការសន្ទនាការទូតឡើងវិញ​​ស្វែងរកដំណោះស្រាយ​ដោយ​សន្តិវិធី​រវាង​ប្រទេស​ទាំងពីរ។ ជំរុញ​ការ​ដោះ​លែង​ទាហាន​ខ្មែរ​ទាំង​១៨នាក់។

​បាតុកម្ម​នេះ​ក៏​ចង់​បង្ហាញ​ការពិតអំពី​ការឈ្លានពានរបស់កងទ័ពថៃលើប្រទេសកម្ពុជា និងការឈឺចាប់នៃសង្គ្រាមឈ្លានពាននេះដល់សហគមន៍អន្តរជាតិផងដែរ​។

​បាតុករ​អហិង្សា​បាន​ជួប​ជុំ​គ្នា​បញ្ចេញ​មតិ​យោបល់ ចាក់​បញ្ជាំង​វីដេអូ​ពី​ការ​ឈឺចាប់​របស់​ជន​ភៀស​ខ្លួន និង​ជនរងគ្រោះ​ពី​សង្គ្រាម ដើរ​ដង្ហែរ​ក្បួន​សួនហ៊ីប៊ីយ៉ា (Hibiya Park) ឆ្លងកាត់តំបន់ជុំវិញ ស្ថានីយរថភ្លើងតូក្យូ ដោយ​មាន​ការ​ចែកខិតប័ណ្ណ ពន្យល់អំពី ការឈ្លានពានរបស់កងទ័ពថៃ ព្រម​ទាំង​បង្កើតមូលនិធិសម្រាប់ជួយដល់ជនភៀសខ្លួន​ផងដែរ​។

ពួកគេ​សង្ឃឹម​ថា​រាជរដ្ឋាភិបាលជប៉ុន​ ដែលមានចិត្តស្រឡាញ់សន្តិភាព នឹងចូលរួម​ជំរុញឱ្យ​ប្រទេសថៃ បញ្ឈប់សង្គ្រាមនេះជាបន្ទាន់ និងបន្តការសន្ទនាការទូត ដើម្បីកសាងសន្តិភាព និងផ្តល់នូវសេចក្តីសុខ សេចក្តីចម្រើន និងការរស់នៅដោយសុខដុមរមនា ដល់ប្រជាជន​ស្លូតត្រង់​នៃប្រទេសកម្ពុជា និងថៃ។

ប្រទេស​ថៃ​បើក​ការ​បាញ់​ប្រហារ​ជា​ថ្មី​លើ​កម្ពុជានៅ​ថ្ងៃ​ទី​៧ ខែធ្នូ ដោយ​ប្រើប្រាស់​អាវុធធុនធ្ងន់ និង​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​មក​លើ​កម្ពុជា​បំពាន​លើ​កិច្ច​ព្រមព្រៀង​សន្ដិភាពជាមួយ​កម្ពុជា​។ ទោះ​បី​ជាមាន​ការ​សម្រប​សម្រួល​​ពីប្រធានាធិបតី​អាមេរិក​ដើម្បី​បញ្ចប់​សង្គ្រាម​នេះ​ក្ដី ក៏ថៃ​នៅ​តែ​បន្តសង្គ្រាម​កាន់​តែ​ខ្លាំង​ឡើង​លើ​កម្ពុជា​ថែម​ទៀតរហូត​មក​ដល់​ថ្ងៃទី​១៤​ ខែ​ធ្នូ​នេះ។ អំពើ​ឈ្លាន​ពាន​នេះ​​​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​ចំនួន​១១នាក់ និង​រង​របួស​មនុស្ស​ចំនួន​៧៦​នាក់ ខណៈ​រាប់​ម៉ឺននាក់​ផ្សេង​ទៀត​ត្រូវ​ភៀស​ខ្លួន​ទៅ​កាន់​ទី​តាំង​សុវត្ដិភាព។

នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​ថៃ​ អនុទីន បាន​សរសរ​លើ​ហ្វេសបុក​របស់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ​ថា​ ថៃ​នឹងបន្ត​សកម្មភាព​យោធា​លើ​កម្ពុជា​រហូត​ដល់​ពេល​ដែល​មាន​អារម្មណ៍​ថា​គ្មាន​ការគំរាម​កំហែងទឹកដី និង​ប្រជាជន​ថៃ។ បន្ថែម​លើ​នេះ​សារព័ត៌មាន​ថៃ​ក៏បាន​ដក​ស្រង់​សំដី​របស់​នាយករដ្ឋមន្ត្រី​នេះ​មក​ចុះ​ផ្សាយផងដែរ​ថា​ «ពេល​នេះ​ថៃ​មិន​ត្រូវ​ការ​ស្ដាប់​អ្នក​ណា​ទាំង​អស់​​»



អត្ថបទដោយ ហ៊ុន ​សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម