Connect with us

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំចលនាដាំបន្លែបង្ការ ដើម្បីយកទៅផ្គត់ផ្គង់សមរភូមិមុខ

បានផុស

នៅ

លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី ១៧ ខែ​ធ្នូ នេះ បាន​អញ្ជើញ​ចូល​ជា​អធិបតី​ក្នុង​កម្មវិធី ចលនា “​យើង​រួមគ្នា​ដើម្បី​ជាតិ​” ស្ថិតនៅ​សាលាបឋមសិក្សា​ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ ដោយ​មាន​ការ​ចូលរួម​ពី​សមាជិក​សមាជិកា​កាយឫទ្ធិ​នារី​កម្ពុជា និង​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួម​ដាំ​បន្លែបង្ការ​នៅ​ក្នុង​បរិវេណ​សាលារៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ពិធី​នេះ លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា បន្ទាប់ពី​ប្រទេស​ថៃ​បាន​ចូល​ឈ្លានពាន​ទឹកដី​ប្រទេស​កម្ពុជា បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ជាប់​ព្រំដែន​ជា​បន្តបន្ទាប់​ត្រូវ​បង្ខំចិត្ត​ចាកចេញ​ពី​ផ្ទះសំបែង ដែល​ធ្វើ​ឲ្យ​ចំនួន​ជនភៀសសឹក​មាន​ការ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ម្ល៉ោះហើយ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ផ្គត់ផ្គង់​ស្បៀង​អាហារ​ដល់​ជនភៀសសឹក និង​វីរ​កងទ័ព​កម្ពុជា ទើប​លោកជំទាវ​បាន​ណែនាំ​ឲ្យ​សាខា​កាយឫទ្ធិ​នារី​កម្ពុជា​ទាំងអស់ បំផុសបំផុល​សកម្មភាព​ធ្វើការ​ចាប់ផ្ដើម​ដាំ​បន្លែ នៅ​តាម​សាលារៀន វត្ត​អារាម និង​សហគមន៍ ដើម្បី​យក​បន្លែ​ទាំងអស់​នេះ​ទៅ​សមរភូមិ​ជួរមុខ និង​ជនភៀសសឹក។ លើស​ពី​នេះ លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី បាន​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​ដាំ​បន្លែ​នៅ​សាលា​បឋមសិក្សា​ភ្នំពេញ ត្រូវ​ចូលរួម​ថែទាំ​បន្លែ​ឲ្យ​បាន​ល្អ។

លោកគ្រូ និង​សិស្ស​នៅ​សាលាបឋមសិក្សា​ភ្នំពេញ បាន​ប្ដេជ្ញា​ថែទាំ​បន្លែបង្ការ​ឲ្យ​បាន​ដិតដល់ ដូចជា​ស្រោច​ទឹក និង​ដាក់​ជី ដើម្បី​ឆាប់​ធំ​យក​ទៅ​ចែក​ជូន​ដល់​ទ័ព​កម្ពុជា និង​ជនភៀសសឹក។ សាលាបឋមសិក្សា​ភ្នំពេញ​ថ្មី មាន​បន្លែបង្ការ​ជាច្រើន​ប្រភេទ​ដែល​អាច​ឆាប់​ប្រមូល​ផល​បាន​ ក្នុងនោះ​មាន​ដូចជា​ ៖​ ត្រកួន ស្ពៃ​តឿ ស្ពៃ​ជើង​ទា និង​សាឡាត់​ជាដើម។

គួរ​បញ្ជាក់​ដែរ​ថា ចលនា “​យើង​រួមគ្នា​ដើម្បី​ជាតិ​” ផ្ដួចផ្ដើម​គំនិត​ដោយ​លោកជំទាវ​បណ្ឌិត ពេជ ចន្ទ​មុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ក្នុង​គោលបំណង​ផុស​សកម្មភាព​ដាំ​បន្លែ​ដែល​អាច​ឆាប់​ប្រមូល​ផល​បាន​នៅ​តាម​សាលារៀន ផ្ទះសំបែង វត្ត​អារាម និង​ដី​សហគមន៍ សំដៅ​កសាង​កសិផល​ជាតិ ដើម្បី​ទ្រទ្រង់​ដល់​វីរ​កងទ័ព វីរ​នគរបាល​ជួរមុខ​ការពារ​ព្រំដែន និង​ជនភៀសសឹក​ដោយសារ​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម