ព័ត៌មានជាតិ
រដ្ឋបាលរាជធានី បន្តនាំស្បៀងអាហារ សម្ភារ ទៅប្រគល់ជូនវីរកងទ័ព និងពលរដ្ឋភៀសសឹក នៅខេត្តឧត្ដរមានជ័យ
រដ្ឋបាលរាជធានីភ្នំពេញ បានបន្តនាំយកអំណោយជាស្បៀងអាហារ សម្ភារចាំបាច់មួយចំនួនធំ ទៅប្រគល់ជូនវីរកងទ័ពសមរភូមិជួរមុខ និងប្រជាពលរដ្ឋជាជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពក្នុងខេត្តឧត្ដរមានជ័យ។


លោក ឯក ឃុនដឿន អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបន្តដឹកនាំក្រុមការងារ នាំយកអំណោយសប្បុរសធម៌បានមកពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាស្បៀងអាហារចាំបាច់ ទៅប្រគល់ជូនគណៈបញ្ជាការឯកភាពស្រុកអន្លង់វែង ដើម្បីបែងចែកបន្តជូនទៅវីរកងទ័ពនៅសមរភូមិជួរមុខ និងប្រជាពលរដ្ឋជាជនភៀសសឹក។


ពិធីប្រគល់អំណោយសប្បុរសធម៌របស់សប្បុរសជន បានធ្វើឡើងដោយលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ប្រគល់ជូន លោក ងួន ទ្ធីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកអន្លង់វែង កាលពីរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ នៅជំរំជនភៀសសឹក ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។


ក្នុងឱកាសនោះ លោក ងួន ទ្ធីរិទ្ធ បានបង្ហាញពីការត្រេកអរជាខ្លាំង ដោយទទួលដំណឹងថា លោក ឃួង ស្រេង បានចាត់ឱ្យតំណាង ដឹកស្បៀងមកប្រគល់ជូនរដ្ឋបាលស្រុកអន្លង់វែង ដើម្បីជួយបែងចែកបន្តជូនទៅដល់សមរភូមិជួរមុខទិសខេត្តឧត្តរមានជ័យ និងប្រជាពលរដ្ឋដែលបានភៀសសឹកចេញពីតំបន់យោធាថៃបើកការបាញ់ប្រហារ ផ្លោងគ្រាប់ ទម្លាក់គ្រាប់ពីយន្តហោះ F -16 ដើម្បីបំពេញមហិច្ឆតាឈ្លានពានទឹកដីកម្ពុជាជាលើកទី ២ របស់ពួកគេ។

លោក ងួន ទ្ធីរិទ្ធ ក៏បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះលោក ឃួង ស្រេង ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋ និងវីរកងទ័ព ក៏ដូចពួកលោកនៅសមរភូមិជួរមុខ និង សូមអរគុណដល់ប្រជាពលរដ្ឋ សប្បុរសជននៅរាជធានីភ្នំពេញទាំងអស់ ដែលបានចូលរួមបរិច្ចាគធនធានតាមលទ្ធភាពមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ។ ជាក់ស្ដែង ថ្ងៃនេះ ជំនួយមនុស្សធម៌របស់ពលរដ្ឋ ត្រូវបានលោកអភិបាលរងរាជធានីភ្នំពេញ និងក្រុមការងារ តំណាងលោក ឃួង ស្រេង បានដឹកជញ្ជូនមកប្រគល់ឱ្យមានអាហារក្រៀមចម្រុះមុខ អង្ករ មី ត្រីខ ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ។ល។ «ទាំងអស់នេះ គឺជាសម្ភារចាំបាច់បំផុតសម្រាប់យើងខ្ញុំ»។
លោក ឯក ឃុនឌឿន បាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង សូមគោរពអរគុណ និងដឹងគុណចំពោះវីរកងទ័ពជួរមុខ ដែលកំពុងជាប់ដៃប្រយុទ្ធតតាំងជាមួយសត្រូវសៀមឈ្លានពានទឹកដីកម្ពុជា កន្លងមកនេះបង្កឲ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ ខូចខាតយ៉ាងធ្ងន់ធ្ងរនូវហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិបេតិកភណ្ឌមនុស្សជាតិ ប្រាសាទបុរាណ វត្ត សាលារៀន មន្ទីរពេទ្យ អគារ ផ្ទះ ស្ពាន ថ្នល់ ជាច្រើន របស់កម្ពុជា។
លោកបន្តថា សូមវីរកងទ័ពជឿទុកចិត្តលើប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏វៃឆ្លាតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបផងដែរថា ចាប់ពីព្រឹកថ្ងៃអាទិត្យ ទី ១៣ ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ មានរយៈពេល ៣ ថ្ងៃ ៤ យប់ លោក ឯក ឃុនដឿន បានបន្តដឹកនាំក្រុមការងារ នាំយកអំណោយសប្បុរសធម៌ដែលសប្បុរសជនបរិច្ចាគជូនតាមការអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ មានទាំងថវិកា ស្បៀងអាហារ ចម្រុះច្រើនមុខ ទៅប្រគល់ជូនសមរភូមិជួរមុខ ក្នុងនោះ ទិសខេត្តព្រះវិហារចំនួន ៩ កុងតឺន័រ និងរថយន្ត រួចបន្តទៅប្រគល់ជូនសមរភូមិជួរមុខទិសខេត្តឧត្តរមានជ័យចំនួន ១ រថយន្តកុងតឺន័រទៀត៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


