ព័ត៌មានជាតិ
ប្រមុខការទូតប្រាប់កាកបាទក្រហមអន្តរជាតិពីជំហរកម្ពុជាចង់ឱ្យការប្រយុទ្ធត្រូវបានបញ្ចប់
ជំហរកម្ពុជា គឺចង់ឱ្យថៃបញ្ចប់ការប្រយុទ្ធជាមួយកម្ពុជា ដោយវិលទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ។នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ប្រាប់ទៅកាន់លោក Jürg Montani ប្រធានគណៈប្រតិភូថ្នាក់តំបន់នៃកាកបាទក្រហមអន្តរជាតិ (ICRC) ប្រចាំកម្ពុជា។

លើកឡើងក្នុងជំនួបកាលពីថ្ងៃពុធ ដោយយោងទៅតាមខ្លឹមសារនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានសរសេរថា លោក ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីអំពីជំហរកម្ពុជាចង់ឱ្យការប្រយុទ្ធគ្នាត្រូវបានបញ្ចប់ ដើម្បីអនុញ្ញាតឱ្យប្រជាជនអាចវិលត្រឡប់ទៅលំនៅឋានវិញ ហើយងាកទៅរកការគោរព និងអនុវត្តឱ្យពេញលេញតាមលក្ខខណ្ឌនៃបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ កាលពីខែតុលា ឆ្នាំ២០២៥កន្លងទៅ។

រដ្ឋមន្ត្រីការបរទេសកម្ពុជា បានរាយការណ៍ពីបច្ចុប្បន្នភាព និងការវិវត្តនៃជម្លោះប្រដាប់អាវុធ ដោយផ្ដើមចេញពីការឈ្លានពានរបស់ថៃមកលើកម្ពុជា ដែលកំពុងបន្តកើត ដោយអះអាងប្រាប់តំណាងកាកបាទក្រហមអន្តរជាតិ ថា ការវាយប្រហារដោយយោធាថៃមកលើកម្ពុជា ចាប់ពីថ្ងៃទី៧ ខែធ្នូ ត្រូវបានពង្រីកកាន់តែខ្លាំង ទាំងតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រ ជាមួយនឹងប្រើសព្វាវុធធុនធ្ងន់គ្រប់ប្រភេទ មានទាំងយន្តហោះចម្បាំង F-16 និងបាញ់ឧស្ម័នពុលជាដើម។
ការវាយប្រហាររបស់យោធាថៃពេលនេះ លោក ប្រាក់ សុខុន បញ្ជាក់ថា បានបណ្ដាលឱ្យបាត់បង់ជីវិត និងរងរបួសដល់ប្រជាជនស្លូតត្រង់ជាច្រើននាក់ ព្រមទាំងជនភៀសសឹករាបសែននាក់ត្រូវបង្ខំឱ្យចាកចេញឆ្ងាយពីលំនៅឋាន ខណៈហេដ្ឋារចនាសម្ព័ន្ធស៊ីវិល តំបន់បេតិកភណ្ឌរបស់កម្ពុជា រួមទាំងទីតាំងស៊ីវិលផ្សេងទៀត ក៏បានបំផ្លិចបំផ្លាញដោយកម្លាំងអាវុធរបស់ថៃ។

ភ្ជាប់នឹងការជជែកពីបញ្ហាជម្លោះដែលកំពុងកើត លោក Montani ក៏បានគូសបញ្ជាក់ពីដំណើរចុះសួរសុខទុក្ខទាហានកម្ពុជាចំនួន១៨រូប ក្រោយទាហានថៃបានចាប់ខ្លួនទៅរយៈពេលជាង១៤០ថ្ងៃផងដែរ ដោយលោក អះអាងថា អ្នកទាំងនោះមានសុវត្ថិភាព និងមានសុខភាពល្អជាធម្មតា។
លោក ប្រាក់ សុខុន អរគុណ ICRC ដែលបន្តតាមដានសុខុមាលភាព សុវត្ថិភាព និងលក្ខខណ្ឌរស់នៅរបស់ទាហានកម្ពុជាទាំង១៨រូប៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


