Connect with us

ព័ត៌មានជាតិ

បណ្ឌិត គិន ភា៖ «យើងត្រូវតែរួមគ្នាធ្វើឱ្យជាតិយើងខ្លាំងលើគ្រប់វិស័យ ទើបយើងអាចគេចផុតពីការឈ្លានពាន»

បានផុស

នៅ

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា «យើងត្រូវតែរួមគ្នាធ្វើឱ្យជាតិយើងខ្លាំងលើគ្រប់វិស័យ ទើបយើងអាចគេចផុតពីការឈ្លានពាន ការប្រមាថ និងអំពើអយុត្តិធម៌បាន»។ ការលើកឡើងនេះ គឺស្របពេលដែលប្រទេសថៃកំពុងធ្វើសង្គ្រាមឈ្លានពានមកលើប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុក នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នេះ លោកបណ្ឌិត គិន ភា បានសរសេររៀបរាប់ពីការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា ជាពិសេសការបំភ្លៃការពិត ភូតកុហករបស់ថៃ ក្នុងគោលបំណងធ្វើឱ្យសហគមន៍អន្តរជាតិមើលមកប្រទេសកម្ពុជាក្នុងរូបភាពអាក្រក់។ ក្នុងសំណេរនោះ លោកបណ្ឌិត បានបញ្ជាក់ថា ថៃបានបង្កើតនិទានកថារឿងមីនដើម្បីជាលេសដើម្បីបើកឆាក​សង្គ្រាម​ឈ្លានពាន​របស់ខ្លូន​មកលើ​ប្រទេសកម្ពុជា ហើយបានព្យាយាម​បិទបាំង​​សង្គ្រាមឈ្លានពាន​របស់ខ្លួន​ដោយបង្កើត​សាច់រឿងថ្មី​កាឡៃសង្គ្រាមឈ្លានពាន​ទៅជាសង្គ្រាមប្រឆាំងនឹងការឆបោកអនឡាញនៅកម្ពុជា។

លោកបណ្ឌិត បានបន្តទៀតថា ថៃខិតខំប្រឹងប្រែងបង្កើត​ល្បិចសព្វបែបយ៉ាង ដើម្បីបិទបាំងអំពើឈ្លានពានដ៏កំរោលរបស់ខ្លួនមកលើប្រទេសកម្ពុជាផង និងព្យាយាមបង្កើតយុត្តកម្មសង្គ្រាមឈ្លានពានរបស់ខ្លួនដើម្បីកុំឱ្យសហគមន៍អន្តរជាតិថ្កោលទោសផង។ ក្នុងសង្គ្រាមឈ្លានពានរបស់ខ្លួន ថៃបានប្រើដ្រូនពិឃាតនិងយន្តហោះចម្បាំង F-16 ហោះចូលយ៉ាងជ្រៅចូលក្នុងទឹកដីប្រទេសកម្ពុជាដែលកន្លែងខ្លះមានជម្រៅរហូតដល់ទៅ៩០គីឡូម៉ែត្រពីព្រំដែន និងបានទម្លាក់គ្រាប់បែកតាមទំនើងចិត្តបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាជនស៊ីវិល ប្រាសាទបុរាណ មជ្ឈមណ្ឌលជនភៀសសឹក សាលារៀន មន្ទីរពេទ្យ វត្តអារាម ស្ពាន ថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនឥតគណនា និងបង្កឱ្យមានប្រជាជនស៊ីវិលស្លូតត្រង់ស្លាប់ និងរបួសរាប់រយនាក់ ហើយប្រជាជនស៊ីវិលជាងកន្លះលាននាក់ទៀត បានរត់ចោលផ្ទះសម្បែងក្លាយជាជនភៀសសឹក។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា «អស់រយៈពេលជាយូរមកហើយ ប្រទេសកម្ពុជាត្រូវបានសៀមលាបពណ៌ សម្អុយ និងបំភ្លៃការពិតតាមរយៈសារព័ត៌មានអន្តរជាតិធំៗជាច្រើន ជាពិសេស តាមរយៈសារព័ត៌មានសៀមតែម្តង។ សៀមបានលាបពណ៌ និងសម្អុយកម្ពុជាថាជាមជ្ឈមណ្ឌលឆបោកអនឡាញ ឬ call center ប្រចាំអាស៊ីអាគ្នេយ៍»។ ចំណែក ប្រទេស និងប្រជាជនជាមួយចំនួនជឿដោយគ្មានការផ្ទៀងផ្ទាត់ថា នោះគឺជារឿងពិត ហើយគេគាំទ្រអំពីឈ្លានពានរបស់សៀមទៀតផង។

លោកបណ្ឌិតថា សម្រាប់កម្ពុជាសង្គ្រាមនេះ មិនត្រឹមតែធ្វើឡើងដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី និងអាយុជីវិត​ប្រជាជនរបស់ខ្លួនទេ តែដើម្បីការពារមុខមាត់ និងសេចក្តីថ្លៃថ្នូររបស់ជាតិពីការសម្អុយ និងលាបពណ៌របស់របស់ថៃផងដែរ។

លោកថា «យើងកំពុងរងនូវអំពីអយុត្តិធម៌​បីបួនត្រួត, គេឈ្លានពានយើង គេថាយើងរំលោភសន្ធិសញ្ញាអូតាវ៉ាដោយបានដាក់មីនថ្មី, គេឈ្លានពានយើង គេថាគេបង្រ្កាបការឆបោកអនឡាញ (online scamming), គេឈ្លានពានយើង គេថាគេការពារខ្លួនពីការគំរាមកំហែងរបស់យើង, គេឈ្លានពានយើង គេឱ្យយើងប្រកាសឈប់បាញ់ជាឯកតោភាគី, គេឈ្លានពានយើង គេឱ្យយើងប្រកាសថាយើងជាអ្នកឈ្លានពានគេ ហើយគេជាជនរងគ្រោះ ហើយបរទេសខ្លះសង្កត់កយើងទៀត»។ ដូច្នេះត្រូវតែរួមគ្នាធ្វើឱ្យជាតិយើងខ្លាំងលើគ្រប់វិស័យ ទើបយើងអាចគេចផុតពីការឈ្លានពាន ការប្រមាថ និងអំពើអយុត្តិធម៌បាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម