Connect with us

ព័ត៌មានជាតិ

ក្រោយទៅធ្វើការនៅជប៉ុន អ្នកស្រី សុទ្ធ និមល សន្សំថវិកាបានធ្វើដើមទុនមកបើកមុខរបរដោយខ្លួនឯង

បានផុស

នៅ

អតីតសិក្ខាកាមទៅធ្វើការនៅប្រទេសជប៉ុន អ្នកស្រី សុទ្ធ និមល បានប្រាប់ឱ្យដឹងថា អំឡុងពេលធ្វើការនៅប្រទេសជប៉ុន អ្នកស្រីសន្សំថវិកាបានគួរសម ហើយពេលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ អ្នកស្រីអាចបើកមុខរបរដោយខ្លួនឯងបាន។ ការឱ្យដឹងនេះ គឺស្របពេលដែលអ្នកស្រីបានចែករំលែកបទពិសោធ និងភាពជោគជ័យរបស់ខ្លួន ក្នុងទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៥ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី សុទ្ធ និមល ប្រាប់ថា អ្នកស្រីមានស្រុកកំណើតនៅខេត្តកំពង់ចាមហើយបានចេញទៅធ្វើការងារនៅប្រទេសជប៉ុននៅឆ្នាំ២០១៥ និងត្រឡប់មកវិញនៅឆ្នាំ២០១៦ ផ្នែកបោកអ៊ុត។ អ្នកស្រី ចេញទៅធ្វើការនៅប្រទេសជប៉ុន ក៏ដោយសារតែជាក្ដីស្រមៃរបស់ខ្លួន តាំងពីនៅវ័យក្មេងមកម្លេះ។ 

អំឡុងពេលធ្វើការងាររយៈពេល ១ឆ្នាំនៅជប៉ុននោះ អ្នកស្រី សន្សំថវិកាបានប្រមាណ ៨ ទៅ ៩ពាន់ដុល្លារអាមេរិក ដែលធ្វើឱ្យអ្នកស្រី មានដើមទុនបើកមុខរបររកស៊ីដោយខ្លួនឯង នៅពេលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ។ បច្ចុប្បន្ន អ្នកស្រី បានបើកកន្លែងបោកអ៊ុត និងលក់សម្លៀកបំពាក់។

អ្នកស្រី ប្រាប់បែបនេះថា «ខ្ញុំសន្សំបានចន្លោះពី ៨០ ទៅ៩០ពាន់ បើកអាជីវកម្មជាលក្ខណៈគ្រួសារ បើកលក់ខោអាវនាំមកពីខាងក្រៅ»។ អ្នកស្រី សុទ្ធ និមល រំលឹកដែរថា អំឡុងពេលធ្វើការងារនៅប្រទេសជប៉ុន អ្នកស្រីទទួលបានការយកចិត្តទុកដាក់ជាខ្លាំងពីមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាក្រុមហ៊ុនបញ្ជូនអ្នកស្រីទៅធ្វើការងារនៅទីនោះ។

អតីតសិក្ខាកាមរូបនេះ បានឱ្យដឹងបែបនេះថា «និយាយរួមទៅ នៅទីនោះគឺគាត់យកចិត្តទុកដាក់យើង តាំងពីថ្ងៃដែលយើងចូលដល់ទឹកដីជប៉ុនមកម្លេះ…សួរសុខទុក្ខ ហើយ Take care យើង»។

អ្នកស្រីបានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានជួយស្វែងរកឱកាសការងារឱ្យអ្នកស្រី ក៏ដូចប្រជាពលរដ្ឋផ្សេងទៀតបានធ្វើការងារនៅក្រៅប្រទេស ដោយមានការយកចិត្តទុកដាក់ និងគ្មានការព្រួយបារម្ភអ្វីឡើយ ពិសេសទៀតនោះ គឺអាចឱ្យអ្នកស្រីសន្សំថវិកាមួយចំនួន មកបើកមុខរបររកស៊ីដោយខ្លួនឯងតែម្ដង។

បន្ថែមពីលើនេះ អ្នកស្រី សុទ្ធ និមល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលចង់ទៅធ្វើការងារនៅប្រទេសជប៉ុន សូមទៅតាមរយៈក្រុមហ៊ុនស្របច្បាប់ ដែលមានការទទួលស្គាល់ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក៏បានផ្ញើសារដល់ពលករផ្សេង ដែលកំពុងធ្វើការងារនៅក្រៅប្រទេស សូមព្យាយាមសន្សំថវិកា ដើម្បីអាចមានលទ្ធភាពបើកមុខរបររកស៊ីដោយខ្លួនឯង នៅពេលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម