Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ ជំរុញ អាមេរិក ​ឲ្យបំពេញកាតព្វកិច្ចរំសាយអាវុធនុយក្លេអ៊ែរ

បានផុស

នៅ

ប្រទេសចិនកាលពីថ្ងៃអង្គារទី ២៣ ខែធ្នូ បានជំរុញឲ្យសហរដ្ឋអាមេរិកបំពេញកាតព្វកិច្ចរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ពីរបាយការណ៍ព្រាងរបស់មន្ទីរបញ្ចកោណបានលើកឡើងថា ចិនទំនងជាបានផ្ទុកមីស៊ីលផ្លោងអន្តរទ្វីបជាង ១០០ គ្រាប់នៅក្នុងតំបន់ជិតព្រំដែនម៉ុងហ្គោលី ហើយមិនបានបង្ហាញបំណងប្រាថ្នាសម្រាប់ការចរចាគ្រប់គ្រងអាវុធនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian (រូបថតឯកសារ៖ REUTERS/Tingshu Wang)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងថា ក្នុងនាមជាមហាអំណាចនុយក្លេអ៊ែរដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេ ភារកិច្ចបន្ទាន់បំផុតសម្រាប់សហរដ្ឋអាមេរិកគឺត្រូវបំពេញកាតព្វកិច្ចពិសេស និងអាទិភាពសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែ។ នេះបើតាមការចេញផ្សាយដោយ CNA

លោក Lin បាននិយាយបន្ថែមថា សហរដ្ឋអាមេរិកគួរតែកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងច្រើន ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរផ្សេងទៀត ចូលរួមក្នុងដំណើរការរំសាយអាវុធនុយក្លេអ៊ែរ។

នៅក្នុងរបាយការណ៍ព្រាងដែលបានចុះផ្សាយដោយ Reuters មន្ទីរបញ្ចកោណបាននិយាយថា ប្រទេសចិនទំនងជាបានដំឡើងមីស៊ីលផ្លោងអន្តរទ្វីប DF-31 ជាង ១០០ គ្រាប់នៅក្នុងវាលសាកល្បងចំនួនបីកន្លែង ជិតប្រទេសម៉ុងហ្គោលី។

មិនតែប៉ុណ្ណោះ អង្គការមិនស្វែងរកប្រាក់ចំណេញ Bulletin of the Atomic Scientists ដែលមានមូលដ្ឋាននៅទីក្រុងឈីកាហ្គោ ក៏បានបញ្ចាក់បន្ថែមថា ចិនកំពុងពង្រីក និងធ្វើទំនើបកម្មឃ្លាំងអាវុធរបស់ខ្លួនលឿនជាងប្រទេសមហាអំណាចដែលមានអាវុធនុយក្លេអ៊ែរដទៃទៀត។

ទោះជាយ៉ាងណាក៏ដោយ លោក Lin Jian បាននិយាយថា ប្រទេសចិននៅតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយអាវុធនុយក្លេអ៊ែរដែលមិនប្រើប្រាស់មុនគេ និងគាំទ្រយុទ្ធសាស្ត្រការពារខ្លួនដោយនុយក្លេអ៊ែរ។ ជាងនេះទៀត ចិនមិនចូលរួមក្នុងការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរជាមួយប្រទេសណាមួយឡើយ។

ដោយឡែក យោងតាមរបាយការណ៍របស់មន្ទីរបញ្ចកោណបានចេញការបញ្ចាក់ជាថ្មីថា ឃ្លាំងស្តុកក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិននៅតែស្ថិតក្នុងកម្រិតទាប ៦០០ ក្នុងឆ្នាំ ២០២៤ ដែលឆ្លុះបញ្ចាំងពីអត្រាផលិតកម្មយឺតជាងបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ ប៉ុន្តែចិនពេលនេះ កំពុងស្ថិតនៅលើផ្លូវត្រូវដើម្បីមានក្បាលគ្រាប់នុយក្លេអ៊ែរជាង ១,០០០ គ្រាប់នៅឆ្នាំ ២០៣០ ខណៈដែលសហរដ្ឋអាមេរិកត្រូវបានគេប៉ាន់ប្រមាណថា មានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណជា ៥,១៧៧គ្រាប់ប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ត្រាំ ឲ្យ Maduro ចេញពីតំណែង ខណៈរុស្ស៊ី និងចិនគាំទ្រ វេណេស៊ុយអេឡា ពេញទំហឹង
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម