Connect with us

សេដ្ឋកិច្ច

រដ្ឋាភិបាលជំ​រុញការទាក់ទាញ​ទេសចរណ៍​តំបន់ប្រាសាទ​សំបូរព្រៃគុក​

បានផុស

នៅ

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋា​ភិបា​ល​ចុះមូលដ្ឋានខេត្តកំពង់ធំ ​នៅព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៥ បាន​ដឹកនាំកិច្ចប្រជុំក្រុមការងារសិក្សា ​និង​អនុវត្តគម្រោងលើកកម្ពស់ភាព​ទាក់ទាញទេសចរណ៍តំបន់​ប្រាសាទសំបូរព្រៃគុក ​និងតំបន់ជុំវិញ​ ដោយមានការអញ្ជើញចូលរួមពី​សំណាក់ ទេស​រដ្ឋមន្ត្រី ឆែម គាតរិទ្ធី លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រី​ជំនាញ​ពាក់ព័ន្ធមួយចំនួនទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា​ គម្រោងនេះគឺជាគម្រោង​ដ៏សំខាន់មួយ​នៅក្នុង​ក្រប​ខ័ណ្ឌនៃ «ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ ២០២៦-២០៣០»​ ស្របតាមចក្ខុវិស័យ​ប្រកបដោយគតិបណ្ឌិត​ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺ «លែងឱ្យខេត្ត​កំពង់ធំ ជាកន្លែងទៅហួសមកហួស និងជារបៀងទេសចរណ៍ភ្នំពេញ-កំពង់ធំ-សៀមរាប ឬជាខ្សែ​ច្រវាក់​គោលដៅទេសចរណ៍មួយតាមទិសពីភ្នំពេញ-សំបូរព្រៃគុក-អង្គរ។​

​កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើគម្រោងអាទិភាពចំនួន៤ រួមមាន ១. គម្រោង «លើកកម្ពស់ភាព​ទាក់ទាញ​ទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ» ២. គម្រោង «កែលម្អបទពិសោធ​ទេសចរណ៍ដោយប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថលក្នុងតំបន់ប្រាសាទសំបូរព្រៃគុក (Digital Tourism Experience in Sambor Prei Kuk Area)» ៣. គម្រោងយុទ្ធនាការផ្សព្វផ្សាយឌីជីថល «សំបូរព្រៃគុក៖ ចេនឡាមុនសម័យអង្គរ (Sambor Prei Kuk: Pre-Angkorian Chenla)» និង៤. គម្រោងពង្រឹងគុណ​ភាព​សេវាកម្មទេសចរណ៍ ក្រោមយុទ្ធនាការ “ទីក្រុងស្អាត ភូមិស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ បដិសណ្ឋារកិច្ចល្អ”។

ក្នុងនោះ គម្រោង «លើកកម្ពស់ភាពទាក់ទាញ​ទេសចរណ៍តំបន់ប្រាសាទ​សំបូរព្រៃគុក និងតំបន់ជុំវិញ» ត្រូវបានបែងចែកជាអនុគម្រោងចំនួន៣ រួមមាន ទី១.លើកកម្ពស់​ភាពទាក់ទាញទេសចរណ៍​ក្នុងសហគមន៍​ទេសចរណ៍សំបូរព្រៃគុក ទី២. លើកកម្ពស់​ភាពទាក់ទាញ​ទេសចរណ៍ក្នុង​រមណីយដ្ឋានវប្បធម៌ប្រាសាទសំបូរព្រៃគុក និងទី៣. ការកែលម្អបឹង​ប្រាំងជា​គោល​ដៅ​សម្រាក​លម្ហែ​​កម្សាន្ត (Wellness Tourism)។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យក្រុមការងារធ្វើការសហការជាមួយ​ក្រុមប្រឹក្សា​ភិបាលសិក្សា​ទីផ្សារ និងផ្សព្វ​ផ្សាយទេសចរណ៍កម្ពុជា(CTB) និងក្រុមការងារបរិវត្តកម្មឌីជីថល​នៃក្រសួង​ទេសចរណ៍ ដើម្បីបន្តរៀបចំឱ្យមានប្រសិទ្ធ​ភាពនូវ គម្រោងកែលម្អបទពិសោធ​ទេសចរណ៍​ដោយប្រើប្រាស់​បច្ចេកវិទ្យាឌីជីថលក្នុងតំបន់ប្រាសាទសំបូរព្រៃគុក (Digital Tourism Experience in Sambor Prei Kuk Area) និងគម្រោងយុទ្ធនាការផ្សព្វផ្សាយ​ឌីជីថល «សំបូរព្រៃគុក៖ចេនឡាមុនសម័យអង្គរ (Sambor Prei Kuk: Pre-Angkorian Chenla)» ដោយមាន​កិច្ចសហការ និងការ​គាំទ្រ​​ផងដែរពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអាជ្ញាធរជាតិសំបូរព្រៃគុក។

ចំពោះគោលដៅកែលម្អដូចជា ផ្សារសហគមន៍ ផ្ទះស្នាក់​សហគមន៍ ផ្ទះធ្វើនំ វត្តសំបូរ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល កន្លែងលក់សំបុត្រ កន្លែងឆែកសំបុត្រ ផ្លូវជិះកង់ បឹងប្រាំងខាងលិច និងបឹងប្រាំងខាងកើត ត្រូវផ្ដោតលើ​សោភណភាព ការរៀបចំសួន ឈើដាំ កន្លែងចំណត ព្រមទាំងអនាម័យ ឱ្យក្លាយជាកញ្ចប់តែមួយ ឬប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងមានប្រសិទ្ធផលខ្ពស់ និងភ្ជាប់ជាមួយការតំបន់ទេសចរណ៍ក្រុងស្ទឹងសែន ដែលរដ្ឋបាលខេត្តកំពង់​ធំកំពុងរៀបចំនិងអភិវឌ្ឍន៍។

​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានស្នើឱ្យអាជ្ញាធរជាតិសំបូរព្រៃគុក និងរដ្ឋបាលខេត្ត​កំពង់ធំ គិតគូររៀបចំមជ្ឈមណ្ឌលព័ត៌មាន(Information Center) ឱ្យទៅជា សារមន្ទីរសំបូរព្រៃគុក៖ចេនឡាមុនសម័យអង្គរ ដែលបង្ហាញពីប្រវត្តិសំខាន់ៗទាក់ទងនឹង​ប្រវត្តិសាស្ត្រ​ចេនឡានិងប្រាសាទ ក៏ដូចជា​​តំបន់ជុំវិញ ព្រមទាំង​ការតាំងនិងលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ។

ទន្ទឹមនេះ ត្រូវយក​ចិត្ត​ទុកដាក់ខ្ពស់លើការពង្រឹង​សន្តិសុខ សណ្ដាប់​ធ្នាប់ និងអនាម័យឱ្យបានល្អ ព្រមទាំងបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បីកសាង​មូលដ្ឋាននៃភាពទាក់ទាញទេស​ចរណ៍ដោយផ្ដោតសំខាន់លើ ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី និងប្រព័ន្ធ​អ៊ីនធឺណិត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាប្រាសាទសំបូរព្រៃគុកកាន់តែច្រើន ក្នុងគោលដៅរួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និង​សហគមន៍ ប្រកបដោយបរិយាបន្ន និងចីរភាព។

​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានណែនាំបន្ថែមដល់ក្រុមការងារ​ពីការរៀបចំយន្តការប្រតិបត្តិ​ដើម្បី​អនុវត្តគម្រោងខាងលើ និងការរៀបចំនូវផែនការសកម្មភាព តាមរយៈយុទ្ធសាស្រ្តស្នូល៖ អន្ទាក់ពេលវេលា (The Time Trap Strategy) ដែលមានកម្មវិធី​និងសកម្មភាពដ៏ទាក់ទាញ ដើម្បីប្រែក្លាយខេត្តកំពង់ធំពីគ្រាន់តែជា «ចំណតឆ្លងកាត់ (Stopover)» ដែលភ្ញៀវចំណាយពេល​​ត្រឹមតែ ១ម៉ោងទៅ៣ម៉ោង ឱ្យទៅជា «គោលដៅស្នាក់នៅ ឱ្យបានយ៉ាងតិច ១យប់បន្ថែម» ស្របតាម «ផែនការ​អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ ២០២៦-២០៣០»។

លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ រួមជាមួយរដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់​ បានសម្រេចនូវវឌ្ឍនភាព​និងសមិទ្ធផលជាច្រើន ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តកំពង់ធំ ការទាក់ទាញ​វិនិយោគិន ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការស្វែងរកទីផ្សារពាណិជ្ជកម្ម ការលើកម្ពស់​កសិកម្ម និងកសិ-ឧស្សាហកម្ម ការរៀបចំកម្មវិធីបណ្តុះបណ្តាលផ្សេងៗ និងការដោះស្រាយ​បញ្ហាប្រឈមសំខាន់ៗពាក់ព័ន្ធ​នឹងជីវភាព​របស់ប្រជាជន ជាពិសេសនាពេល​ថ្មីៗកន្លងមកនេះ​ក៏បានរៀបចំប្រព័ន្ធអិនធឺណិត អគ្គិសនី និងផ្លូវថ្នល់​​ ក្នុងតំបន់ប្រាសាទសំបូរព្រៃ​គុកផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម