Connect with us

ព័ត៌មានជាតិ

ពលរដ្ឋភៀសសឹកអះអាង​ថា នឹង​បន្តការងារ​ធ្វើកសិកម្មវិញ ក្រោយវិល​ទៅ​ដល់ភូមិ​កំណើត

បានផុស

នៅ

ក្រោយស្ថានភាពតាមព្រំដែនមានភាព​ធូរស្រាលប្រជាកសិករនៅស្រុកសំពៅលូន ក្នុង​ខេត្ត​បាត់ដំបង​ដែលបានភៀស​សឹក មួយចំនួនចាប់ផ្តើម​​វិលត្រឡប់ទៅស្រុកកំណើតវិញ។

ក្នុងដំណើរដឹកជញ្ជូនសម្ភារ:គ្រួសារ​ត្រឡប់ទៅ​ស្រុកកំណើត​វិញ​ លោក ចាប ហាន អាយុ ៥៥ ឆ្នាំ ជាជនភៀសសឹកមកពីស្រុក​​សំពៅលូន ស្នាក់នៅវត្តខ្នាចរមាសរយៈពេល ២២ ថ្ងៃកន្លងទៅបានថ្លែងថា ពេលដែលលោកទៅដល់លំនៅដ្ឋាន​វិញ អ្វីដែលលោកគិ​តធ្វើមុនគេ​នោះ គឺបន្ត​មុខរបរកសិកម្មដើម្បីរកចំណូល​ស្តារ​សេដ្ឋកិច្ចគ្រួសារឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកលោក ទិត្យ ចន ជាជនភៀសសឹកមកពីស្រុកសំពៅលូនដូចគ្នា ដែលបានភៀសសឹកមកស្នាក់នៅវត្តខ្នាចរមាស ក្នុងរយៈពេល ១១ ថ្ងៃកន្លងមក ក៏បានសម្តែងអារម្មណ៍ត្រេកអរ និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់លើជនភៀសសឹករបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយមានកន្លែងស្នាក់នៅស្អាត បន្ទប់ទឹកមានអនាម័យ រួមជីវភាពប្រចាំថ្ងៃផង។

លោកបន្តថា ក្រោយវិលដល់លំនៅដ្ឋានវិញ លោកនឹង​ចាប់ផ្តើមឡើងវិញមុខរបរចាស់ គឺផលដំណាំកសិកម្ម ដែលជាដើមទុនសម្រាប់ផ្គត់ផ្គង់លើជីវភាពរស់នៅ ក្រោយចាកចេញពី​ភូមិកំណើត​មួយរយៈដោយសារ​ការ​ចូលទន្រ្ទាន​ពីប្រទេស​ថៃ។

បើតាមមន្ត្រីកសិកម្មខេត្តបាត់ដំបង​ ស្រុកសំពៅលូនជាស្រុកមួយសម្បូរទៅដោយផលកសិកម្ម ខណះប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្មប្រចាំរដូវកាលដូចជា ពោត សណ្តែក ដំឡូងមី ជាដើម។

សម្រាប់លោក ហេង សិទ្ធ មន្រ្តីកសិកម្ម​ខេត្ត​បាត់ដំបង​បាន​បញ្ជាក់ថា លោកមិនបានដឹងច្បាស់អំពីភាគរយនៃចំនួនពលរដ្ឋធ្វើកសិកម្មនៅតាមស្រុកនោះទេ តែបើលោកធ្វើការប៉ាន់ស្មានស្រុកសំពៅលូន អាចមានចំនួនចន្លោះ​ពី​៥០ ទៅ ៦០ ភាគរយ៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម