Connect with us

សន្តិសុខសង្គម

ក្រុមរថយន្តដឹកទំនិញប្រមូលផ្តុំគ្នាតវ៉ានៅមុខស្នាក់ការ​គយ ខេត្តតាកែវ ដោយសារមន្ត្រី​គយ​តម្រូវឲ្យបង់ប្រាក់ក្បាលឡានខ្ពស់ពេក

បានផុស

នៅ

ក្រុមរថយន្តដឹកទំនិញជាច្រើននាក់ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ នេះបានលើកគ្នាបើករថយន្តមកធ្វើការតវ៉ានៅមុខស្នាក់ការគយ ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីស្នើសុំការសម្របសម្រួលលើតម្លៃបង់ប្រាក់ក្បាលឡាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការលើកឡើងរបស់ក្រុមតៃកុងរថយន្តដែលបានចូលរួមក្នុងការតវ៉ានេះ បញ្ជាក់ថា កន្លែងត្រួតពិនិត្យគយនៅចំណុចនេះ តម្រូវឱ្យពួកគេបង់ប្រាក់ចំនួន ៧០,០០០រៀល ក្នុងមួយឡានជាច្រើនខែ ឆ្នាំមកហើយ ហើយក៏មិនបានចេញវិក្កយបត្របញ្ជាក់តម្រូវបង់លើសេវាអ្វីនោះដែរ ដែលធ្វើឱ្យពួកគាត់ពិបាក់នឹងបានប្រាក់ចំណេញ។ ដូច្នេះហើយទើបក្រុមអ្នកបើកបរបានសំណូមពរឱ្យមន្ត្រីគយប្រចាំការនៅទីនោះ បន្ធូរបន្ថយតម្លៃមកត្រឹមតែ ៣០,០០០ រៀល ទៅ ៤០,០០០ រៀលប៉ុណ្ណោះ ដើម្បីឱ្យសមស្របទៅនឹងស្ថានភាពចំណូល និងការចំណាយផ្សេងៗរបស់ពួកគេ។

ក្រោយស្ថានភាពនៅកន្លែងកើតហេតុនៃការតវ៉ានេះ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកដំណើរតាមដងផ្លូវជាតិលេខ២ ទើបមន្ត្រីគយបានសំណូមពរទៅក្រុមតៃកុងរថយន្តចាត់តំណាងខ្លួនទៅសម្របសម្រួលគ្នារកដំណោះស្រាយដែលគួរទទួលយកបានទាំងអស់គ្នា និងបានឱ្យក្រុមរថយន្តរំសាយការប្រមូលផ្តុំ បើករថយន្តទៅផ្ទះវិញរៀងៗខ្លួន រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។

ក្រុមអ្នកដឹកទំនិញបង្ហាញក្តីសង្ឃឹមថា ថ្នាក់ដឹកនាំស្ថាប័នគយ និងអាជ្ញាធរដែលពាក់ព័ន្ធ នឹងជួយដោះស្រាយពួកគាត់ជាក់ជាមិនខាន៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម