Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ ចាប់ផ្តើមបើកការប្រឡងស្នាដៃតែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៦

បានផុស

នៅ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ដល់កវីនិពន្ធ អ្នកនិពន្ធ និងសាធារណជនទាំងអស់ ពីការប្រឡងស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៦។ ការប្រឡងនេះ រៀបចំដើម្បីថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានបទនៃការប្រឡងនេះ គឺសេរី ដោយផ្ទៃរឿងទាំងមូលត្រូវមានលក្ខណៈសមស្រប។ សម្រាប់លក្ខណៈវិនិច្ឆ័យ មាន៣ គឺអត្ថន័យ អត្ថរូប និងអត្ថរស ក្នុងនោះ អត្ថន័យមាន ៣ចំណុច គឺសច្ចធម៌ សីលធម៌ និងគុណធម៌។ អត្ថរូបមាន៣ចំណុច វិធីតែង រចនាបថ និងសីល្ប៍សោភ័ណ។ អត្ថរស មាន៣ចំណុច ដោយបង្ហាញឱ្យឃើញពីការអប់រំ ការអភិវឌ្ឍ និងការរក្សាតម្លៃអត្តសញ្ញាណជាតិ។ការប្រឡង បេក្ខជនម្នាក់ អាចដាក់ស្នាដៃប្រកួត ២ គឺប្រលោមលោកខ្នាតខ្លី១ និងកំណាព្យរឿង១។

លក្ខខណ្ឌសំណេរប្រកួតនេះ គឺបេក្ខជនត្រូវតែដាក់ប្រកួតស្នាដៃថ្មី មិនចម្លងស្នាដៃពីអ្នកដទៃ មិនធ្លាប់ទទួលបានជយលាភី ឬមិនធ្លាប់បោះពុម្ពផ្សាយពីមុន។ ខ្នាតក្រដាសកំណត់យក ១៥ ទៅ៣០ទំព័រ ទំហំ  A4។ អក្សរ វាយដោយកុំព្យូទ័រ Font Khmer OS Siemreap ទំហំ ១២ រីឯ អក្ខរាវិរុទ្ធ គឺយកតាមវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ។

ចំពោះជយលាភី និងរង្វាន់កិត្តិយស លេខ១ ដល់លេខ៣ សម្រាប់ប្រលោមលោកខ្នាតខ្លី ៣រូប និងកំណាព្យរឿង ៣រូប នឹងទទួលបានពាន ១ អមជាមួយទឹកប្រាក់។ រីឯ រង្វាន់កិត្តិយសលេខ ៤ និងលេខ ៥ ប្រលោមលោកខ្នាតខ្លី ២រូប និងកំណាព្យរឿង ២រូប ទទួលបានបណ្ណកិត្តិយស១ អមនឹងទឹកប្រាក់។

សម្រាប់អ្នកនិពន្ធ ឬសាធារណជន មានចំណាប់អារម្មណ៍ចង់ប្រកួតស្នាដៃតែងនិពន្ធ អាចដាក់ស្នាដៃប្រកួតទៅកាន់នាយកដ្ឋានសៀវភៅ និងការអាន ឬផ្ញើតាមតេឡេក្រាម ០១១ ៨៥០ ០៩៤, ០១២ ៨០១ ១២២, ០៧៨ ៦៦៨ ៩៧៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹង ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៥ល្ងាច។

សូមជម្រាបថា ការប្រឡងស្នាដៃតែងនិពន្ធប្រលោមលោកខ្លី និងកំណាព្យរឿងឆ្នាំ២០២៥ មានបេក្ខជនដាក់ស្នាដៃចំនួន៨៧ស្នាដៃ ក្នុងនោះប្រលោមលោកខ្លីចំនួន៦៣ស្នាដៃ និង កំណាព្យរឿងចំនួន២៤ស្នាដៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម